
នៅក្នុងកិច្ចប្រជុំពិភាក្សានេះ អង្គប្រជុំបានពិនិត្យទៅលើបញ្ហាមួយចំនួនអំពីមូលហេតុដែលប្រជាជពលរដ្ឋមួយចំនួនដែលមានពិការភាព និងក្រុមងាយរងគ្រោះមួយចំនួនពុំទាន់បានទទួលការចាក់វ៉ាក់សាំងបង្ការឆ្លងជំងឺកូវីដ១៩ គ្រប់ដូស ឬ ជាដូសជំរុញបន្ថែម ដែលរាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់ខ្ពស់ទៅលើសុខភាពរបស់ប្រជាពលរដ្ឋគ្រប់រូប ដោយមិនមានការរើសរើង ឬក៏ទុកប្រជាពលរដ្ឋណាម្នាក់ចោល ដោយមិនឱ្យពួកគេមិនទទួលបាននូវអ្វីដែលពួកគេត្រូវតែទទួលបាននោះឡើយ ពោលគឺរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតឈ្លាសវៃ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញ និងអនុវត្តនូវយុទ្ធសាស្ត្រ ការចាក់ស្រោចវ៉ាក់សាំងជូនប្រជាពលរដ្ឋទូទាំងប្រទេស។
លើសពីនោះទៅទៀត សម្តេចតេជោ បានជំរុញឱ្យមានការពិនិត្យបន្ថែមអំពីលទ្ធភាពរបស់ប្រជាពលរដ្ឋដែលជាគ្រួសារក្រីក្រ ជនមានពិការភាព និងជនងាយរងគ្រោះ ឬ បងប្អូនពលករដែលបានវិលត្រឡប់មកពីក្រៅប្រទេសវិញ ដែលនៅឆ្ងាយ ឬនៅតំបន់ដាក់ស្រយាល ដែលខ្វះមធ្យោបាយធ្វើដំណើរ ឬ ពុំទទួលបានពត៌មានអំពីការផ្តល់ជូននូវវ៉ាក់សាំងដែលជាដូសជំរុញជាបន្តបន្ទាប់នោះ ដូចនេះអាជ្ញាធរគ្រប់លំដាប់ថ្នាក់ត្រូវគិតគូ និងផ្តល់ជូនប្រជាពលរដ្ឋតាមលទ្ធភាពដែលអាចធ្វើទៅបាន ទៅតាមការផ្តល់ជូន និងការកំណត់របស់ក្រសួងសុខាភិបាល។
ដើម្បីឆ្លើយតបទៅនឹងបញ្ហារបស់ប្រជាពលរដ្ឋខាងលើ អង្គប្រជុំបានរៀបចំផែនការចុះផ្សព្វជំរុញបន្ថែម និងសម្របសម្រួលលើការរៀបចំទីតាំងចាក់ផ្តល់វ៉ាក់សាំងជូនប្រជាពលរដ្ឋ ឱ្យបានគ្រប់ដូស ពិសេសគ្រួសារក្រីក្រងាយរងគ្រោះ និងជនមានពិការភាព ដោយមានការចូលរួមពីអាជ្ញាធរពាក់ព័ន្ធ ព្រមទាំងមានការរួមគាំទ្រ និងសហការពីអង្គការយូនីសេហ្វ និងអង្គការរ៉ាឆាផងដែរ ដើម្បីរួមគ្នាប្រយុទ្ធប្រឆាំងការរីករាលដាលជំងឺកូវីដ១៩ និងកិច្ចគាំពារសង្គម៕