
យោងតាមរបាយការណ៍របស់ លោក វណ្ណ ប៊ុនណា ប្រធានមន្ទីរធម្មការ និងសាសនាខេត្ត សម្រាប់ខេត្តសៀមរាប មានពុទ្ធសាសនាពីរនិកាយ គឺគណៈមហានិកាយ និង គណៈធម្មយុត្តិកនិកាយ មានវត្តសរុបចំនួន ២៥៧ វត្ត និងអាស្រម ២១ មានព្រះសង្ឃចំនួន ៥.៥០១ អង្គ ក្នុងនោះវត្តគណមហានិកាយ មាន២៤៩ វត្ត និងអាស្រម ២០ ព្រះសង្ឃមានចំនួន៥.៣៩៩ អង្គ វត្តគណៈធម្មយុត្តិកនិកាយ មានចំនួន០៨ វត្ត និងអាស្រម ១ មានព្រះសង្ឃ ចំនួន ១០២ អង្គ អាចារ្យចំនួន ៦៤២ នាក់ គណៈកម្មការវត្តចំនួន ១.៦៧៤នាក់ តាជី ២៧៦ នាក់ ដូនជី ៧៦៤ នាក់ ក្មេងវត្ត ៣១៨ នាក់ សិស្សនិស្សិតស្នាក់នៅវត្ត ២៩៦ នាក់ ។ រីឯមណ្ឌលវិបស្សនាធុរៈមាន ២៤ កន្លែង និងព្រះសង្ឃ សីលវ័ន្ត សីលវតី ចំនួន ២៨៩ រូប ទីបច្ឆា មានចំនួន១២៣ កន្លែង ។ដោយឡែក ក្រុងសៀមរាប មានវត្តទាំងពីរគណៈចំនួន ៤៤ វត្ត និងអាស្រម ១ ព្រះសង្ឃសរុប ១.៣៧៤អង្គ ។វត្តគណៈមហានិកាយមាន ៤០ វត្ត និង អាស្រម ១ មានព្រះសង្ឃ ១.៣១៨ អង្គ និង វត្តគណៈធម្មយុត្តិកនិកាយមាន ៤ វត្ត មានព្រះសង្ឃចំនួន ៥៦ អង្គ។
ថ្លែងក្នុងឱកាសបិទមហាសន្និបាតមន្ត្រីសង្ឃលើកទី២៩ ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត បានបង្ហាញនូវក្តីសោមនស្សសប្បាយរីករាយ ចំពោះការផ្សព្វផ្សាយខ្លឹមសារអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេស លើកទី២៩នេះដែលសបញ្ជាក់ពីស្មារតីរួមគ្នាលើកស្ទួយតម្លៃព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋឱ្យរីកចំរើន ស្ថិតស្ថេរ និងគង់វង្សរុងរឿងរហូតតទៅ។ ជាមួយគ្នានេះផងដែរ ឯកឧត្តមប្រធានក្រុមប្រឹក្សា បានមានប្រសាសន៍បន្ថែម ជំរុញដល់មន្ត្រីសង្ឃគ្រប់អង្គ និងដាស់តឿនឱ្យលោកតាអាចារ្យ គណៈកម្មការវត្ត ត្រូវបន្តចុះអប់រំសីលធម៌ព្រះពុទ្ធសាសនា ដល់សិស្សានុសិស្សតាមសាលារៀនរដ្ឋ និងឯកជន និងតាមសហគមន៍ ដើម្បីលើកកម្ពស់ចរិយាធម៌ សីលធម៌សង្គមក្នុងជួរយុវវ័យ ជាមួយគ្នានេះ ក៍ត្រូវបន្តរួមសាមគ្គីគ្នា ដើម្បីរួមចំណែកក្នុងកិច្ចការមនុស្សធម៌ ក្នុងនោះរួមមានការជួយដល់អ្នកខ្វះខាត អ្នកខ្វះទីពឹង ជនរងគ្រោះ ជនងាយរងគ្រោះ ជួយដល់មន្ទីរពេទ្យដែលមានតំរូវការចាំបាច់ កិច្ចការងារមនុស្សធម៌ផ្សេងៗទៀត ។
ព្រះគ្រូអនុគណក្រុង/ស្រុក ព្រះគ្រូឧបជ្ឈាយ៍ខេត្ត ក្រុង/ស្រុក និងវត្ត ត្រូវសហការជាមួយរដ្ឋបាលក្រុង/ស្រុក ឃុំ/សង្កាត់ ត្រូវចូលរួមពិនិត្យលក្ខណៈសម្បត្តិបុគ្គល ដែលមានបំណងសាងព្រះផ្នួស ដោយមុនចេញបដិញ្ញាណបំបួស ឬទិដ្ឋាការអនុញ្ញាត ដល់បុគ្គលណាបុគ្គលនោះត្រូវតែមានលក្ខណៈសម្បត្តិល្អ មានសីលធម៌រស់នៅស្អាតស្អំ ដើម្បីក្លាយជាបព្វជិតគួរឱ្យគោរពបូជា ជ្រះថ្លានៅពេលអនាគត។ កន្លងមកមានជនខិលខូចមួយចំនួន បានជ្រកពួនក្នុងព្រះពុទ្ធសាសនា និងបានប្រព្រឹត្តនូវអំពើអបាយមុខមួយចំនួន រួមមាន ការប្រើប្រាស់គ្រឿងញៀន និងប្រព្រឹត្តបទល្មើសផ្សេងៗ ផងដែរ ។ ដើម្បីចូលរួមទប់ស្កាត់ការរីលរាលដាលជំងឺកូវីដ-១៩ សម្រាប់ការរៀបចំពិធីនេះឡើងត្រូវបានអនុវត្តនូវវិធានការ (៣ការពារ ៣កុំ) របស់ប្រមុខរាជរដ្ឋាភិបាល និងអនុវត្តបានយ៉ាងខ្ចាប់ខ្ចួនរបស់របស់ក្រសួងសុខាភិបាល ៕