
ក្នុងកិច្ចស្វាគមន៍របស់លោកស្រី យូ សុភា អភិបាលរងខេត្ត និងជាប្រធានគណៈកម្មាធិការខេត្តប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បានបញ្ជាក់ថា ក្នុងការអនុវត្ត បង្ការ ទប់ស្កាត់ការបង្រ្កាបបទល្មើសនានា ពាក់ព័ន្ធនឹងអំពើជួញដូរមនុស្ស និង អំពើហិង្សាទាក់ទង់និងយេនឌ័រ ការផ្តន្ទាទោសជនល្មើស ការការពារជនរងគ្រោះ ការពង្រឹងសមត្ថភាពក្រុមការងារពាក់ព័ន្ធ និងកិច្ចសហប្រត្តិបត្តិការក្នុងរយៈពេល ១ឆ្នាំមកនេះ ដើមី្បតាមដាន ត្រួតពិនិត្យ វាយតម្លៃលើលទ្ធផលការងារ។ លោកស្រី ក៏បានបញ្ជាក់ថា ក្នុងកិច្ចប្រជុំនេះ នឹងមានក្រុមពិភាក្សា ដោយផ្តោតលើ ពីការអនុវត្តតួនាទី ភារកិច្ច បញ្ហាប្រឈម នៅក្នុងដំណើរការអនុវត្តការងាររបស់ក្រុមការងារ ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស នៅថ្នាក់ក្រុង ស្រុក ព្រមទាំងកិច្ចគាំពារ និងលើកកម្ពស់សុខុមាលភាព ជីវភាពរបស់ពលរដ្ឋ បានវិលត្រឡប់ពីធ្វើការក្រៅប្រទស ក្នុងវិបត្តិកូវិដ១៩ និង កិច្ចគាំពារកុមារ ការទប់ស្កាត់ការរំលោភបំពានផ្លូវភេទ លើកុមារតាមអនឡាញ ព្រមទាំងការទប់ស្កាត់អំពើជួញដូរមនុស្ស និង អំពើហិង្សា ទាក់ទងនឹងយេនឌ័រផងដែរ ។
មានប្រសាសន៍បើកកិច្ចប្រជុំនោះ ឯកឧត្តម អ៊ាន ឃុន ក៏បានសម្តែងនូវការកោតសរសើរដោយស្មោះ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ ឯកឧត្តម លោកជំទាវ លោក លោកស្រី ស្ថាប័នរដ្ឋ វិស័យឯកជន អង្គការមិនមែនរដ្ឋាភិបាលជាតិ អន្តរជាតិ សំខាន់លេខាធិការដ្ឋាន គ.ខ.ប.ជ ដែលបានរួមគ្នាកន្លងមក ក្នុងកិច្ចសហប្រតិបត្តិការលើការងារ ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ឆ្នាំ២០២១ ឲ្យទទួលបានលទ្ធផលគួរជាទីមោទនៈ ទោះស្ថិតនៅក្នុងកាលៈទេសៈនៃវិបត្តិជម្ងឺកូវីដ-១៩ យ៉ាងណាក៏ដោយ ។ ឯកឧត្តមសង្ឃឹមជឿជាក់ថានៅឆ្នាំ២០២២នេះ គណៈកម្មាធិការខេត្ត ដែលមានលេខាធិការដ្ឋាន ដែលជាសេនាធិការដឹកនាំសម្របសម្រួលនឹងបន្តអនុវត្តទៅតាមតួនាទី ភារកិច្ច ឲ្យសម្រេចបានជោគជ័យតាមផែនការដែលបានគ្រោងក្នុងកម្មវិធីវិនិយោគ និងផែនការអភិវឌ្ឍន៍ខេត្ត ។ ឯកឧត្តមបានលើកឡើងថា ដើម្បីឲ្យការអនុវត្តសកម្មភាពប្រព្រឹត្តទៅ លុះត្រាតែការរួមសហការ និងការឯកភាពគ្នាជាធ្លុងមួយ ដោយប្រើប្រាស់កម្លាំងសរុប មធ្យោបាយសរុប ទើបអាចឲ្យយើងយកឈ្នះលើបទល្មើសគួរឲ្យស្អប់ខ្ពើមនេះបាន ជាបន្តបន្ទាប់ ។ ម្យ៉ាងវិញទៀតអំពើជួញដូរមនុស្ស ត្រូវបានចាត់ទុកថាជាទាសភាពសម័យទំនើប ដែលមានចារិកស្មុគស្មាញប្រកបដោយល្បិចកលពាក់ព័ន្ធទៅនឹងរបត់នៃផ្នត់គំនិត ចិត្តសាស្រ្តសង្គម ការរីកចម្រើននៃវិទ្យាសាស្រ្ត បច្ចេកទេស ការវិវត្តន៍នៃសេដ្ឋកិច្ច សង្គមនយោបាយជាតិ អន្តរជាតិ ជាដើម ដែលត្រូវការជាចាំបាច់នូវការប្តេជ្ញាចិត្តរួមគ្នា ដើម្បីរិះរកវិធានការ ដ៏មានប្រសិទ្ធភាពក្នុងការបង្ការទប់ស្កាត់ និងបង្ក្រាបរាល់បទល្មើសពាក់ព័ន្ធ ដែលមានការចាត់តាំង និងឧក្រិដ្ឋជន ដើម្បីកាត់បន្ថយឈានទៅលុបបំបាត់ឲ្យបាន។
ជាក់ស្តែងកន្លងមកមានជនរងគ្រោះ ដោយអំពើជួញដូរមនុស្ស ត្រូវបានរងគ្រោះរាល់ថ្ងៃជាបន្តបន្ទាប់ ។ ក្នុងនោះឯកឧត្តមក៏បានផ្តល់អនុសាសន៍ជូន អភិបាលក្រុង ស្រុក ដែលជាប្រធានក្រុមការងារ គណៈបញ្ជាការឯកភាពរដ្ឋបាល ក្រុង ស្រុក ខិតខំសម្របសម្រួលជម្រុញ និងតាមដានសភាពការប្រែប្រួលនៃបទល្មើស និងជនល្មើស ដែលកំពុងបំលែងរូបភាព ដើម្បីគេចវេសពីការចោទប្រកាន់ និង ល្បិចកលរបស់ជនល្មើស ដើម្បីមានវិធានការទាន់ពេលវេលា ។ ពង្រឹងការទំនាក់ទំនងជាមួយគ្រប់ភាគីពាក់ព័ន្ធក្នុងការផ្តល់សេវាជូនជនរងគ្រោះ និងងាយរងគ្រោះឲ្យបានសមស្រប និងពង្រឹងលើការអនុវត្តច្បាប់ក្នុងផ្តន្ទាទោសជនល្មើសឲ្យខានតែបាន ៕