
លោក សេង ពិចិត្រ ប្រធានអង្គការអាគ្រីស៊ុត ប្រចាំប្រទេសកម្ពុជា បានធ្វើបទបង្ហាញរៀបរាប់ពីសាវតារបស់គម្រោងដែលបានសិក្សាតាំងពីឆ្នាំ២០១៨ ហើយបានចុះអនុស្សារណៈ នៃការយោគយល់គ្នារវាងរដ្ឋបាលខេត្តសៀមរាប និងសមាគមនិយាយភាសាបារាំង AIMF ក្នុងការសាងសង់អគារផលិតជីសរីរាង្គ ដើម្បីផលិតជីផ្គត់ផ្គង់លក់ដោយបញ្ចុះថ្លៃទៅដល់ប្រជាកសិករ។ ព្រមទាំងបានបង្ហាញពីនីតិវិធីរដ្ឋបាល និងនីតិវិធី នៃការចំណាយទូទាត់ទៅលើការសាងសង់អគារផលិតជីសរីរាង្គផងដែរ។ ជាមួយគ្នានោះ Mr. Lionel Julien ទីប្រឹក្សាបច្ចេកទេសរបស់គម្រោង បានបង្ហាញពីបច្ចេកទេសក្នុងការសាងសង់អគារ សាងសង់អាងស្តុកទឹកកខ្វក់ កាកសំណល់ ភក់ និងការប្រមូលកាកសំណល់ផ្សេងៗពីក្នុងក្រុងសៀមរាប។
បន្ទាប់ពីបានស្តាប់ការធ្វេីបទបង្ហាញ និងពិភាក្សារួចមក លោក អភិបាលរងខេត្ត និងជាប្រធានអង្គប្រជុំ បានមានប្រសាសន៍ណែនាំ និងសំណូមពរដល់សមាជិកនៃគណៈកម្មការដឹកនាំគម្រោង និងភាគីម្ចាស់ជំនួយ ដេីម្បីជួយសម្របសម្រួលរៀបចំយន្តការដឹកនាំក្រោយពេលការសាងសង់អគារផលិតជីសរីរាង្គរួចរាល់ និងសម្របសម្រួលរៀបចំផែនការអាជីវកម្មឱ្យបានសមស្រប ក្នុងនិន្នាការជួយសម្រួលដល់ការចំណាយរបស់ប្រជាពលរដ្ឋក្នុងការទិញជី ក្រោមតម្លៃទីផ្សារ៕