
បន្ទាប់ពីលោក ច័ន្ទ សុខុមចិត្តា ប្រធានមន្ទីរការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈខេត្តសៀមរាប បានលើកឡើងពី ប្រវត្តិទិវាពលកម្មអន្តរជាតិ០១ឧសភា និង សារលិខិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី១៣៦ នៃទិវាពលកម្មអន្ដរជាតិ ១ ឧសភា ២០២២ (០១ ឧសភា ១៨៨៦ -០១ ឧសភា ២០២២ ) ជូនដល់បងប្អូន ក្មួយៗកម្មករ វិយោជិក និយោជិក និងជនរួមជាតិ អានដោយ ឯកឧត្តម កុយ សង សមាជិកក្រុមប្រឹក្សាខេត្តសៀមរាបរួចមក មានប្រសាសន៍សំណេះសំណាលនោះដែរ លោក នាក់ ណេរ៉ុន បានលើកឡើងថា ការប្រារឰខួបទិវាពលកម្មអន្ដរជាតិ ១ ឧសភា ឆ្នាំ២០២២នេះ ស្របពេលដែលសភាពការណ៍ ប្រទេសជាតិយើងសម្រេចបានជោគជ័យដ៏ធំធេង ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដែលយើងអាចគ្រប់គ្រងបានយ៉ាងល្អប្រសើរ ធ្វើឱ្យយើងអាចបើកដំណើរការគ្រប់សកម្មភាពសេដ្ឋកិច្ច-សង្គមយើងឡើងវិញ ប្រជាជនរស់នៅដោយក្តីសប្បាយរីករាយ តាមគន្លងប្រក្រតីភាពថ្មី ដែលយើងបានសប្បាយរីករាយបំផុតបន្ទាប់ពីអាក់ខានក្នុងការសប្បាយបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ជាងពីរឆ្នាំកន្លងទៅ ។
លោក នាក់ ណេរ៉ុន បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលក៏បានដាក់ចេញនូវ“គោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជាឆ្នាំ ២០១៥-២០២៥” ដែលមានចក្ខុវិស័យជំរុញកែប្រែ និងធ្វើទំនើបកម្មរចនាសម្ព័ន្ធឧស្សហកម្មនៅកម្ពុជា ពីឧស្សាហកម្មអតិពលកម្ម ឈានទៅឧស្សាហកម្មផ្អែកលើជំនាញត្រឹមត្រូវឆ្នាំ២០២៥ សំដៅផ្លាស់ប្តូរពីឧស្សាហកម្មដែលមានតម្លៃបន្ថែមទាប ទៅជាឧស្សាហកម្មដែលមានតម្លៃបន្ថែមខ្ពស់ ព្រមទាំងដើម្បីលើកកម្ពស់ភាពប្រកួតប្រជែង និង ផលិតភាពការងារ។ ការសម្រេចបាននូវចក្ខុវិស័យនេះនឹងរួមចំណែក ដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងលើកកម្ពស់កំណើនសេដ្ឋកិច្ចខ្ពស់ប្រកបដោយចីរភាព និងបរិយាប័ន្ន ការបង្កើតការងារជូនប្រជាពលរដ្ឋកម្ពុជា ការបង្កើនតម្លៃបន្ថែមសម្រាប់សេដ្ឋកិច្ចជាតិ និងការបង្កើនប្រាក់ចំណូលជូនប្រជាពលរដ្ឋកម្ពុជា។ ឆ្លើយតបទៅនឹងបញ្ហាប្រឈមមួយចំនួន រាជរដ្ឋាភិបាលបានដាក់ចេញនូវ “ គោលនយោបាយជាតិ ស្តីពីមុខរបរ និងការងារឆ្នាំ២០១៥-២០២៥” សំដៅបង្កើនឱកាសការងារសមរម្យដល់ប្រជាពលរដ្ឋកម្ពុជា និងលើកកម្ពស់ផលិតភាពការងារ ជំរុញការអភិឌ្ឍន៍ជំនាញ និងធនធានមនុស្សព្រមទាំងពង្រឹងអភិបាលកិច្ចទីផ្សារការងារ ដើម្បីឆ្លើយតបទៅនឹងតម្រូវការនៃការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម និងការផ្លាស់ប្តូរនៃនិម្មាបនកម្មសេដ្ឋកិច្ចទាំងក្នុងប្រទេស ក្នុងតំបន់ និងសកលលោក ។
ស្ថិតក្នុងដំណាក់កាលនៃផលប៉ះពាល់ ដោយជំងឺកូវីដ-១៩ ធ្ងន់ធ្ងរក៏ដោយ ក៏រដ្ឋបាលខេត្តដោយមានការគាំទ្រពីរាជរដ្ឋាភិបាល បានយកចិត្តទុកដាក់លើការកែលម្អសោភ័ណភាពក្រុង ឱ្យបានកាន់តែល្អប្រសើរថែមទៀត ។ ជាសក្ខីភាព ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ចំនួន ៣៨ខ្សែ និងកែលម្អមាត់ស្ទឹងសៀមរាប ក្នុងក្រុងសៀមរាប គឺជាសមិទ្ធផលប្រវត្តិសាស្រ្ត ថ្មីមួយទៀតសម្រាប់ ខេត្តសៀមរាប ដែលយើងសម្រេចបាន១០០% ហើយបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការកាលពីថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២២កន្លងទៅនេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ហើយសម្តេច ក៏បានប្រសិទ្ធនាមខេត្តសៀមរាបថា ជាតារារៈនាទិសឧត្តរ ។ ស្របពេលដែលស្ថានភាព នៃការរីករាលដាលនៃជំងឺកូវីដ-១៩ មានសភាពស្ងប់ស្កាត់ រាជរដ្ឋបាលកម្ពុជាក៏បានបើកប្រទេសឡើងវិញ ដើម្បីធ្វើឱ្យកំណើនសេដ្ឋកិច្ចជាតិ វិលទៅរកប្រក្រតីភាពឡើងវិញ។
ដោយឡែកសម្រាប់ខេត្តសៀមរាប បានត្រៀមខ្លួនរួចរាល់ ដើម្បីទទួលភ្ញៀវទេសចរជាតិ-អន្តរជាតិពីគ្រប់ទិសទីមកទស្សនា ប្រកបដោយភាពជឿទុកចិត្តនូវរាល់វិធានការ ដែលរដ្ឋបាលខេត្តបានចាត់ចែងបង្ការ ការរីករាលដាល នៃជំងឺកូវីដ-១៩ ការពង្រឹងនូវសេវាកម្មទេសចរណ៍កាន់តែប្រសើរថែមទៀត ។ លោកក៏បានលើកទឹកចិត្ត ឲ្យមន្ទីរ អង្គភាពជំនាញទាំងអស់
ប្រតិប្រត្តិករទេសចរណ៍ ម្ចាស់សហគ្រាស អាជីវកម្ម កម្មករនិយោជិត និយោជកទាំងអស់ ត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជូននូវច្បាប់ស្តីពីការងារនៃព្រះរាជជាណាចក្រកម្ពុជា ព្រមទាំងការអនុវត្តអនុលោមតាមស្តង់ដារសេវាកម្ម អាស៊ាន ដើម្បីធានាឱ្យការផ្តល់សេវាកម្មរបស់យើងមានគុណភាព និងកាន់តែមានភាពទាក់ទាញភ្ញៀវទេសចរណ៍ឱ្យបានច្រើនជាបន្តបន្ទាប់៕