
ក្នុងកិច្ចប្រជុំសាមញ្ញលើកទី៣៧នេះ សមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត បានផ្តោតសំខាន់ទៅលើខ្លឹមសារ អត្ថន័យ នៃរបាយការណ៍ប្រចាំខែឧសភា ឆ្នាំ២០២២ សណ្តាប់ធ្នាប់ចរាចរណ៍ និង តួលេខគ្រប់គ្រងប្រជាពលរដ្ឋ ការគ្រប់គ្រងធនធានមនុស្ស និងការងារសន្តិសុខ ។ ក្នុងការបកស្រាយបំភ្លឺទៅលើចំណោទបញ្ហាដែលសមាជិក សមាជិកាក្រុមប្រឹក្សាខេត្តបានលើកឡើង អំពីការងារសណ្តាប់ធ្នាប់ ចរាចរណ៍ សន្តិសុខនៅក្នុងក្រុង ព្រមទាំងការកែតម្រូវតួលេខគ្រប់គ្រងប្រជាពលរដ្ឋ និង ការគ្រប់គ្រងធនធានមនុស្ស ។
ឯកឧត្តម ទៀ សីហា ក៏បានសំណូមពរដល់ ថ្នាក់ដឹកនាំមន្ទីរ អង្គភាព អាជ្ញាធរក្រុង ស្រុក គ្រប់លំដាប់ថ្នាក់ ត្រូវបន្តអនុត្តនូវគោលនយោបាយរបស់រាជរដ្ឋាភិបាល និង ទិសដៅរបស់រដ្ឋបាលខេត្ត សម្រេចឱ្យបានជោគជ័យ ។ ក្នុងនោះដែរឯកឧត្តមក៏បានថ្លែងអំណរគុណ ដល់អាជ្ញាធរមូលដ្ឋានគ្រប់ជាន់ថ្នាក់ និងកងកម្លាំងទាំងបីភេទ លើការថែរក្សាការពារ សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ សំខាន់សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ ក្នុងដំណើរការឃោសនាបោះឆ្នោត និង ការបោះឆ្នោតដែលបានប្រព្រឹត្តទៅបានល្អប្រសើរ ប្រកបដោយ ភាពត្រឹមត្រូវ យុត្តិធម៌ និង តម្លាភាព។
ឯកឧត្តមក៏បានបញ្ជាក់ ពីការអនុវត្តបន្ទាន់តាមអនុសាសន៍ របស់រាជរដ្ឋាភិបាល ក្នុងការកាត់ឆ្វៀលដីក្នុងតំបន់៣ ជាប់បឹងទន្លេសាប ជូនប្រជាពលរដ្ឋ ដែលអាស្រ័យផលយូរឆ្នាំមកហើយ ក្នុងមូលដ្ឋាន និង រស់នៅអចិន្ត្រៃយ៍ របស់ប្រជាពលរដ្ឋ ។ ក្នុងនោះដែរឯកឧត្តមក៏បានបញ្ជាក់ផងដែរថា ក្រោយពីទទួលបានសមទ្ធិផលថ្មីផ្លូវ៣៨ខ្សែ និងការកែលម្អរ ដងស្ទឹងសៀមរាប ឱ្យកាន់តែមានសោភណ្ឌភាពស្រស់ស្អាត ដេីម្បីទទួលស្វាគមន៍ភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ ចូលមកកាន់ ខេត្តសៀមរាប ព្រមទាំងលើកនូវគម្រោងកែលម្អរស្ទឹងសៀមរាបជំហាន២ ក្រោមឥណទានសម្បទារបស់ធនាគារ អាហរណ៍ នីហរណ៍សាធារណរដ្ឋកូរ៉េ ដែលនឹងដំណើរការឆាប់ៗនេះធ្វើឱ្យតំបន់មាត់ស្ទឹង កាន់តែមានសោភណ្ឌភាព និង បញ្ជៀសបានទឹកលិចក្រុងសៀមរាបនៅរដូវវស្សា។
ឯកឧត្តម អ៊ាន ឃុន ក៏បានធ្វើការវាយតម្លៃខ្ពស់ និង កោតសរសើរពីការខិតខំប្រឹងប្រែងរបស់រដ្ឋបាលខេត្ត ក្នុងការចូលរួមថែរក្សាសន្តិសុខសណ្តាប់ធ្នាប់សាធារណៈក្នុងខេត្ត ធានាបានសុវត្ថិភាពខ្ពស់ បន្ទាប់ពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ។ ឯកឧត្តម បានបន្តទៀតថា ពាក់ព័ន្ធការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ រដ្ឋបាលខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ នៅតែបន្តកិច្ចការរដ្ឋបាល ការបម្រើសេវាសាធារណៈ ការ ដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ និងការអភិវឌ្ឍមូលដ្ឋាន តាមគម្រោងនានាសម្រាប់ឆ្នាំ២០២២៕