
លោក ង៉ាន់ ភិរុណ បានបញ្ជាក់ថា ការលើកកម្ពស់អនាម័យនៅជនបទ គឺជាផ្នែកមួយយ៉ាងសំខាន់មិនអាចខ្វះបាន ក្នុងការធ្វើឲ្យប្រសើរឡើងនូវ កម្រិតជីវភាព នៃការរស់នៅរបស់ប្រជាជនស្របទៅតាមគោលនយោបាយកាត់បន្ថយភាពក្រីក្ររបស់រាជរដ្ឋាភិបាលកម្ពុជា ។ ស្របគ្នានេះ រដ្ឋបាលខេត្តសៀមរាប បាននិងកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការជំរុញការអភិវឌ្ឍនានា នៅតាមមូលដ្ឋាន សំដៅកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន ស្របទៅតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ។ លោកក៌បានលើកផងដែរថា អនាម័យ គឺ ជាកត្តាសំខាន់សម្រាប់យើងគ្រប់រូបក្នុងការរស់នៅប្រចាំថ្ងៃ ធ្វើឲ្យយើងមានសុខភាពល្អមាំមួននោះ គឺត្រូវអនុវត្ត ផឹកស្អាត ហូបស្អាត និង អនាម័យល្អ ។ ផែនការរដ្ឋបាលខេត្តសៀមរាប បានកំណត់យកស្រុកអង្គរជុំ ជាស្រុកគោលដៅទី១ ដែលត្រូវ ជម្រុញសម្រេចឲ្យបានការបញ្ឈប់ការបន្ទោរបង់ពាសវាពាសកាលថ្នាក់ស្រុក ដោយបច្ចុប្បន្នឃុំចំនួន៤ ក្នុងចំណោម ឃុំទាំង៧ របស់ស្រុកនេះបានបញ្ចប់ការបន្ទោរបង់ពាសវាលពាសកាល។ លោកបានឲ្យដឹងថា នៅក្នុងឆ្នាំ២០២០ កន្លងទៅខេត្តសៀមរាប មានអត្រាផ្គត់ផ្គង់ទឹកស្អាតមានរហូតដល់ទៅ ៧៥,៦០% និងអត្រាគ្របដណ្តប់អនាម័យមានចំនួន៧៩,១០% ហើយនៅក្នុងឆ្នាំ២០២១នេះ ខេត្តសៀមរាប មានភូមិដែល បញ្ឈប់ការបន្ទោរបង់ពាសវាលពាលកាលចំនួន ២៥៥ភូមិ និងឃុំមានចំនួន១៥ឃុំ ។ រាជរដ្ឋាភិបាលកម្ពុជា បានកំណត់ទិសដៅ ផ្គត់ផ្គង់ ទឹកស្អាត និងអនាម័យឲ្យបាន៩០%នៅឆ្នាំ២០២៣ និងមានទស្សនវិស័យនៅឆ្នាំ២០២៥ ប្រជាពលរដ្ឋគ្រប់រូបនៅតាមសហគមន៍ជនបទ ត្រូវមានការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យគ្រប់គ្រាន់ព្រមទាំងរស់នៅក្នុងបរិស្ថានអនាម័យ ប្រកប ដោយនិរន្តរភាព។
ក្នុងឱកាសទិវាជាតិលើកកម្ពស់អនាម័យនោះឯកឧត្តម ជ្រុន ថេរ៉ាវ៉ាត បានបញ្ជាក់ថា នេះជាព្រឹក្តិការណ៍ប្រចាំឆ្នាំមួយដ៏សំខាន់ ក្នុងការដាស់តឿនឲ្យយើងទាំងអស់គ្នា ត្រូវតែយកចិត្តទុកដាក់ក្នុងការប្រមូលផ្តុំធនធាន និងសក្តានុពលគ្រប់យ៉ាង ដើម្បីឈានទៅសម្រេចឱ្យបាននូវទស្សនវិស័យ និងគោលដៅរបស់រាជរដ្ឋាភិបាល ដែលបានកំណត់ថា “ នៅឆ្នាំ២០២៥ ប្រជាពលរដ្ឋគ្រប់រូបនៅសហគមន៍ជនបទ ត្រូវមានសេវាផ្គត់ផ្គង់ទឹកស្អាត និងអនាម័យគ្រប់គ្រាន់ ព្រមទាំងរស់នៅក្នុងបរិស្ថានដែលមានអនាម័យស្អាតប្រកបដោយនិរន្តភាព” ។ ដើម្បីសម្រេចទស្សនៈវិស័យនៃគោលនយោបាយនេះ រាជរដ្ឋាភិបាលបានអនុម័តផែនការយុទ្ធសាស្រ្តជាតិស្តីពីការផ្គត់ផ្គង់ទឹកស្អាត