រដ្ឋបាលខេត្តសៀមរាប

Siemreap Administration
ស្វែងរក

កិច្ចប្រជុំផ្សព្វផ្សាយសេចក្តីណែនាំលេខ ០០៦ សណន ស្តីពីបែបបទ នីតិវិធីនៃការកែសម្រូវទិន្នន័យ និងមោឃភាព បញ្ជីអត្រានុកូលដ្ឋាន

  • 20
  • ដោយ vannak

ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤ រដ្ឋបាលខេត្តសៀមរាបបានរៀបចំផ្សព្វផ្សាយច្បាប់អត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាននិងអត្តសញ្ញាណកម្ម តាមសេចក្តីណែនាំលេខ០០៦ សណន ស្តីពីបែបបទនីតិវិធីកែតម្រូវនិងមោឃភាពបញ្ជីអត្រានុកូលដ្ឋាន ជូនដល់អ្នកអនុវត្តលោកអភិបាលរងក្រុង ស្រុកនិងប្រធានរដ្ឋបាលហិរញ្ញវត្ថុក្រុង ស្រុកទាំង១៣ ក្នុងខេត្តសៀមរាប ក្រោមការដឹកនាំដោយឯកឧត្តម អេង ច័ន្ទតារា អគ្គនាយករង និងជាប្រធាននាយកដ្ឋានអត្រានុកូលដ្ឋាន និងលោក លី សារី អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តសៀមរាប ដោយមានការចូលរួមពីប្រតិភូមអមដំណើរប្រធាននាយកដ្ឋានអត្រានុកូលដ្ឋានលោក លោកស្រី តំណាងអភិបាលក្រុង ស្រុក ទទួលបន្ទុកការងារអត្រានុកូលដ្ឋាន លោក លោកស្រី នាយក នាយករងទីចាត់ការចំណុះសាលាខេត្ត លោកប្រធានការិយាល័យប្រជាពលរដ្ឋខេត្ត និងមន្ត្រីជំនាញទទួលបន្ទុកពាក្យបណ្តឹងកែតម្រូវទិន្នន័យ និងមោឃភាពក្រុង ស្រុក។

លោក លី សារី អភិបាលរងខេត្ត បានជំរុញដល់អាជ្ញាធរមូលដ្ឋានគ្រប់ជាន់ថ្នាក់ និងអ្នកពាក់ព័ន្ធ ពិសេសមន្ត្រីជំនាញត្រូវផ្សព្វផ្សាយឱ្យប្រជាពលរដ្ឋយល់ពីសារៈប្រយោជន៍នៃអត្រានុកូលដ្ឋានឱ្យច្បាស់ ថាសំបុត្រអត្រានុកូលដ្ឋានទាំងអស់មានសារៈសំខាន់កម្រិតណាសម្រាប់យើងម្នាក់ៗ ដើម្បីបង្កលក្ខណៈងាយស្រួលក្នុងការអនុវត្តការងារឱ្យមានប្រសិទ្ធភាព ទាន់ពេលវេលា ជូនប្រជាពលរដ្ឋកាត់បន្ថយបាតុភាពនានាជាយថាហេតុ។ លោកបានបន្តថាអាជ្ញាធរមូលដ្ឋានត្រូវបន្តយកចិត្តទុកដាក់ក្នុងការអនុវត្តការងារ ជំរុញការចុះបញ្ជីអត្រានុកូលដ្ឋានជូនប្រជាពលរដ្ឋឱ្យបានត្រឹមត្រូវ ស្របតាមបទដ្ឋាន គតិយុត្តពាក់ព័ន្ធ និងសេចក្តីណែនាំស្តីពីអត្រានុកូលដ្ឋាន ដើម្បីឱ្យការអនុវត្តច្បាប់ដ៏សំខាន់មួយនេះកាន់តែមានប្រសិទ្ធភាព។

ឯកឧត្តម អេង ច័ន្ទតារា អគ្គនាយករង និងជាប្រធាននាយកដ្ឋានអត្រានុកូលដ្ឋាន ក៏បានណែនាំអោយក្រុមការងារខេត្ត និងក្រុមការងារក្រុង ស្រុកទាំអស់ ខិតខំយកចិត្តទុកដាក់បម្រើសេវាកែតម្រូវ និងមោឃភាពនេះអោយឆាប់រហ័សជូនប្រជាពលរដ្ឋ និងសន្យាបំពាក់ប្រព័ន្ធកែតម្រូវ និងមោឃភាពក្នុងឆ្នាំ២០២៥ នៅត្រីមាសទី១ ហើយបានកើតសរសើរដល់មន្រ្តីអត្រានុកូលដ្ឋានថ្នាក់ខេត្តបានផ្តល់របាយការណ៏ទាន់ពេលវេលាជាងខេត្តដ៏ទៃទៀតផង។ ឯកឧត្តម បានជំរុញដល់អាជ្ញាធរគ្រប់ជាន់ថ្នាក់ ជំរុញការផ្សព្វផ្សាយព័ត៌មាន និងណែនាំឱ្យប្រជាពលរដ្ឋទៅចុះឈ្មោះក្នុងបញ្ជីអត្រានុកូលដ្ឋាននៅឃុំ សង្កាត់ ជួយសម្រួល និងផ្ទៀងផ្ទាត់ឈ្មោះ និងថ្ងៃខែឆ្នាំកំណើត មុននឹងចេញឯកសារអត្រានុកូលដ្ឋានឱ្យគាត់ប្រើប្រាស់ ដើម្បីកាត់បន្ថយនូវកំហុសឆ្គងផ្សេងៗ៕

អត្ថបទទាក់ទង