រដ្ឋបាលខេត្តសៀមរាប

Siemreap Administration
ស្វែងរក

វគ្គបណ្តុះបណ្តាលការងារអត្រានុកូលដ្ឋានស្របតាមច្បាប់ ស្តីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម និងលិខិតបទដ្ឋានគតិយុត្តក្រោមច្បាប់ដល់មន្រ្តីអត្រានុកូលដ្ឋាន ឃុំ សង្កាត់ ស្មៀនឃុំ សង្កាត់ មន្ត្រីទទួលបន្ទុកការងារអត្រានុកូលដ្ឋានថ្នាក់ខេត្ត ក្រុង ស្រុក

  • 16
  • ដោយ vannak

ថ្ងៃព្រហស្បតិ៍ ៦រោច ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ដែលត្រូវនឹងថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤ លោក លី សារី អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តសៀមរាប និងឯកឧត្តម សុខ ចំរើន អគ្គនាយករង តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឧត្តមសេនីយ៍ ឯកបណ្ឌិត តុប នេត អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ បានចូលជាអធិបតីភាព ក្នុងវគ្គបណ្តុះបណ្តាលការងារអត្រានុកូលដ្ឋានស្របតាមច្បាប់ ស្តីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម និងលិខិតបទដ្ឋានគតិយុត្តក្រោមច្បាប់ដល់មន្រ្តីអត្រានុកូលដ្ឋាន ឃុំ សង្កាត់ ស្មៀនឃុំ សង្កាត់ មន្ត្រីទទួលបន្ទុកការងារអត្រានុកូលដ្ឋានថ្នាក់ខេត្ត ក្រុង ស្រុក ដោយមានការចូលរួមពីលោកតំណាងប្រធានសាលាដំបូងខេត្តសៀមរាប លោកនាយករងរដ្ឋបាលសាលាខេត្ត លោក លោកស្រី ប្រធានអង្គការ UNHCR Natthanicha Lephilibert, Assistant statelessness officer, UNHCR លោក លោកស្រី តំណាងមន្ទីរ អង្គភាពពាក់ព័ន្ធ លោក លោកស្រី អភិបាល អភិបាលរង អធិការ អធិការងនគរបាលក្រុង ស្រុក មេឃុំ ចៅសង្កាត់ ស្មៀន មន្ត្រីទទួលបន្ទុកការងារអត្រានុកូលដ្ឋានថ្នាក់ខេត្ត ក្រុង ស្រុក និងអ្នកពាក់ព័ន្ធ លោក លោកស្រី សមាជិក សមាជិកា និងប្រតិភូអមដំណើរអគ្គនាយករង។