និងការលើកកម្ពស់អនាម័យជនបទ សម្រាប់ឆ្នាំ ២០១៤-២០២៥ ក្នុងគោលបំណងធ្វើឱ្យប្រជាពលរដ្ឋនៅតាមជនបទទទួលបានសេវាទឹកស្អាត និងអនាម័យ១០០% នៅឆ្នាំ២០២៥។ ឯកឧត្តម បានបញ្ជាក់ថា ផែនការនេះនឹងរួមចំណែកដល់ការសម្រេចបានគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់កម្ពុជា ជាពិសេសគោលដៅទី៦ ដែលបានចែងថា“ធានាការផ្គត់ផ្គង់ និងការគ្រប់គ្រងប្រកបដោយនិរន្តរភាពនូវទឹកស្អាត និងអនាម័យសម្រាប់ប្រជាពលរដ្ឋគ្រប់រូប” ក៏ដូចជាគោលដៅដែលទាក់ទងនឹងការអប់រំ សុខភាព សមភាពយេនឌ័រ និងការប្រែប្រួលអាកាសធាតុ ។ ឯកឧត្តម សូមអំពាវនាវដល់ដៃគូពាក់ព័ន្ធនានា រួមគ្នាអនុវត្តដោយយកចិត្តទុកដាក់នូវអនុសាសន៍ទាំង ៨ចំណុចរបស់សម្តេចនាយករដ្ឋមន្រ្តី ដែលបានផ្តល់កាលពីថ្ងៃទី ១៣ ខែវិច្ឆិកា ឆ្នាំ ២០២១ ក្នុងពិធីអបអរសាទរ ទិវាជាតិលើកម្ពស់អនាម័យជនបទ លើកទី១២ ក្នុងការផ្តល់ជាអាទិភាព និងបង្កើនភាពជាម្ចាស់ក្នុងការដឹកនាំក្រុមការងារបច្ចេកទេសវិស័យផ្គត់ផ្គង់ទឹកស្អាត ការរស់នៅស្អាត និងអនាម័យជនបទ ថ្នាក់ជាតិ និងថ្នាក់ខេត្ដ ដោយមានកិច្ចសហប្រតិបត្ដិការល្អ ជាមួយផ្នែកពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ បន្តការយកចិត្ដទុកដាក់តំបន់ដែលមានបរិស្ថានប្រឈម និងក្រុមជនងាយរងគ្រោះ ដោយបង្កើនការយកចិត្តទុកដាក់បង្កើនការគាំទ្រ និងចូលរួមតាមគ្រប់រូបភាព រិះរកគ្រប់មធ្យោបាយបច្ចេក ទេស ធនធាន ដើម្បីជួយពួកគាត់ ។
ក្នុងនោះដែរឯកឧត្តម ក៏បានកោតសរសើរពីការខិតខំប្រឹងប្រែងរបស់ក្រសួង ស្ថាប័នពាក់ព័ន្ធទាំងអស់ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ សប្បុរសជន អង្គការជាតិ អន្តរជាតិ និង វិស័យឯកជន ព្រមទាំងការចូលរួមយ៉ាងសកម្មពីសំណាក់ប្រជាពលរដ្ឋ ក្នុងការធ្វើឲ្យមានការប្រែប្រួលជាវិជ្ជមានក្នុងវិស័យទឹកស្អាត ការសំអាត និងអនាម័យជនបទដែលជាផ្នែកមួយយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍជនបទ នៅក្នុងប្រទេសកម្ពុជាយើង ។ ឯកឧត្តមក៏បានចូលរួមអបអរសាទរ ស្រុកអង្គរជុំគឺជាស្រុកឈានមុខគេ ក្នុងចំណោមស្រុកទាំងអស់នៅខេត្តសៀមរាប មាន៧ឃុំ ៨៦ភូមិ សម្រេច ODF ៧៩ភូមិហើយនៅសល់៧ភូមិ ស្មើ៣០គ្រួសារទៀត ត្រូវបញ្ចប់ឲ្យបាន នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ ខាងមុខនេះ សំដៅកែប្រែនូវសោភណ្ឌភាពបរិស្ថាន ក្នុងការទទួលស្វាគមន៍ភ្ញៀវទេសចរវ៉ាក់សាំង ចូលមកខេត្តសៀមរាប ដែលជាខេត្តសម្បូរដោយសម្បត្តិវប្បធម៌ ធម្មជាតិ ប្រវត្ត្តិសាស្ត្រ ៕
+12
ចែករំលែក 11
ចូលចិត្ត
មតិ
ចែករំលែក
មតិ