
ថ្លែងក្នុងកិច្ចប្រជុំដល់មានសារៈសំខាន់នេះដែរ លោក នាក់ ណេរ៉ុន អភិបាលរងខេត្តសៀមរាប បានបង្ហើបឲ្យដឹងថា រយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ជម្ងឺកូវីដ-១៩ ត្រូវបានចម្លងចូលមកពីខេត្តខាងក្រៅ ចូលមកក្នុងខេត្តសៀមរាប មានចំនួនកើនឡើងយ៉ាងឆាប់រហ័ស ដែលក្នុងនោះប្រមាណជា៤០% នាំចម្លងមកពីខេត្តព្រះសីហនុ ដែលជាការកត់សម្គាល់ផងដែរ គឺជាការវិលត្រឡប់ចូលស្រុកវិញ នៃប្រជាពលរដ្ឋខេត្តសៀមរាប ដែលកន្លងមក បានចេញទៅប្រកបមុខរបរ ឬទៅធ្វើការងារនៅខេត្តផ្សេងៗនោះ។ លោកបានបន្ថែមទៀតថា បើទោះជាខេត្តសៀមរាប មានមោទនភាពក្នុងការគ្រប់គ្រងស្ថានភាពកូវីដ-១៩ នៅក្នុងដៃយ៉ាងណាក៏ដោយ ក៏ប៉ុន្តែវាក៏កំពុងស្ថិតក្នុងការហ៊ុមព័ទ្ធដោយហានីភ័យយ៉ាងធ្ងន់ធ្ងរ ជាមួយនឹងការព្រួយបារម្ភផងដែរ ដែលទាំងនេះ វាជាហេតុផល នៃការបង្កើតឲ្យមានក្រុមការងារតាមដាន-ត្រូតពិនិត្យ និងតាមដានការវិលត្រឡប់មកវិញ របស់ប្រជាពលរដ្ឋ ក្រោមការគិតគូរទុកជាមុនថា បង្កើនសមត្ថភាពកាត់ផ្តាច់ខ្សែចម្លង វាប្រសើរជាងការប្រមូលកម្លាំងទៅទប់ទល់ ក្នុងពេល និងក្រោយពេល មានការផ្ទុះជម្ងឺកូវីដ-១៩ ក្នុងសហគមន៍។
ក្រុមការងារនេះ មានតួនាទី និងភារកិច្ចដឹកនាំសម្របសម្រួល តាមដាន ត្រួតពិនិត្យ និងអនុវត្តវិធានការនៃសេចក្ដីសម្រេច ចាត់វិធានការអនុវត្តតាមវិធានសុខាភិបាល និងវិធានការរដ្ឋបាល ស្របតាមនីតិវិធីច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានាជាធរមាន សហការជាមួយអាជ្ញាធរមូលដ្ឋាន និងមន្ទីរ-អង្គភាពពាក់ព័ន្ធក្នុងការអនុវត្តភារកិច្ច និងមានសិទ្ធិប្រើប្រាស់មន្ត្រីក្រោមឳវាទតាមការចាំបាច់ ដើម្បីបំពេញបេសកកម្ម និងភារកិច្ចរបស់ខ្លួន តាមការប្រគល់ជូនរបស់ប្រធានក្រុមការងារ។
មន្ទីរ អង្គភាពនានាជុំវិញខេត្ត ត្រូវអនុវត្តការតាមដាន ត្រួតពិនិត្យ និងសហការជាមួយរដ្ឋបាលក្រុង-ស្រុក ពិសេសអាជ្ញាធរមូលដ្ឋានភូមិ-សង្កាត់ ក្នុងភូមិសាស្ត្រក្រុងសៀមរាប និងកម្លាំងសមត្ថកិច្ចពាក់ព័ន្ធ ចាត់វិធានការ អនុវត្តតាមវិធានសុខាភិបាល ចំពោះប្រជាពលរដ្ឋដែលវិលត្រឡប់ មកក្នុងភូមិសាស្ត្រក្រុងសៀមរាប ឲ្យមានប្រសិទ្ធភាព និងទទួលខុសត្រូវខ្ពស់។
ទោះបីជាយ៉ាងណាក៏ដោយ ជាគោលការណ៍នៃកិច្ចប្រជុំនេះ អ្នកដំណើរចូលក្នុងក្រុងសៀមរាប ត្រូវតែទទួលយកកាតព្វកិច្ច ធ្វើចត្តាឡីស័ក១៤ថ្ងៃ ក៏ប៉ុន្តែនិងអាចមានករណីខ្លះ ស្ថិតក្នុងការពិចារណាត្រួតពិនិត្យ ដោយផ្អែកលើភាពសំខាន់និងចាំបាច់នៃបេសកកម្មអ្នកដំណើរ ដោយភ្ជាប់ជាមួយនូវលិខិតបញ្ជាក់សុខភាព និងមានការធានាខុសត្រូវ ដោយស្ថាប័នសាម៉ី ច្បាស់ ប្រាកដ មានសុវត្ថិភាព មិនបង្ករឲ្យមានការចម្លងកូវីដ-១៩៕