លោក លី សារី អភិបាលរងខេត្ត ប្រសាសន៍ថា ការផ្តល់សេវានៃការចុះបញ្ជីអត្រានុកូលដ្ឋានជូនប្រជាពលរដ្ឋ ឱ្យបានទាន់ពេលវេលា និងត្រឹមត្រូវទៅតាមនីតិវិធី គឺជាការចាំបាច់ និងតម្រូវឱ្យមានការទទួលខុសត្រូវខ្ពស់ ចៀសវាងការមានកំហុសបច្ចេកទេស ឬការអាក់ខានណាមួយក្នុងការផ្តល់ជូនប្រជាពលរដ្ឋ។ ពីព្រោះដូចយើងទាំងអស់គ្នាបានដឹងច្បាស់ហើយថា សំបុត្រអត្រានុកូលដ្ឋាន មានសារៈសំខាន់កម្រិតណាសម្រាប់ យើងម្នាក់ៗ ពិសេសបងប្អូនប្រជាពលរដ្ឋគ្រប់រូប ដែលនេះគឺជាអត្តសញ្ញាណសម្គាល់ខ្លួនម្នាក់ៗ។ ការចុះសំបុត្រ អត្រានុកូលដ្ឋាន នេះធ្វើឱ្យបុគ្គលម្នាក់ៗទទួលបានសិទ្ធិសេដ្ឋកិច្ច សង្គម នយោបាយ និងករណីយកិច្ចនានា រួមមានសិទ្ធិក្នុងការបោះឆ្នោតនិងឈរឈ្មោះបោះឆ្នោត សិទ្ធិទទួលបានការអប់រំ និងការងារ សិទ្ធិទទួលបានយុត្តិធម៌ និងការជំនុំជម្រះក្ដីដោយយុត្តិធម៌ និងសិទ្ធិកាន់កាប់ កម្មសិទ្ធិ។ ជាឧទាហរណ៍ ដើម្បីអាចធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬលិខិតឆ្លងដែនបាន ទាល់តែមានសំបុត្រអត្រានុកូលដ្ឋាននេះ។ ជាក់ស្តែងដូចក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានកំណត់យកការចុះបញ្ជីដីធ្លី ជូនប្រជាពលរដ្ឋជាការងារអាទិភាព និងត្រូវអនុវត្តឱ្យបានចប់សព្វគ្រប់ទូទាំងខេត្តនៅឆ្នាំ២០២៥ ក្នុងគោលបំណងអភិវឌ្ឍន៍សេដ្ឋកិច្ចគ្រួសារ និងសង្គមជាតិ ដើម្បីពង្រឹងការធានាកម្មសិទ្ធិលើដីធ្លី ពង្រឹងសុវត្ថិភាព នៃការកាន់កាប់ដីធ្លី និងភាពសុខដុមរមនាក្នុងសង្គម កាត់បន្ថយភាពក្រីក្រ។ ក្នុងន័យនេះ ការចុះបញ្ជីដីធ្លី តម្រូវឱ្យប្រជាពលរដ្ឋរៀបចំឯកសារភ្ជាប់មកជាមួយដូចជា ៖ ការធ្វើនីត្យានុកូលកម្មលើឯកសារបញ្ជាក់ អត្តសញ្ញាណ និងសេចក្តីចម្លងសំបុត្រអត្រានុកូលដ្ឋានផងដែរ។ ក្នុងនោះសារៈប្រយោជន៍អត្រានុកូលដា្ឋន ជាសេវាមូលដ្ឋានរបស់រដ្ឋដែលផ្ដល់ប្រយោជន៍ចំពោះប្រជាពលរដ្ឋផង និងចំពោះសង្គមជាតិផង អត្រានុកូលដ្ឋានជាកត្តាមួយ ចូលរួមចំណែកក្នុងការអភិវឌ្ឍវិស័យសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីសង្គមមានភាពសុខសាន្ត និងសុវត្ថិភាពដ៏រឹងមាំ។

លោកអភិបាលរងបានបញ្ជាក់ទៀតថា ក្នុងនាមរដ្ឋបាលថ្នាក់ក្រោមជាតិ លោកសូមធ្វើការគាំទ្រ និងសាទរចំពោះការរៀបចំ «វគ្គបណ្តុះបណ្តាលការងារអត្រានុកូលដ្ឋានស្របតាមច្បាប់ ស្តីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម និងលិខិតបទដ្ឋានគតិយុត្តក្រោមច្បាប់ ដល់មន្រ្តីអត្រានុកូលដ្ឋានឃុំ សង្កាត់ ស្មៀនឃុំ សង្កាត់ មន្ត្រីទទួលបន្ទុកការងារអត្រានុកូលដ្ឋានថ្នាក់ខេត្ត ក្រុង ស្រុក និងអ្នកពាក់ព័ន្ធ» ពិតជាមានសារៈសំខាន់ណាស់ ដល់អ្នកអនុវត្តការងារអត្រានុកូលដ្ឋានផ្ទាល់ ដើម្បីពង្រឹងសមត្ថភាព បន្ថែមទៀតដល់មន្ត្រីអត្រានុកូលដ្ឋាន ក៏ដូចជាអ្នកពាក់ព័ន្ធ នឹងការងារអត្រានុកូលដ្ឋានក្រុង ស្រុក ជាពិសេសមេឃុំ ចៅ សង្កាត់ និងស្មៀនឃុំ សង្កាត់ ត្រូវបន្តខិតខំយកចិត្តទុកដាក់ក្នុងការអនុវត្តការងារអត្រានុកូលដ្ឋានឱ្យបានល្អប្រសើរ ជំរុញការចុះបញ្ជីអត្រានុកូលដ្ឋាន ជូនប្រជាពលរដ្ឋឱ្យបានត្រឹមត្រូវស្របតាមបទដ្ឋាន គតិយុត្ត មួយចំនួនពាក់ព័ន្ធ និងសេចក្តីណែនាំ ស្តីពីអត្រានុកូលដ្ឋាន ដើម្បីឱ្យការអនុវត្តច្បាប់ដ៏សំខាន់ មួយនេះកាន់តែមានប្រសិទ្ធភាពបន្ទាប់ពី ច្បាប់ថ្មីចូលជាធរមាន កាលពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៤ ។

អត្ថបទទាក់ទង