
ក្នុងពិធីបេីកសិក្ខាសាលានេះដែរ ឯកឧត្ដម អភិបាលរងខេត្ត បានមានប្រសាសន៍ថា ដើម្បីចូលរួមចំណែកការពារ និងអភិរក្សធនធានធម្មជាតិ និងថែរក្សានូវសម្បត្តិធម្មជាតិដ៏មានតម្លៃទាំងនេះ អាជ្ញាធរខេត្តសៀមរាប បាននិងកំពុងសហការយ៉ាងជិតស្និទ្ធជាមួយក្រសួងបរិស្ថាន វិស័យឯកជន គ្រឹះស្ថានសិក្សា និងអង្គការដៃគូជាតិ-អន្តរជាតិ ក្នុងការអនុវត្តនូវគម្រោង កម្មវិធី និងសកម្មភាពនានា ដើម្បីគាំទ្រដល់ការគ្រប់គ្រង និងអភិរក្សធនធានធម្មជាតិ និងជីវៈចម្រុះ ដោយរួមបញ្ចូលទាំងគម្រោង និងកម្មវិធីពាក់ព័ន្ធនឹងការកសាងសមត្ថភាព ចំណេះដឹង ការបន្សាំទៅនឹងការប្រែប្រួលអាកាសធាតុ ការពង្រឹង ការអនុវត្តច្បាប់ ការលើកកំពស់ជីវភាពសហគមន៍ និងការបញ្ជ្រាបការងារអភិរក្សជីវៈចម្រុះទៅក្នុងផែនការ អភិវឌ្ឍតាមវិស័យនានា ជាពិសេសគឺការបញ្ជ្រាបការងារយេនឌ័រ ដើម្បីលើកកម្ពស់តួនាទីរបស់ស្ត្រីលើកិច្ចការពារបរិស្ថាន និងអភិរក្សធនធានជីវៈចម្រុះ។
ឯកឧត្ដម អភិបាលរងខេត្ត បានបន្ថែមទៀតថា ជាក់ស្តែងសិក្ខាសាលានេះ គឺជាឱកាសដ៏វិសេសវិសាល មួយមិនត្រឹមតែសម្រាប់ខេត្តសៀមរាបប៉ុណ្ណោះទេ ប៉ុន្តែគឺសម្រាប់កម្ពុជាទាំងមូល ដើម្បីរួមគ្នាពិនិត្យ ផ្តល់យោបល់ និងផ្តល់ជាធាតុចូលលើសេចក្តីព្រាងអនុក្រឹត្យស្តីពី ការប្រមូល និងការបែងចែកផលប្រយោជន៍ពីការប្រើប្រាស់ធនធានពន្ធុ (ABS) សំដៅធានាបាននូវប្រសិទ្ធភាពក្នុងពេលអនុវត្ត ដើម្បីទប់ស្កាត់ការរំលោភបំពានលើការប្រមូល ឬដកហូតធនធានពន្ធុដោយខុសច្បាប់ និងអាណាធិបតេយ្យដែលអាចឈានទៅរកការផុតពូជ នៃប្រភេទសំខាន់ៗ និងដើម្បីធានាបានូវការចែករំលែកផលប្រយោជន៍ពីការប្រើប្រាស់ធនធានពន្ធុ និងចំណេះដឹងជាប្រពៃណីពាក់ព័ន្ធដោយសមភាព និងសមធម៌ សំដៅធានាបាននូវការលើក កម្ពស់ជីវភាពសហគមន៍ សេដ្ឋកិច្ចសង្គម និងការប្រើប្រាស់ធនធានជីវៈចម្រុះ និងធនធានពន្ធុដោយនិរន្តភាព។ ជាមួយគ្នានេះ ចំពោះការរៀបចំនូវយុទ្ធសាស្ត្រប្រាស្រ័យទាក់ទង និងផែនការសកម្មភាពបញ្ជ្រាបយេនឌ័រ ដើម្បីធ្វើការផ្សព្វផ្សាយឱ្យកាន់តែទូលំទូលាយដល់គ្រប់អ្នកពាក់ព័ន្ធទាំងនៅថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ និងសហគមន៍មូលដ្ឋាន ជាពិសេស គឺស្ត្រីដែលជាកំលាំងចលករមួយមិនអាចខ្វះបាន ៕
ក្នុងនាមរដ្ឋបាលខេត្ត សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ក្រុមការងារក្រសួងបរិស្ថាន ដែលបានខិតខំរៀបចំនូវសិក្ខាសាលាដ៏មានសារៈសំខាន់នេះឡើង និងសូមអរគុណចំពោះ កិច្ចសហការ ឧបត្ថម្ភគាំទ្រពីសំណាក់អង្គការដៃគូជាតិ-អន្តរជាតិកន្លងមក ដែលទាំងនេះបានឆ្លុះបញ្ចាំងពីភាពជាដៃគូដ៏ល្អរវាងរាជរដ្ឋាភិបាល និងសង្គមស៊ីវិល ក្នុងការរួមគ្នាគ្រប់គ្រងធនធានធម្មជាតិនៅកម្ពុជា។ ជាមួយគ្នានេះដែរ រដ្ឋបាលខេត្ត សង្ឃឹមយ៉ាងមុតមាំថាក្រសួងបរិស្ថាន អង្គការដៃគូនានា នឹងនៅតែបន្តកិច្ចសហការ ឱ្យកាន់តែជិតស្និទ្ធជាមួយរដ្ឋបាលថ្នាក់ខេត្តក្នុងការគ្រប់គ្រងធនធានធម្មជាតិ និងជីវៈចម្រុះឱ្យកាន់តែប្រសើរឡើង ជាពិសេស គឺការអភិរក្សនូវធនធានពន្ធុ និងចំណេះដឹងជាប្រពៃណីពាក់ព័ន្ធនានា ដើម្បីជាឧត្តមប្រយោជន៍ដល់សង្គមកម្ពុជា៕
+14
ចែករំលែក 5
ចូលចិត្ត
មតិ
ចែករំលែក