
បន្ទាប់ពីការធ្វើបទបង្ហាញ និងការចូលរួមរបស់អង្គសិក្ខាសាលានេះ ឯកឧត្តម នាយឧត្ដមសេនីយ៍ គន់ គីម ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ក៏បានធ្វើការបូកសរុប និងមានសំណូមពរ ដូចខាងក្រោម៖
១.ស្នើគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយរាជធានី-ខេត្ត ពិនិត្យលើការផ្លាស់ប្តូរសមាសភាពទទួលខុសត្រូវរបស់ថ្នាក់ដឹកនាំ និងមន្ត្រីលេខាធិការដ្ឋានទទួលបន្ទុកការងារគ្រប់គ្រងគ្រោះមហន្តរាយ និងត្រូវផ្ទេរចំណេះដឹងដល់អ្នកបន្តវេនទទួលខុសត្រូវការងារនេះ មុននឹងផ្លាស់ប្តូរទៅបម្រើការងារនៅកន្លែងផ្សេង ដើម្បីធានានិរន្តរភាពការងារគ្រប់គ្រង តាមដាន ត្រៀមបម្រុងនិង ឆ្លើយតបជាមួយគ្រោះមហន្តរាយ។
២.គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយនឹងបន្តយកចិត្តទុកដាក់សហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ អង្គការដៃគូនានា ដើម្បីស្វែងរកដំណោះស្រាយផ្សេងៗ ដោយធ្វើការប្រជុំត្រួតពិនិត្យ១ឆ្នាំ៣ដង ក្នុងគោលបំណងឈានទៅរកការកសាងផែនការគ្រប់គ្រង និងឆ្លើយតបគ្រោះមហន្តរាយឱ្យកាន់តែមានប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់។
៣.ចំពោះបញ្ហាប្រឈមនៅតាមបណ្តារាជធានីខេត្ត NCDM នឹងពិនិត្យលទ្ធភាពដើម្បីហសការដោះស្រាយរួមគ្នា និងត្រូវត្រួតពិនិត្យលើការងារឆ្លើយតបជាមួយគ្រោះអាសន្ន លើការងារគ្រប់គ្រងគ្រោះមហន្តរាយឱ្យកាន់តែល្អប្រសើរ។
៤.ដើម្បីទទួលបានព័ត៌មានគ្រប់ជ្រុងជ្រោយ និងទាន់ពេលវេលា PCDM ត្រូវជំរុញបន្ថែមដល់ CCDM ឱ្យតាមដានស្រង់ព័ត៌មានគ្រោះមហន្តរាយ ហើយ DCDM ត្រូវពង្រឹងការងារបញ្ចូលទិន្នន័យតាមប្រព័ន្ធKobo Tool Box (prism) ឱ្យបានទាន់ពេលវេលា ដើម្បីPCDM ឯកភាពបញ្ជូនទៅថ្នាក់ជាតិបានជ្រាបទាន់ពេលវេលា ដោយមិនឱ្យលើសពី១ថ្ងៃ។ ជាមួយគ្នា ត្រូវរាយការណ៍ជូនថ្នាក់ដឹកនាំខេត្តបានជ្រាប និងឆ្លើយតបបានទាន់ពេលវេលាផងដែរ។
៥.គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយរាជធានី-ខេត្ត ត្រូវបន្តចលនាផ្សព្វផ្សាយប្រព័ន្ធ ប្រកាសឱ្យដឹងមុន ១២៩៤ តាមគ្រប់រូបភាពដូចជា បណ្តាញសង្គមហ្វេសបុក តេឡេក្រាម និងបញ្ចូលក្នុងរបៀបវារៈកិច្ចប្រជុំនានា ដើម្បីបញ្ជ្រាបជូនដល់ប្រជាពលរដ្ឋឱ្យបានទូលំទូលាយ។
៦.គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ នឹងបញ្ចូលរបៀបវារៈដើម្បីត្រួតពិនិត្យតាមដានការងារគ្រោះមហន្តរាយទៅក្នុងប្រតិទិនប្រចាំឆ្នាំ និងស្នើគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត រាជធានី រៀបចំកាលវិភាគដូចគ្នា៕