រដ្ឋបាលខេត្តសៀមរាប

Siemreap Administration
ស្វែងរក

សេចក្តីជូនដំណឹងស្ដីពីការបើកចេញ-ចូលឡើងវិញ ភូមិខ្វៀន ភូមិគោកតាចាន់ ផ្សារភូមិភាគ៤ មន្ទីរសម្រាកព្យាបាល ឆាយ លាង អាជីវកម្មដ្ឋាន និងផ្ទះចំនួន១៦ ស្ថិតនៅភូមិសាស្រ្តក្នុងក្រុងសៀមរាប ចាប់ពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១

  • 860
  • ដោយ vannak

រដ្ឋបាលខេត្តសៀមរាប មានកិត្តិយសសូមជម្រាបជូនដល់បងប្អូនប្រជាពលរដ្ឋ និងសាធារណជនមេត្តាជ្រាបថា៖ ចំពោះករណីពាក់ព័ន្ធនឹងអ្នកវិជ្ជមានជំងឺកូវីដ១៩ ឈ្មោះ ពុធ សំអាត និងទាវ សូវៀត (០៨ មេសា ២០២១) ឈ្មោះ ចាប នី (០៩ មេសា ២០២១) រដ្ឋបាលខេត្តសម្រេចបិទទីតាំងមួយចំនួនរួមមាន៖ ភូមិខ្វៀន ភូមិគោកតាចាន់ សង្កាត់គោកចក ផ្សារភូមិភាគ៤ មន្ទីរសម្រាកព្យាបាល ឆាយ លាង ទីតាំងអាជីវកម្មដ្ឋាន និងផ្ទះចំនួន១៦។

ក្រោមការតាមដានយ៉ាងយកចិត្តទុកដាក់របស់ក្រុមការងារជំនាញ បានធ្វើឲ្យករណីនេះបានវិលទៅរកភាពប្រក្រតី និងស្ថិតក្រោមការគ្រប់គ្រង ដូចនេះគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត សម្រេចបើកការចេញ-ចូល ឬដំណើរការឡើងវិញ ភូមិខ្វៀន ភូមិគោកតាចាន់ សង្កាត់គោកចក ផ្សារភូមិភាគ៤ មន្ទីរសម្រាកព្យាបាល ឆាយ លាង និងទីតាំងមួយចំនួន ដូចបានជម្រាបជូនខាងលើ និងបញ្ជីទីតាំងលម្អិត ដែលគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងសៀមរាប នឹងដឹកនាំកងកំលាំង និងសមត្ថកិច្ចពាក់ព័ន្ធចុះអនុវត្តផ្ទាល់។

រដ្ឋបាលខេត្ត សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ និងសាធារណជន មេត្តាយកចិត្តទុកដាក់អនុវត្តនូវវិធានការរបស់ក្រសួងសុខាភិបាល និងអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា គឺ ៣ ការពារ (ត្រូវពាក់ម៉ាស់ ត្រូវលាងដៃជាមួយសាប៊ូ ឬជែល និងត្រូវរក្សាគម្លាតសង្គម) ៣កុំ (កុំចូលទៅកន្លែងបិទជិតគ្មានខ្យល់ចេញ-ចូល កុំទៅកន្លែងមានមនុស្សច្រើនកុះករ និងកុំប៉ះពាល់គ្នា)។

ទទួលបានសេចក្តីជូនដំណឹងនេះ ស្នងការនគរបាលខេត្ត មេបញ្ជាការកងរាជអាវុធហត្ថខេត្ត រដ្ឋបាលក្រុងសៀមរាប ប្រធានមន្ទីរ-អង្គភាពពាក់ព័ន្ធ ចៅសង្កាត់ បងប្អូនប្រជាពលរដ្ឋ និងសាធារណជន មេត្តាជ្រាប និងចូលរួមសហការអនុវត្តសេចក្តីជូនដំណឹងនេះដោយស្មារតីទទួលខុសត្រូវខ្ពស់។

អត្ថបទទាក់ទង