
ក្រោយការពិភាក្សាលើប្រព័ន្ធចុះឈ្មោះជំនាន់ថ្មីនេះ ឯកឧត្តម អភិបាលខេត្ត បានគូសបញ្ជាក់ថា ប្រព័ន្ធថ្មីនេះ នឹងជួយកាត់បន្ថយការកកស្ទះនៅចំណុចព្រំប្រទល់ ដោយអ្នកដំណើរដែលធ្វើដំណើរចូលភូមិសាស្ត្រខេត្តសៀមរាប អាចចុះឈ្មោះដោយខ្លួនឯងបាន តាមរយៈប្រព័ន្ធចុះឈ្មោះជំនាន់ទី២នេះ។ សូមបញ្ជាក់ថាកន្លងមកប្រព័ន្ធចុះឈ្មោះជំនាន់ទី១ គឺអ្នកដំណើរទាំងអស់ត្រូវចុះមកផ្តល់ព័ត៌មានដល់ក្រុមការងារ ហើយក្រុមការងារវាយបញ្ជូន។ ប្រព័ន្ធគ្រប់គ្រងអ្នកដំណើរចូលក្នុងភូមិសាស្ត្រខេត្តសៀមរាប គឺបានរួមចំណែកយ៉ាងសំខាន់ដល់ក្រុមការងារស្រាវជ្រាវ ក្នុងការកំណត់មុខសញ្ញាអ្នកពាក់ព័ន្ធដោយផ្ទាល់ និងដោយប្រយោល ដែលជាអ្នករួមដំណើរក្នុងរថយន្តតែមួយ ពិសេសក្នុងរថយន្តឈ្នួល និងរថយន្តក្រុង។
បន្ថែមើលសនេះ ឯកឧត្តម ទៀ សីហា អភិបាលខេត្ត ពិភាក្សាពីការផ្ទុះជំងឺកូវីដ-១៩ នៅស្រុកសូទ្រនិគម និងស្រុកជីក្រែង ដែលជាករណីមានការព្រួយបារម្ភបំផុត ហើយឯកឧត្តម អភិបាលខេត្តក៏បានដាក់ចេញនូវផែនការឲ្យក្រុមការងារបន្តស្រាវជ្រាវរកអ្នកពាក់ព័ន្ធ ពង្រឹងការធ្វើចត្តាឡីស័កតាមផ្ទះ ព្រមទាំងអំពាវនាវផងដែរ សូមឲ្យប្រជាពលរដ្ឋដែលរស់នៅ ឬពាក់ព័ន្ធ ឬឆ្លងកាត់តំបន់នោះ មានការប្រុងប្រយ័ត្នខ្ពស់ និងអនុវត្តតាមវិធានការសុខាភិបាល និងវិធានការនានាដែលរដ្ឋបាលខេត្តបានដាក់ចេញ។
ឯកឧត្តម បានបញ្ជាក់ថាដោយសារស្ថានភាពកូវីដ-១៩ ក្នុងខេត្តសៀមរាប មានការកើនឡើងរយៈពេលប៉ុន្មានថ្ងៃនេះ សូមបងប្អូនប្រជាពលរដ្ឋតាមបណ្តាក្រុង-ស្រុកទាំង១២ និងភ្ញៀវទេសចរដែលមកលេងកម្សាន្តក្នុងខេត្តសៀមរាប មេត្តាចូលរួមគោរពតាមវិធានការរបស់រដ្ឋបាលខេត្តសៀមរាប ជាពិសេសអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការ ៣ការពារ, ៣ កុំ ចូលរួម ស្កែន QR Code ដោយតម្រូវត្រូវពាក់ម៉ាស រក្សាគម្លាត គ្រប់ពេលវេលា គ្រប់ទីកន្លែងឲ្យបានខ្ជាប់ខ្ជួន និងចូលរួមស្ម័គ្រចិត្តយកសំណាក ក្នុងករណីបងប្អូនទើបតែមក ឬពាក់ព័ន្ធនឹងកន្លែងដែលមានហានិភ័យ ដែលក្រសួងសុខាភិបាល បានប្រកាសកន្លងមកទាំងអស់គ្នា ដើម្បីធានាដល់ប្រសិទ្ធភាពនៃការគ្រប់គ្រងការរីករាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងខេត្តសៀមរាប និងទប់ស្កាត់ជំងឺនេះមិនឲ្យមានឆ្លងរីករាលដាលបន្តទៅទៀត៕