
តាមការបញ្ជាក់របស់ ឯកឧត្តម ប៉ៃ សំបូរ អគ្គលេខាធិការវេទិកាសម្ព័ន្ធសង្គមស៊ីវិល បានឲ្យដឹងថា ក្នុងការប្រយុទ្ធ ប្រឆាំងទប់ស្កាត់នៃជំងឺកូវីដ-១៩ ក្រុមការងារវេទិកាសម្ព័ន្ធសង្គមស៊ីវិល បានចុះធ្វើការបាញ់ថ្នាំសម្លាប់មេរោគនៅតាមរាជ ធានី ខេត្ត ក្រុង ហើយពេលនេះ បាននាំមកនូវឧបករណ៍តេស្តរហ័ស មកជូនដល់រដ្ឋបាលខេត្តសៀមរាប និង ខេត្តឧត្តរមាន ជ័យ និង អង្គការអ្នកត្រួសត្រាយនៃកម្ពុជា ប្រចាំខេត្តសៀមរាប ដើមី្បយកទៅប្រើប្រាស់ក្នុងពេលបំពេញបេសកកម្មរបស់ ខ្លួននៅតាមមូលដ្ឋាន ។
ក្នុងនាម ឯកឧត្តម ទៀ សីហា អភិបាលខេត្ត លោក ពិន ប្រាកដ បានថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅ ចំពោះ វេទិកាសម្ព័ន្ធសង្គមស៊ីវិល នៃទីស្តីការគណៈរដ្ឋមន្ត្រី ក្នុងការចូលរួមប្រយុទ្ធប្រឆាំងកូវីដ-១៩ ដោយបានបញ្ចុះក្រុមការងារ មកធ្វើការបាញ់ថ្នាំសម្លាប់មេរោគ នៅតាមទីប្រជុំជន សាលារៀន ក្នុងក្រុងសៀមរាប។ លោកក៏បានលើកផងដែរ អំពីស្ថានភាពនៃការឆ្លងជំងឺកូវីដ នៅខេត្តសៀមរាប មកដល់ពេលនេះ មានសភាពធូរស្រាល ពីមួយថ្ងៃទៅមួយថ្ងៃ ដោយបាន ធ្វើការផ្សព្វផ្សាយអប់រំដល់សាធារណៈជន ត្រូវតែបន្តអនុវត្តវិធានការ ៣ការពារ ៣កុំ ដើមី្បរួមគ្នាទទួលខុសត្រូវទប់ស្កាត់ ការចម្លងវីរុសកូវីដ-១៩ ក្នុងសហគមន៍ ។
ក្នុងនាមរដ្ឋបាលខេត្តសៀមរាប សូមថ្លែងអំណរគុណដល់ វេទិកាសម្ព័ន្ធសង្គមស៊ីវិល ដែលបានឧបត្ថម្ភនូវឧបករណ៍ធ្វើតេស្តរហ័ស រកវីរុសកូវីដ-១៩ ដល់រដ្ឋបាលខេត្តសៀមរាប , ខេត្តឧត្តរមានជ័យ និង អង្គការអ្នកត្រួសត្រាយនៃកម្ពុជា ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩។ ម៉្យាងទៀត ក្រោមការយកចិត្តទុកដាក់ ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានផ្តល់នូវវិធានការ ៣កុំ ៣ការពារ និង ធ្វើការផ្សព្វផ្សាយដល់ប្រជា ពលរដ្ឋឲ្យសម្របខ្លួន រស់នៅទៅតាមគន្លងបែបថ្មី នៃកូវីដ-១៩ ។ លោកអភិបាលរងខេត្ត ក៏បានបញ្ជាក់ថា សម្ភារៈ ឧបករណ៍ធ្វើតេស្តទាំងនេះ និងធ្វើការបែងចែកផ្តល់ជូនដល់តាមមណ្ឌលចត្តាឡីស័ក តាមក្រុង ស្រុក យកទៅប្រើប្រាស់ ៕