
ឱកាសបើកយុទ្ធនាការសម្អាតបរិស្ថាននេះ លោក នាក់ ណេរ៉ុន អភិបាលរងខេត្តសៀមរាប បានថ្លែងអំណរគុណចំពោះគណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាតនៃក្រសួងទេសចរណ៍ ដែលបានជ្រើសរើសខេត្តសៀមរាបរៀបចំនូវយុទ្ធនាការកម្ពុជាស្អាតនេះឡើង ក្នុងគោលបំណងរួមចំណែកជំរុញភាពស្អាត ក្នុងក្រុងសៀមរាប នាតំបន់បឹងទន្លេសាប ដូច្នេះការបរិស្ថានពិតជាមានសារៈសំខាន់ណាស់ ក្នុងការទាក់ទាញទេសចរណ៍។ លោកបានបន្តថា ដោយមានការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាល ជាពិសេសនឹងមានការចង្អុលបង្ហាញពីក្រសួងទេសចរណ៍ និងមានការគាំទ្រពីស្ថាប័នជំនាញនានា ថែមទាំងមានកិច្ចសហការល្អ វិស័យឯកជន ដៃគូអភិវឌ្ឍជាតិ និងអន្តរជាតិ ជាពិសេសការរួមចំណែកគាំទ្រពីប្រជាពលរដ្ឋក្នុងខេត្ត ក៏ដូចជាភ្ញៀវទេសចរជាតិ និងអន្តរជាតិ ធ្វើឲ្យវិស័យទេសចរណ៍មានការរីកចម្រើនពីមួយឆ្នាំទៅមួយឆ្នាំ រួមចំណែកលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ និង កាត់បន្ថយភាពក្រីក្រជូនប្រជាពលរដ្ឋផងដែរ។
លោក ហ៊ួត រិទ្ធី អគ្គលេខាធិការរងគណៈកម្មាធិជាតិវាយតម្លៃទីក្រុងស្អាត និងជាប្រធាននាយកដ្ឋានសេវាគាំពារទីក្រុងស្អាត បានលើកឡើងថា គណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត នៃក្រសួងទេសចរណ៍ មានសេចក្តីរីករាយដែលបានរៀបចំព្រឹត្តិការណ៍កម្ពុជាស្អាត និងកម្ពុជាបៃតង នៅតំបន់សហគមន៍ចុងឃ្នៀស។ លោកក៏បានបញ្ជាក់ថា កាលពីមិនទាន់មានកូវីដ-១៩ សហគមន៍ចុងឃ្នៀស ទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិ ជាច្រើនម៉ឺននាក់ក្នុងមួយឆ្នាំៗ បាននាំថវិកាមកជួយប្រជាជន និងជួយរដ្ឋផងដែរ ហើយអត្ថប្រយោជន៍នៃភាពស្អាត និងភាពបៃតង បានចូលរួមចំណែកស្តារសេដ្ធកិច្ច និងលើកមុខមាត់ប្រទេសជាតិទៀតផង។ លោកក៏សង្ឃឹមថា សហគមន៍បឹងទន្លេសាបនឹងស្អាតគ្មានសំណល់ប្លាស្ទិក ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ឱ្យមកកម្សាន្តកម្ពុជាតិកាន់តែច្រើនថែមទៀត។
លោក ស៊ា សុផល ប្រធានអង្គការទំពាំងស្នងឫស្សី មានក្ដីរំពឹងថា យុទ្ធនាការសម្អាតបរិស្ថាននៅរដូវទឹកឡើងនេះ នឹងជួយឱ្យសហគមន៍ជាប់បឹងទន្លេសាប មានសោភ័ណភាពស្អាត ពិសេសជួយដល់ប្រព័ន្ធជីវៈចម្រុះក្នុងទឹកជាច្រើន ខណៈដែលទឹកនឹងចាប់ផ្តើមឡើងជាបណ្ដើរៗនាពេលឆាប់ៗខាងមុខនេះ។ លោកក៏ចង់ឃើញសហគមន៍ទាំងអស់ មានស្មារតីស្រឡាញ់បរិស្ថាន ចេះគ្រប់គ្រងសំណល់ប្លាស្ទិក និងយល់ពីគុណវិបត្តិនានាដែលកើតពីការចោលសំរាមប្លាស្ទិកមិនបានត្រឹមត្រូវផងដែរ៕