
ឯកឧត្តម ទៀ សីហា មានប្រសាសន៏ថា នេះជាកិត្តិយស និងមោទកភាពសម្រាប់ខេត្តសៀមរាប ដែលត្រូវបានថ្នាក់ដឹកនាំក្រសួងមហាផ្ទៃធ្វើការជ្រើសរើសយកខេត្តសៀមរាប សម្រាប់រៀបចំកិច្ចប្រជុំនេះ ដែលអាចបង្ហាញជូនអ្នកចូលរួមមកពីបណ្តាខេត្តពាក់ព័ន្ធនូវសមិទ្ធផលថ្មីៗ របស់ខេត្តសៀមរាប ជាពិសេសហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន ៣៨ខ្សែ និងការកែលំអដងស្ទឹងសៀមរាប ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធរូបវន្តមួយចំនួនទៀតក្នុងក្រុងសៀមរាប ត្រូវបានសម្ភោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការកាលពីថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២២ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ព្រមជាមួយនឹងអាកាសយានដ្ឋានអន្តរជាតិសៀមរាបថ្មី ស្ថិតក្នុងឃុំតាយ៉ែក ស្រុកសូទ្រនិគម ខេត្តសៀមរាប ដែលបាន និងកំពុងសាងសង់លើផ្ទៃដីចំនួន ៧៥០ហិកតា គ្រោងចំណាយទុនវិនិយោគប្រមាណ ៨៨០ លានដុល្លារ ការសាងសង់មានរយៈពេល ៣ឆ្នាំ គ្រោងនឹងបញ្ចប់ការសាងសង់នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣ខាងមុខ។ សមិទ្ធផលទាំងនេះ សបញ្ជាក់ឱ្យឃើញពីការអភិវឌ្ឍន៍ និងរីកចម្រើនរបស់ខេត្តសៀមរាប ក្រោមការដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ប្រកបដោយគតិបណ្ឌិត របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាចក្រកម្ពុជា។
នាឱកាសនេះ ឯកឧត្តម ឡាំ ជា រដ្ឋលេខាធិការទទួលបន្ទុកអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុងនៃក្រសួងមហាផ្ទៃ បានមានប្រសាសន៏ថា ឆ្នាំនេះ គឺខុសប្លែកពីឆ្នាំអនុវត្តកិច្ចសវនកម្មនាពេលកន្លងមក ដោយអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង បានរៀបចំកិច្ចប្រជុំបើកកិច្ចសវនកម្មផ្ទៃក្នុង ការិយបរិច្ឆេទ២០២១ និងបណ្តាឆ្នាំពាក់ព័ន្ធ នៅតាមបណ្តាភូមិភាគនីមួយៗ សរុបចំនួន ៤ភូមិភាគ ទូទាំងប្រទេស ពាក់ព័ន្ធនឹងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ និងការគ្រប់គ្រងបុគ្គលិក។ ឯកឧត្តម ក៏បានផ្តល់អនុសាសន៍មួយចំនួនជូនរដ្ឋបាល ខេត្ត ស្នងការដ្ឋាននគរបាលខេត្ត និង ពន្ធនាគារខេត្ត ព្រមទាំងគណៈប្រតិភូអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុងដូចខាងក្រោម៖ គណៈប្រតិភូអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង ត្រូវបន្តពង្រឹងសមត្ថកិច្ច កិច្ចការជំនាញសវនកម្មរបស់ខ្លួនប្រកបដោយប្រសិទ្ធភាព និង ការទទួលខុសត្រូវខ្ពស់ ពិសេសត្រូវធ្វើបច្ចុប្បន្នភាពលើច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធក្នុងវិស័យរដ្ឋបាលស៊ីវិល សន្តិសុខសាធារណៈ និង ពន្ធនាគារ។ គណៈប្រតិភូអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង ត្រូវតាមដានរាល់ការដាក់ អនុសាសន៍ជូនសវនដ្ឋាន ដើម្បីកំណត់ពេលពេលវេលាក្នុងរយៈពេល ៦ខែ ឬយ៉ាងយូរបំផុត ១២ខែ សម្រាប់បន្តតាមដាន និងវាយតម្លៃលើសវនដ្ឋាន ក្នុងការគោរព និងអនុវត្តតាមអនុសាសន៍របស់គណៈប្រតិភូ។ ឯកឧត្តមបានផ្តាំផ្ញើ ដល់រដ្ឋបាលខេត្ត ក្រុង ស្រុក ស្នងការ អធិការ និង ពន្ធនាគារ ពង្រឹងការគ្រប់គ្រងការចុះបញ្ជីទ្រព្យសម្បត្តិរដ្ឋ ក្នុងការបញ្ជៀសនូវវិវាទផ្សេងៗកើតឡើង និងគ្រប់គ្រងឲ្យបានពិរុទ្ធជនក្នុងពន្ធនាគារ លើការប្រើប្រាស់គ្រឿងញៀន និង មានការប្រុងប្រយ័ត្នខ្ពស់ចំពោះជនឧក្រិដ្ឋប្រើប្រាស់ទូរស័ព្ទបញ្ជាដល់ជនខាងក្រៅប្រព្រឹត្តបទល្មើស និងត្រូវបន្តផ្សព្វផ្សាយអំពីគោលដៅនៃការចុះធ្វើសវនកម្មដល់រដ្ឋបាលឃុំ សង្កាត់ និងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ ដើម្បីឱ្យអង្គភាពរងសវនកម្មរៀបចំទុកដាក់នូវឯកសារហិរញ្ញវត្ថុ សក្ខីប័ត និងឯកសារពាក់ព័ន្ធ ដែលជាកម្មវត្ថុនៃការចុះត្រួតពិនិត្យរបស់គណៈប្រតិភូ អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង ៕