
លោក នង វុត្ថា នាយកប្រចាំការកម្ពុជា ក៏ដូចតំណាងសប្បុរសជន ក៏បានគូសបញ្ជាក់ថា ក្នុងពេលវេលានេះ យើងត្រូវតែចាំបាច់ចូលរួមជាមួយរាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ក្នុងពេលដែលប្រជាពលរដ្ឋបានកំពុងជួបនូវវិបត្តិជម្ងឺកូវិដ សំខាន់បងប្អូនប្រជាពលរដ្ឋនៅខេត្តសៀមរាប នៅតាមបណ្តាក្រុង ស្រុក មួយចំនួន បានទទួលរងគ្រោះធ្វើឲ្យប៉ះពាល់នូវជម្ងឺដ៏កាចសាហាវនេះ ។
លោក ពិន ប្រាកដ ក៏បានធ្វើការថ្លែងអំណរគុណដល់ទឹកចិត្តដ៏សប្បុរសធម៌របស់អង្គការ យូនីស្កូ (UNESCO) ហាងប្តូរប្រាក់ ហ៊ុយ គាំង និង ក្រុមហ៊ុនបញ្ចាំ វីតា ឃែស ដែលបានផ្តល់ជូននូវសម្ភារៈបម្រើការក្នុងការប្រយុទ្ធប្រឆាំងបង្កា ទប់ស្កាត់ជម្ងឺកូវិដ១៩ ដល់រដ្ឋបាលខេត្តសៀមរាប ។ លោកក៏បានជម្រាបជូនផងដែរថា ក្នុងករណីដែលកម្ពុជាយើង បានកំពុងជួបនូវវិបត្តិជំងឺកូវីដ-១៩នេះ អាជ្ញាធរខេត្តបានផ្តល់នូវសម្ភារៈ ឧបករណ៍ ប្រើប្រាស់ជូនទៅតាមបណ្តាក្រុង ស្រុក រួមទាំងគ្រឿងឧបភោគបរិភោគ ក្នុងការផ្គត់ផ្គង់ដល់បងប្អូនដែលបានវិលមកពីក្រៅប្រទេស និង រាជធានី ខេត្ត ដែលជួបនូវហានីភ័យខ្ពស់នៃជំងឺកូវីដ១៩ ដែលកំពុងធ្វើចត្តាឡីស័កនៅតាមមណ្ឌល ក្រុង ស្រុក ។
លោក អភិបាលរងខេត្តក៏បានបញ្ជាក់ផងដែរថា ករណី អ្នកជំងឺកូវីដម្នាក់ស្លាប់នោះ ដោយបុគ្គលរូបនោះមានជម្ងឺរាំរ៉ៃ ដោយជម្ងឺខូចក្រលៀនមកពីខេត្តកំពង់ធំ តែទោះខេត្តសៀមរាប មានមោទនភាពក្នុងការគ្រប់គ្រងស្ថានភាពកូវីដ-១៩នៅក្នុងដៃយ៉ាងណាក៏ដោយ ក៏ប៉ុន្តែវាក៏កំពុងស្ថិតក្នុងការហ៊ុមព័ទ្ធដោយហានិភ័យយ៉ាងធ្ងន់ធ្ងរ ជាមួយនឹងការព្រួយបារម្ភផងដែរ ក្រោមការគិតគូរទុកជាមុនថា បង្កើនសមត្ថភាពកាត់ផ្តាច់ខ្សែចម្លង វាប្រសើរជាងការប្រមូលកម្លាំងទៅទប់ទល់ ក្នុងពេល និង ក្រោយពេល មានការ ផ្ទុះជម្ងឺកូវីដ-១៩ ក្នុងសហគមន៍ ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ខេត្តសៀមរាប បានរកឃើញអ្នកមានជម្ងឺកូវីដ-១៩ សរុបចំនួន៤៦នាក់ ព្យាបាលបានជាសះស្បើយចំនួន ១៥នាក់ ស្លាប់ ១នាក់ និងកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យបង្អែកខេត្តចំនួន ៣០នាក់ ។
ជាមួយគ្នានេះលោកក៏បានសំណូមពរ ដល់សហព័ន្ធជាតិនៃសមាគមយូនីស្គូជប៉ុនប្រចាំនៅកម្ពុជា ហាងប្តូរប្រាក់ ហ៊ុយ គាំង និង ក្រុមហ៊ុនបញ្ចាំ វីតា ឃែស ក៏ដូចសប្បុរសជន បន្តនូវប្រពៃណីវប្បធម៌ចែករំលែកនេះ ទៅតាមបណ្តាក្រុង ស្រុក ទៀតផងដែរ ។ ក្នុងនោះដែរលោក ពិន ប្រាកដ ក៏បានធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សំខាន់នៅខេត្តសៀមរាប សូមបងប្អូនត្រូវចូលរួមអនុវត្តវិធានការណ៍របស់ រាជរដ្ឋាភិបាល ៣កុំ ៣ការពារ និង២ចូលរួម ឲ្យមានប្រសិទ្ធភាពខ្ពស់បំផុត និង សូមបន្តប្រកាន់នូវវិធានសុខាភិបាល ឲ្យបានខ្ជាប់ខ្ជួនទៀតផង។
អំណោយទាំងនោះរួមមាន ៖
-សហព័ន្ធជាតិនៃសមាគមយូនីស្គូជប៉ុនប្រចាំនៅកម្ពុជាបាននាំយកអំណោយ ជាសម្ភារៈ និង គ្រឿងឧបភោគបរិភោគ មាន ម៉ាស់ ១៥០ប្រអប់ ,អាល់កុល ១២០លីត្រ , អង្ករ ៣០០គក្រ , មី ៣០កេសតូច ទឹកសុទ្ធ ៣០កេស។
-ហាងប្តូរប្រាក់ ហ៊ុយ គាំង មាន ត្រីខ ១០កេស , មី ៥០កេសតូច , ទឹកសុទ្ធ ២៥កេស ,អង្ករ ១តោន និង វ៉េនតារបាំមុខ ៥០ និង
-ក្រុមហ៊ុនបញ្ចាំ វីតា ឃែស មាន អង្ករ ៥០០គក្រ ,មី ៥០កេសតូច , ត្រីខ ១០កេស , ទឹកសុទ្ធ ២០កេស , ម៉ាស់ ១កេស , អាល់កុល ១កាន៕