
កិច្ចប្រជុំនេះផ្តោតសំខាន់លើរបៀបវារ:មួយចំនួន ដូចជា÷
១- ពិនិត្យ ពិភាក្សា ការចាត់វិធានការបង្ក្រាបបទល្មើសជលផលនៅបឹងទន្លេសាប ស្ថិតក្នុងភូមិសាស្ត្រ ក្រុង ស្រុកទាំង ៦ ដែលជាប់បឹងទន្លេសាប។
២- ការរៀបចំផែនការរក្សាសន្តិសុខ សណ្តាប់ធ្នាប់ សម្រាប់ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការផ្លូវ ៣៨ខ្សែ ក្នុងក្រុងសៀមរាប និងពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរ។
៣- ប្រកាសសេចក្តីសម្រច ស្តីពីការបង្កើតក្រុមការងារត្រួតពិនិត្យ ស្រាវជ្រាវ និងបង្ក្រាបបទល្មើសជលផល ក្នុងភូមិសាស្ត្រ ខេត្តសៀមរាប។
៤- មតិបូកសរុប និងអនុសាសន៍បិទអង្គប្រជុំដោយឯកឧត្តម អភិបាលខេត្ត។
បន្ទាប់ពីបានពិនិត្យ និងពិភាក្សារបៀបវារៈខាងលើ ឯកឧត្តម អភិបាលខេត្តនិងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបានបញ្ជាក់ថាបន្ទាប់ពីប្រកាសសេចក្តីសម្រេចបង្កើតក្រុមការងាររួច ឯកឧត្តមបានដាក់វិធានការយ៉ាងម៉ឺងម៉ាត់ដល់សមត្ថកិច្ចពាក់ព័ន្ធទាំងអស់ត្រូវចាត់វិធានការនិងចាប់ឱ្យបានជនល្មើសដែលប្រព្រឹត្តបទល្មើសការនេសាទខុសច្បាស់ឱ្យដូចភ្លៀងរលឹម ពិសេសមេឈ្មួញធំៗដែលនេសាទខុសច្បាប់ដែលធ្វើឱ្យអន្តរាយដល់មច្ឆាជាតិ។
ឯកឧត្តម បន្តថាចំពោះបញ្ហាសណ្តាប់ធ្នាប់សារណៈ គ្រប់សមត្ថិច្ចពាក់ព័ន្ធទាំងអស់ត្រូវចាត់វិធានការឱ្យបានល្អតាមតំបន់ប្រជុំជន ពិសេសក្នុងអំឡុងបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ធ្វើយ៉ាងណាត្រូវរក្សាឱ្យបានខ្ជាប់ខ្ជួននូវការអនុវត្ត ៣កុំ និង៣ការពារ។ ម្យ៉ាងទៀត អាជ្ញាធរក្រុងនិងសមត្ថកិច្ចពាក់ព័ន្ធត្រូវធ្វើការណែនាំដល់សាធារណជន ពិសេសបងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមផ្លូវទាំង៣៨ខ្សែទាំងអស់មិនអនុញ្ញាតឱ្យចតយានយន្តលើចិញ្ជើញផ្លូវដែលធ្វើឱ្យបាត់បង់សណ្តាប់ធ្នាប់សាធារណៈនិងរបៀបរៀបរយសាធារណៈ ហើយក៏ធ្វើឱ្យបាត់បង់នូវសោភ័ណភាព ពិសេសធ្វើឱ្យខូចខាតរាល់សំណង់ដែលបានរៀបចំរួចរាល់។ ជាមួយគ្នានេះ ប្រសិនករណីណែនាំមិនចតលើចិញ្ចើញផ្លូវហើយ នៅតែមិនអនុវត្តតាម សមត្ថកិច្ចពាក់ព័ន្ធទាំងអស់ត្រូវអនុវត្តឱ្យខានតែបានទៅតាមវិធានការច្បាប់៕