
មានប្រសាសន៍ក្នុងឱកាសនោះ លោកស្រី យូ សុភា អភិបាលរងខេត្តសៀមរាប បានលើកឡើងថា ដោយមានការគិតគូរខ្ពស់ពីទុកលំបាករបស់ប្រជាពលរដ្ឋ កាលពីថ្ងៃទី២៧ ខែឧសភានេះ សម្ដេចតេជោ ហ៊ុន សែន បានដាក់បទបញ្ជាឲ្យអាជ្ញាធរពាក់ព័ន្ធ ចុះសិក្សាដីរបស់ប្រជាពលរដ្ឋ ដែលស្ថិតនៅក្នុងតំបន់២ និងតំបន់៣ នៃបឹងទន្លេសាប ត្រូវធ្វើការកាត់ឆ្វៀលជូនចំពោះប្រជាពលរដ្ឋ ដែលបានរស់នៅអាស្រ័យផលយូរឆ្នាំជាក់ស្ដែង។ ដូច្នេះ ការកែសម្រួលនេះ ប្រជាពលរដ្ឋ នឹងអាចទទួលបានដីកម្មសិទ្ធ ឬអាស្រ័យផលដោយស្របច្បាប់ ទៅតាមការចុះសិក្សារបស់អាជ្ញាធរជំនាញ។
លោកស្រីអភិបាលរង បញ្ជាក់ថា ចំពោះដីក្នុងតំបន់បឹងទន្លេសាប ដែលប្រជាពលរដ្ឋ ឬជនខិលខូចបានកាប់ទន្ទ្រានខុសច្បាប់ក្នុងរយៈខ្លីត្រឹមតែ២ ឬ៣ឆ្នាំ អាជ្ញាធរនឹងត្រូវដកហូតយកមកវិញ។ ដូច្នេះលោកស្រី សូមអំពាវនាវដល់ប្រជាពលរដ្ឋ បញ្ឈប់ការកាប់ទន្ទ្រានយកដីព្រៃលិចទឹកបន្តទៀត ដែលទង្វើនេះ បានបង្កឱ្យប៉ះពាល់ដល់ប្រព័ន្ធជីវៈចម្រុះក្នុងតំបន់បឹងទន្លេសាប ហើយក៏ជាអំពើខុសច្បាប់ផងដែរ។
ជាមួយនោះ លោក ម៉ក់ ប្រុស អភិបាលស្រុកសូទ្រនិគម លើកឡើងថា ដើម្បីពន្លឿនការអនុវត្តការងារការកាត់ឆ្វៀលដីជូនប្រជាពលរដ្ឋនៅតាមបណ្ដាឃុំ ដែលពាក់ព័ន្ធនឹងដីក្នុងតំបន់បឹងទន្លេសាប ស្របតាមបទបញ្ជារបស់សម្ដេចតេជោ ហ៊ុន សែន និងការចង្អុលបង្ហាញរបស់ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប សូមប្រជាពលរដ្ឋត្រៀមឯកសារ សម្គាល់អត្តសញ្ញាណ និងទីលំនៅរបស់ខ្លួនជូនអាជ្ញាធរត្រួតពិនិត្យ ក៏ដូចជាការកំណត់ព្រំប្រទល់ដីរបស់ខ្លួន និងអ្នកជិតខាងឱ្យបានច្បាស់លាស់ ដែលចៀសវាងបង្កជម្លោះផ្សេងៗ នៅពេលចុះកំណត់ព្រំប្រទល់ដីដោយអាជ្ញាធរចម្រុះ។
គួរជម្រាបថា សម្រាប់ស្រុកសូទ្រនិគម មានឃុំចំនួន ៤ ដែលជាប់ពាក់ព័ន្ធនឹងដីក្នុងតំបន់បឹងទន្លេសាប រួមមានឃុំកំពង់ឃ្លាំង ឃុំដានរុន ឃុំគៀនសង្កែ និងឃុំខ្ចាស់។ ដោយឡែក នៅទូទាំងខេត្តសៀមរាប មានក្រុងសៀមរាប និង ស្រុកចំនួន៥ ដូចជា ជីក្រែង សូទ្រនិគម ប្រាសាទបាគង ក្រឡាញ់ និង ពួក ដែលជាប់ពាក់ព័ន្ធនឹងដីក្នុងតំបន់បឹងទន្លេសាប៕