
ពិធីបើកការប្រកួតកីឡាគុនខ្មែរប្រចាំប្រទេសនេះ គឺដើម្បីថែរក្សាកេរ្តិ៍ដំណែលដូនតាខ្មែរយេីង លើកកម្ពស់សុខមាលភាពរបស់កីឡាករយើង មិត្តភាព និងដណ្តើមពានរង្វាន់ប្រាក់លាន ដណ្តើមខ្សែក្រវាត់ ដូចនេះ កីឡាករទាំងអស់បានបញ្ចេញសមត្ថភាពក្នុងការទទួលបានជ័យជំនះ។ ជាមួយគ្នានេះ សូមកីឡាករទាំងអស់សូមរក្សាឱ្យបាននូវសាមគ្គីភាព ប្រកាន់នូវការអធ្យាស្រ័យយោគយល់គ្នា ចំពោះកំហុសឆ្គងដោយអចេតនាណាមួយរវាងគូរប្រកួត និងរក្សាឱ្យបានសេចក្តីថ្លៃថ្នូក្នុងពេលប្រកួត។
សូមបញ្ជាក់ថា វិស័យកីឡា ក៏បានចូលរួមលើកស្ទួយកិត្តិយសជាតិយើង ឱ្យអន្តជាតិស្គាល់អត្តចរិកខ្មែរ ទំនៀមទំលាប់ ប្រពៃណីខ្មែរ មិនតែប៉ុណ្ណោះ កីឡាបានផ្តល់ឱ្យយើងនូវសាមគ្គីភាព មិត្តភាព រវាងប្រទសយើង និងបណ្តាប្រទេសនៅលើសកលលោក ដូចពាក្យស្លោកថា «កីឡាជាទូតសន្តិភាព» ៕