
ព្រះវិជ័យរង្សីបណ្ឌិត ឡាច លាង ជាព្រះអនុគណក្រុងសៀមរាប មានព្រះថេរ:ដិការថាការរៀបចំពិធី បំបួសកុលបុត្រ កុលធីតា ចំនួន២០០រូបនេះ ដើម្បីឱ្យយុវជនយុវតីខ្មែរមានឱកាសបានចូលសាងផ្នួសតបស្នងសងគុណចំពោះ អ្នកមានគុណទាំងឡាយមាន មាតាបិតា ព្រមទាំងព្រះមហាក្សត្រ និងថ្នាក់ដឹកនាំនៃប្រទេសជាដើម។ លើសពីនេះគឺដើម្បីឱ្យកុលបុត្រ កុលធីតាខ្មែរចេះភ្ញាក់រលឹក និងលះបង់អ្វីៗ ដែលកំពុងប្រព្រឹត្តខុសពីគន្លងព្រះធម៌នៃព្រះពុទ្ធបរមគ្រូ ហើយចេះទទួលយកការអប់រំ ណែនាំពីមាតាបិតា គ្រូអាចារ្យ ដើម្បីឱ្យក្លាយជាកូនល្អ សិស្សល្អ មិត្តល្អ ពលរដ្ឋល្អ និងជាពុទ្ធសាសនិកល្អរបស់ព្រះពុទ្ធសាសនាផងដែរ។
«ពិធីកោសក់ បួងសក់កុលបុត្រ កុលធីតាពេលនេះ គឺប្រពៃណីទំនៀមទម្លាប់ របស់បុព្វបុរសខ្មែរ ដែលបានមន្សល់ទុកនៅក្នុងសង្គមជាយូរលង់មកហើយ ដែលកូនខ្មែរជំនាន់ក្រោយត្រូវថែរក្សា និងបន្តវេនមត៌កនេះ កុំឱ្យបាត់បង់»។ ព្រះភិក្ខុ ឡាច លាង មានព្រះថេរ:ដិការទៀតថា សក់គឺជាវត្ថុដែលមនុស្សគ្រប់រូបស្រឡាញ់ និងពិចពិលរមិលមើល ថែរក្សាការពារសម្អិតសម្អាងរៀងរាល់ថ្ងៃ ប៉ុន្តែប្រសិនបើយុវជន កុលបុត្រ កុលធីតាណាស័្មគ្រចិត្តលះបង់សក់ដែលស្រឡាញ់នេះ ដើម្បីសាងផ្នួសនោះ គឺជាការលះបង់ដ៏អស្ចារ្យមួយ ក្នុងការតបស្នងសងគុណឪពុក អ្នកម្តាយ អ្នកមានគុណទាំងឡាយ ជាពិសេសគឺបានថ្វាយព្រះរាជកុសលចំពោះអង្គព្រះមហាក្សត្រជាទីសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុត និងថ្នាក់ដឹកនាំជាតិទាំងមូល ព្រមទាំងបានអានិសង្ឃច្រើនឥតគណនាសម្រាប់ខ្លួនឯងផង។ ព្រះអង្គបានផ្តល់ដំបូន្មានដល់កុលបុត្រ កុលធីតាទាំងអស់ ដែលស្ម័គ្រចិត្តមកបំពេញកិច្ចបួសជាសង្ឃ ជាសីលវតី ពេលនេះ ត្រូវខិតខំសិក្សារៀនសូត្រ និងស្វែងយល់ ពីព្រះធម៌របស់ព្រះពុទ្ធ ហើយក៏ត្រូវតែបន្តការវេននៃការគោរពប្រតិបត្តិទំនៀមទម្លាប់ ប្រពៃណីជាតិឱ្យបានល្អគង់វង្សតទៅមុខទៀតដែរ។
មានប្រសាន៍នៅពិធីបុណ្យដ៏ព្រៃនេះ លោកស្រី យូ សុភា អភិបាលរងខេត្ត និងជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប សូមឱ្យពុទ្ធបរិស័ទ ទាំងអស់រួមទាំងអ្នកទ្រទ្រង់ត្រៃសិក្ខាគប្បី សង្រួមកាយ វាចា ចិត្ត ឲ្យស្អាតល្អបរិសុទ្ធ ផូរផង់ ប្រាសចាកនូវមន្ទិល និងសេចក្តីសៅហ្មងទាំងពួង។ តម្កល់ចិត្តឲ្យជ្រះថ្លា ប្រកបដោយបញ្ញា ឈរលើការត្រិះរិះ ពិចារណាដ៏ត្រឹមត្រូវប្រកាន់នូវមាគ៌ាកណ្តាល មិនលុះដោយអគតិទាំងបួន។ ខិតខំដុសខាតសតិស្មារតីឲ្យបានល្អ នឹងនរ ដើម្បីក្លាយខ្លួនជាពលរដ្ឋល្អក្នុងសង្គម។ ខិតខំបំពេញអំពើជាកុសល ជម្រះចោលនូវអកុសលកម្មទាំងពួង ដើម្បីបន្តរួបរួមគ្នាជាធ្លង់មួយ ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់រដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខ ដើម្បីអភិវឌ្ឍសង្គមជាតិយើងឲ្យមានការរីកចម្រើន លើគ្រប់វិស័យ៕