
បន្ទាប់ពីលោកប្រធានមន្ទីរធម្មការ និងសាសនាខេត្ត បានរាយការណ៍រួចហើយ ឯកឧត្តម អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប បានថ្លែងក្នុងឱកាសដ៏មានតម្លៃនាព្រឹកនេះដែលថា ការពង្រឹងគុណភាពលើអភិបាលកិច្ចគ្រប់លំដាប់ថ្នាក់ក្នុងជួរមន្ត្រីសង្ឃ ក៏ដូចជាគ្រប់សាសនិក ត្រូវផ្សារភ្ជាប់ជាមួយបច្ចេកវិទ្យាទំនើបដើម្បីធានាបាននូវសាមគ្គីភាព និងការរីកចំរើនលើគ្រប់សាសនា និងអនុវត្តន៍ឲ្យបាននូវគោលនយោបាយរបស់រាជរដ្ឋាភិបាលដែលបានកំណត់ថា ការគោរពសិទ្ធិសេរីភាពខាងជំនឿសាសនា លើកស្ទួយព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋ និងបង្កលក្ខណៈងាយស្រួលដល់សកម្មភាព នៃសាសនាផ្សេងៗទៀត ដោយផ្អែកលើមូលដ្ឋានជៀសវាងការរើសអើង ការបែងចែកភាពខុសគ្នាខាងជំនឿ និងសាសនា។ ម្យាងវិញទៀត សូមរួមគ្នាអនុវត្តឲ្យបានខ្ជាប់ខ្ជួន តាមបទបញ្ញត្តិក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ។
ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត ក៏បានបន្ថែមការផ្តាំផ្ញេីនូវចំណុចមួយចំនួនដូចខាងក្រោម៖
-ត្រូវបន្តធ្វើការបណ្តុះបណ្តាលកសាងសមត្ថភាពធនធានមនុស្ស និងការអភិវឌ្ឍអង្គភាព ស្ថាប័នរបស់ខ្លួន ដើម្បីពង្រឹងរបៀបរបបការងារ ឲ្យកាន់តែមានប្រសិទ្ធភាព និងភាពទទួលខុសត្រូវខ្ពស់ ។
-ត្រូវរក្សាសាមគ្គីភាព និងមានសុខដុមនីយកម្មសាសនា គឺរវាងព្រះពុទ្ធសាសនា គ្រីស្ទសាសនា ឥស្លាម សាសនា និងសាសនាផ្សេងៗទៀត ជៀសការបង្កមញ្ហាជម្លោះអធិករណ៍ណាមួយកើតឡើង ។
-ត្រូវរួបរួមគ្នាថែរក្សា សន្តិភាព អរគុណនយោបាយឈ្នះ ឈ្នះ ដឹងគុណស្ថាបនិក មគ្គុទេសក៏ឯកដែលបាននាំមកនូវសន្តិភាព និង ឯកភាពជាតិពេញលេញ ឱ្យបានគង់វង្ស ។
-ត្រូវបន្តចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ តាមរយៈការបន្តកៀរគរប្រជាជនទៅចាក់វ៉ាក់ សាំងដូសជម្រុញ និងការអនុវត្តវិធានការសុខាភិបាលនានា ។
-ត្រូវទៅចូលរួមបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់ អាណត្តិទី ៥ នាពេលខាងមុខឲ្យបានគ្រប់ៗគ្នា ។
-មន្ត្រីសង្ឃគ្រប់ព្រះអង្គ លោកអាចារ្យ អាចារិនី និង ថ្នាក់ដឹកនាំសាសនាផ្សេងៗ ត្រូវបន្តរួបរួមសាមគ្គីគ្នាជាធ្លុងមួយ ចូលរួមចំណែកបំពេញនូវកាតព្វកិច្ចជាស្នូលក្នុងការលើកកំពស់តម្លៃសាសនាតាមគោលការណ៍ណែនាំផ្សេងៗ ពិសេសខាងព្រះពុទ្ធសាសនា គឺខ្លឹមសារដែលមានចែងនៅក្នុងសង្ឃប្រកាសអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី ២៩ ដែលមន្ទីរធម្មការ និង ព្រះមេគណខេត្តបានផ្សព្វផ្សាយរួចហើយ៕