
មានប្រសាសន៍នៅក្នុងពិធីបើកសិក្ខាសាលា លោកស្រីអភិបាលរងខេត្ត និងជាប្រធានក្រុមការងារកិច្ចការពារកុមារខេត្តសៀមរាប បានថ្លែងអំណរគុណចំពោះអង្គការភ្លែនអន្តរជាតិប្រចាំនៅកម្ពុជា ដែលបានជ្រើសរើសខេត្តសៀមរាប ជាខេត្តគោលដៅសម្រាប់អនុវត្តគម្រោងកិច្ចការពារជំនាន់ថ្មី ឬ Protection Plus ” ក្នុងក្របខណ្ឌគម្រោងរយៈពេល៣ឆ្នាំ (ខែតុលាឆ្នាំ២០២១ដល់ខែមិថុនាឆ្នាំ២០២៤) ដើម្បីឱ្យកុមារ ក្មេងជំទង់ និងយុវជន ព្រមទាំងកុមាររងគ្រោះ រស់នៅដោយចាកផុតពីអំពើហិង្សា ការរំលោភបំពាន ការកេងប្រវ័ញ្ច ការប្រងើយកន្តើយ និងទទួលបានសេវាគាំទ្រសម្របសម្រួល និងប្រកបដោយគុណភាព ដែលគម្រោងនេះ បាននឹងកំពុងអនុវត្តដោយអង្គការចំនួន០៤ រួមមានអង្គការសកម្មភាពដើម្បីកុមារ (APLE) អង្គការជំហានដំបូងកម្ពុជា (FSC) អង្គការចិត្តសង្គមអន្តរវប្បធម៌ (TPO) និងអង្គការបណ្តាញទូរស័ព្ទជំនួយកុមារកម្ពុជា (CHC) នៅក្នុងស្រុកគោលដៅចំនួនទាំង៤ រួមមាន ស្រុកបន្ទាយស្រី ស្រុកអង្គរធំ ស្រុកអង្គរជុំ និងស្រុកស្រីស្នំ ក្នុងភូមិចំនួន១០៨ លើឃុំចំនួន២៣ ក្នុងខេត្តសៀមរាប។ ដើម្បីជំរុញការអនុវត្តគម្រោងកិច្ចការពារកុមារជំនាន់ថ្មី ឱ្យដំណើរការទៅបានដោយរលូន រដ្ឋបាលខេត្តសៀមរាប បានចេញសេចក្តីសម្រេចស្តីពី ការបង្កើតក្រុមការងារដើម្បីដឹកនាំសម្របសម្រួល និងអនុវត្តគម្រោងកិច្ចការពារជំនាន់ថ្មី ដែលមានមន្ទីរអង្គភាពាក់ព័ន្ធ រដ្ឋបាលស្រុកគោលដៅ និងអង្គការដែលទទួលអនុវត្តគម្រោងទាំង៤ ដើម្បីបង្ករលក្ខណៈកាន់តែងាយស្រួលក្នុងចុះទៅបំពេញភារកិច្ច នៅតាមមូលដ្ឋានគោលដៅ។
លោកស្រីបានបន្ថែមទៀតថា ការរៀបចំផែនការសកម្មភាព គឺផែនទីវាស់វែងដ៏សំខាន់ក្នុងការអនុវត្តគម្រោង ឱ្យឆ្លើយតបទៅនឹងតម្រូវការ និងបញ្ហាពិតប្រាកដ របស់ប្រជាពលរដ្ឋ ដែលទាមទារឱ្យមានពត៌មាន និងទិន្នន័យគ្រប់គ្រាន់និងច្បាស់លាស់ សម្រាប់ធ្វើការវិភាគ និងដាក់ចេញនូវវិធានការ និងដំណោះស្រាយសមស្របសម្រាប់ឆ្លើយតបនឹងបញ្ហាទាំងនោះ ពិសេសបញ្ហារបស់ស្រ្តីកុមារ ជនមានពិការភាព ឬជនរងគ្រោះ និងងាយរងគ្រោះ។ លោកស្រីអភិបាលរងខេត្ត បានលើកទឹកចិត្តដល់អង្គការទាំង០៤ ដែលបាននឹងកំពុងអនុវត្តគម្រោង សូមឱ្យការរៀបចំផែនការនិងការអនុវត្តសម្មភាពត្រូវឆ្លើយតបផងដែរទៅនឹងផែនការយុទ្ធសាស្រ្តរបស់ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ គោលនយោបាយជាតិ ស្តីពីប្រព័ន្ធនៃកិច្ចគាំពារកុមារ ឆ្នាំ២០១៩-២០២៩ អនុសញ្ញាស្តីពីសិទ្ធិកុមារនៅកម្ពុជា ព្រមទាំងត្រូវមានកិច្ចសហការជាមួយមន្ទីរ អង្គភាពជំនាញ និងអាជ្ញាធរមូលដ្ឋានក្នុងឃុំ ស្រុកគោលដៅឱ្យបានល្អប្រសើរ៕