
ដំណើរទស្សនកិច្ចនេះ បានចាប់ផ្តើមពីម៉ោង ៨ព្រឹកនៅចំការបន្លែរបស់កសិករមួយចំនួននៅក្នុងសហគមន៍បន្លែសុវត្ថិភាពកន្ទ្រាំងរីករាយ នៅភូមិតាត្រាវ ឃុំកន្ទ្រាំងស្រុកប្រាសាទបាគង រួចបានបន្តទៅសិប្បកម្មនំមង្គលខ្មែរ ដែលមានការកែច្នៃនំច្រើនមុខ ផែនស្វាយ ចេកឆាក ខ្នុរ សណ្តែកដី សាច់ក្រកជាដើម។ កន្លែងសិប្បកម្មនេះស្ថិតនៅភូមិដំដែកថ្មី ឃុំដំដែក ស្រុកសូទ្រនិគម។ ជាមួយគ្នានេះផងដែរ គណៈប្រតិភូបានបន្តដំណើរទស្សនកិច្ចទៅកសិកដ្ឋានឈាវ ហុង ស្ថិតនៅភូមិសំរោង ឃុំសំរោង ស្រុកសូទ្រនិគមដែលជាកសិដ្ឋានចំរុះ មានដាំបន្លែបែបបច្ចេកទេសទំនើប ចិញ្ចឹមត្រី ចិញ្ចឹមមាន់ បណ្តុះផ្សិតចំបើង និងដំណាំឈើហូបផ្លែ។ ការធ្វេីដំណេីរទស្សនកិច្ចនេះ គណៈប្រតិភូ បានកោតសរសេីរ និងមានការពេញចិត្តយ៉ាងខ្លាំងចំពោះលទ្ធផល នៃដំណើរចុះទស្សនកិច្ចស្វែងយល់លើការអភិវឌ្ឍវិស័យកសិកម្មនេះ និងបានកោតសសើរដល់ថ្នាក់ដឹកនាំខេត្ត មន្ទីរ អាជ្ញាធរមូលដ្ឋាន និងប្រជាកសិករ ដែកបានដឹកនាំ ចាត់ចែង និងចូលរួមអនុវត្តន៍ប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផល ស្របទៅតាមគោលនយោបាយ យុទ្ធសាស្ត្រ និងសកម្មភាពជាអាទិភាពនានារបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ ជាចុងក្រោយ ឯកឧត្តមប្រធានប្រតិភូ បានថ្លែងអំណរគុណដល់លោកប្រធានមន្ទីរ ដែលបានចាត់ក្រុមការងារជួយសម្របសម្រួលដំណើរទស្សនកិច្ចនេះប្រកបដោយជោគជ័យ៕