
ឯកឧត្តម អ៊ាន ឃុន បានគូសបញ្ជាក់ថា ពិធីទិវាជាតិនៃការចងចាំ ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២២នេះ គឺជាសកម្មភាពដ៏មានអត្ថន័យយ៉ាងពិតប្រាកដ ដែលបានស្តែងឲ្យឃើញថា ទោះបីជារឿងរ៉ាវនេះបានកន្លងផុតក្នុងអតីតកាលអស់ជាង ៤០ឆ្នាំហើយក៏ដោយ ប៉ុន្តែជារឿងឈឺចាប់ និងជាមហាសោកនាដកម្មប្រល័យពូជសាសន៍ជាតិឯង ដែលធ្វើឲ្យបងប្អូនជនរួមជាតិ យើងទាំងអស់ពុំអាចបំភ្លេចបានឡើយ ហើយបានចារទុកជាសច្ចៈធម៌ ប្រវិត្តសាស្រ្ត ទោះបីជនរួមជាតិជំនាន់ក្រោយដែលពុំបានឆ្លងកាត់ក៏ដោយ ក៏ពួកគាត់នឹងសិក្សាស្វែងយល់ពីប្រវិត្តសាស្ត្រដ៏មហាជូរចត់នោះ។ មិនត្រឹមតែប៉ុណ្ណោះ ប្រវិត្តសាស្ត្រនេះក៏ត្រូវបាននិងកំពុងទទួលស្គាល់ពាសពេញពិភពលោកតាមរយៈការនាំយកមេដឹកនាំនៃរបបខ្មែរក្រហម មកកាត់ទោសនៅអង្គជំនុំជំរះវិសាមញ្ញក្នុងតុលាការកម្ពុជា ដើម្បីជំនុំជំរះឧក្រិដ្ឋកម្មដែលបានប្រព្រឹត្តឡើងក្នុងរយៈកាលនៃរបបកម្ពុជាប្រជាធិបតេយ្យប្រល័យពូជសាសន៍ដែលយើងអាចនិយាយបានថា ការទទួលស្គាល់នេះការជំនុំជំរះនេះ គឺជាផ្នែកមួយនៃការផ្តល់នូវភាពត្រឹមត្រូវជូនរាជរដ្ឋាភិបាលកម្ពុជា សង្គមជាតិកម្ពុជា និងការផ្សះផ្សាបួសទាំងផ្លូវកាយ និងផ្លូវចិត្តជូនជនរួមជាតិ ដែលបានរងគ្រោះក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត នោះ។
នៅចំពោះមុខចេតិយគំនរអដ្ឋិធាតុនៃជនរួមជាតិនាឱកាសនោះ ឯកឧត្តមក៏បានធ្វើការបេ្តជ្ញាចិត្តយ៉ាងមោះមុត ដោយបានគាំទ្រជំហរដ៏រឹងមាំរបស់រាជរដ្ឋាភិបាល ឥស្សរជន និងអង្គការនានាទាំងនៅក្នុងប្រទេស និងនៅជុំវិញពិភពលោកដែលបានខិតខំអស់ពិកម្លាំងកាយចិត្ត ពុំគិតការនឿយហត់ជាង ៤០ឆ្នាំកន្លងមក ដើម្បីស្វែងរកយុត្តិធម៌ជូនប្រជាជនកម្ពុជា និងឈានទៅសម្រេចជោគជ័យជាស្ថាពរ ដោយធានាបាននូវសន្តិភាព ការបង្រួបបង្រួមជាតិអធិបតេយ្យភាព និងការអភិវឌ្ឍ ។ ខិតខំពង្រឹងធ្លុងសាមគ្គីភាព ឯកភាពផ្ទៃក្នុងជាតិទាំងមូលឲបានរឹងមាំប្រកបដោយចីរភាព និង ចូលរួមអនុវត្តយុទ្ធសាស្ត្រចតុកោណដំណាក់ទី៤ និងគោលនយោបាយនានារបស់រាជរដ្ឋាភិបាលដែលដឹកនាំដោយ សម្តេចតេជោ ហ៊ុន សែន ជាប្រមុខ ក្រោមម្លប់ដ៏ត្រជាក់នៃអង្គព្រះមហាក្សត្រជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតនៃយើងទាំងអស់គ្នា និង រួមគ្នាការពារថែរក្សាសន្តិភាព ស្ថិរភាពនយោបាយ ជាពិសេសសន្តិសុខ សណ្តាប់ធ្នាប់សង្គមឲបានល្អប្រសើរ និង ការពារដាច់ខាតនូវឯករាជ្យ អធិបតេយ្យ និងបូរណភាពទឹកដី នៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងពង្រឹងខឿនការពារជាតិរបស់ប្រជាជនឲ្យកាន់តែរឹងមាំ និងរីកចម្រើនថែមទៀត ។
ឯកឧត្តមបានឧទ្ទិសនូវថ្ងៃទិវាជាតិនៃការចងចាំ២០ឧសភានេះ ឲ្យប្រែក្លាយទៅជាការកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ សំដៅទៅរកការកាត់បន្ថយនូវភាពក្រីក្ររបស់ប្រជាជនកម្ពុជា ព្រមទាំងបានអំពាវនាវដល់សមាជិក សមាជិកា និងជនរួមជាតិទូទាំងខេត្តសៀមរាប សូមអញ្ជើញទៅចូលរួមបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ឲ្យបានគ្រប់ៗគ្នា ដើម្បីរដ្ឋបាលដែលកំពុងដឹកនាំ ដោយគណបក្សប្រជាជន កម្ពុជា មានលទ្ធភាពបន្តការអភិវឌ្ឍប្រទេសជាតិ ក៏ដូចជាខេត្តសៀមរាបយើងឲកាន់តែរីកចម្រើនបន្ថែមទៀត ៕