
នារាត្រីថ្ងៃនោះដែរ ឯកឧត្តម ប្រធានសភាជាន់ទាប នៃសាធារណរដ្ឋឥណ្ឌា ព្រមទាំងគណ:ប្រតិភូ បានទទួលស្វាគមន៍ អញ្ជើញចូលរួមក្នុងពិធីលៀងសាយភោជន៍ ដែលរៀបចំឡើងដោយរដ្ឋបាលខេត្តសៀមរាប ដើម្បីផ្តល់នូវបដិសណ្ឋារកិច្ច និង អំណរសាទរប្រកបដោយទឹកចិត្តសប្បាយរីករាយ មោទនភាពនៅលើទឹកដីដ៏ពិសិដ្ឋនេះ។ នាឱកាសនេះ ឯកឧត្តម ទៀ សីហា អភិបាល នៃគណ:អភិបាលខេត្ត បានសម្តែងក្តីសោមនស្សរីករាយជាក្រៃលែង ចំពោះវត្តមានដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម OM BIRLA និងគណ:ប្រតិភូ ដែលបានអញ្ជើញធ្វើទស្សនកិច្ចនៅលើទឹកដីប្រវត្តិសាស្ត្រខេត្តសៀមរាប ក្នុងបរិបទកូវីដ១៩នេះ ក្នុងគោលបំណងពង្រឹង និង ពង្រីកកិច្ចសហប្រតិបត្តិការមិត្តភាព រវាង រវាងស្ថាប័ននីតិបញ្ញាតិ ប្រជាជន និងប្រទេសយើងទាំងពីរ កម្ពុជា ឥណ្ឌា ឲ្យកាន់តែប្រសើរឡើងថែមទៀត ។ ឯកឧត្តមអភិបាលខេត្ត បានលើកឡើងថា ដំណើរទស្សនកិច្ចរបស់ឯកឧត្តមប្រធានរដ្ឋសភាឥណ្ឌា នាពេលនេះ ពិតជាផ្តល់នូវកិត្តិយស និងមានអត្ថន័យជាប្រវត្តិសាស្រ្តសម្រាប់ខេត្តសៀមរាបមនិងប្រទេសកម្ពុជាទាំងមូល និងបានឆ្លុះបញ្ចាំងឱ្យឃើញពីការបន្តពង្រឹងពង្រីកទំនាក់ទំនងចំណងមិត្តភាព សាមគ្គីភាព និងសហប្រតិបត្តិការរវាងប្រទេសទំាងពីរកម្ពុជា-ឥណ្ឌា ឱ្យកាន់តែរឹងមំា និងស៊ីជម្រៅថែមទៀត។ ឯកឧត្តម ទៀ សីហា ក៏បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាល និងប្រជាជន នៃសាធារណរដ្ឋឥណ្ឌា ដែលជានិច្ចកាលតែងតែបានផ្តល់ជំនួយក្នុងការស្តារ និងអភិវឌ្ឍន៍មាតុភូមិកម្ពុជា ឲ្យមានការរីកចម្រើនលើគ្រប់វិស័យ និងគាំទ្រទាំងនយោបាយ ព្រមទាំងវិស័យការទូត ឯករាជ្យភាព សន្តិភាព អធិបតេយ្យភាពជាតិ និងការបង្រួបបង្រួមជាតិនៅកម្ពុជា គ្រប់កាល:ទេស:ទាំងអស់ ។
ឯកឧត្តម OM BIRLA ប្រធានសភាឥណ្ឌា មានប្រសាសន៍លើកឡើងពីទំនាក់ទំនង វប្បធម៌ និងប្រវត្តិសាស្ត្រ រវាងឥណ្ឌា និងកម្ពុជា មានអាយុកាលជាង១សហសវត្សមកហើយ ជាក់ស្តែងភស្តុតាងបញ្ជាក់ច្បាស់គឺប្រាសាទសម្បូរព្រៃគុហ៍ និងប្រាសាទអង្គរវត្ត ដែលមកដល់ពេលនេះបានក្លាយជាទីតាំងដ៏ចំណាស់បំផុត នៃវប្បធម៌ និងសាសនាឥណ្ឌា និងប្រទេសកម្ពុជា ។ ជាមួយគ្នានេះ ឯកឧត្តម ក៏បានកោតសរសើរដល់អាជ្ញាធរខេត្ត និងថ្នាក់ដឹកនាំគ្រប់ស្ថាប័នរបស់ខេត្តសៀមរាប ក្រោមការដឹកនាំរបស់ឯកឧត្តម ទៀ សីហា អភិបាល នៃគណ:អភិបាលខេត្ត បានរក្សា និងពង្រឹងចំណងមិត្តភាពរវាងប្រជាជនកម្ពុជា និងប្រជាជនឥណ្ឌាបានល្អ ទោះបីជាប្រជាជនកម្ពុជា កាន់សាសនាព្រះពុទ្ឋភាគច្រើនលើសលប់ក្តី ក៏កម្ពុជា ជាពិសេសខេត្តសៀមរាប នៅមានប្រាសាទរចនាបទហិណ្ឌូជាច្រើនផងដែរ ។ ឯកឧត្តមស្នើដល់ឯកអគ្គរដ្ឋទូត នៃសាធារណ:រដ្ឋឥណ្ឌាប្រចាំកម្ពុជា បន្តសហការល្អជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្រសួង និងស្ថាប័នពាក់ព័ន្ឋ និងអាជ្ញាធរខេត្តសៀមរាប ក្នុងការពង្រឹងទំនាក់ទំនងការទូតឲ្យកាន់តែល្អថែមទៀត ឱ្យសមជាប្រទេសបងប្អូនមានអារ្យធ៌ និង វប្បធម៌ស្រដៀងគ្នានេះ កាន់តែរឹងមាំថែមទៀត៕
+16
មតិ 9
ចែករំលែក 30