
អង្គសន្និបាតបានដំណើរការទៅដោយទទួលបានមតិយោបល់យ៉ាងផុលផុសពីមន្ត្រីបោះឆ្នោត តំណាងគណបក្សនយោបាយ តំណាងអាជ្ញាធរស្រុក បានលើកឡើងពីចំណុចខ្លាំងនិងចំណុចខ្សោយ និង សំណូមពរមួយចំនួនផងដែរ។ លោក នឹម វ៉ាន់សំ ប្រធានគណៈកម្មការៀបចំការបោះឆ្នោតខេត្តសៀមរាប បានបកស្រាយបំភ្លឺ នូវរាល់សំណួរ និងសំណូមពរជូនអង្គសន្និបាទ ហើយចំណុចសំនួរ និង សំណូមពរណាដែលមិនមាននៅក្នុងនិតិវិធីនៃការបោះឆ្នោត នឹងកត់ត្រា ដើម្បីដាក់ជូនទៅគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ។ លោកបានមានប្រសាសន៍ថា ជាទូទៅការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់សម្រាប់អាណត្តិទី៥ កាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២កន្លងមកថ្មីៗនេះ បានដំណើរការទៅដោយរលូន គ្មានការគំរាមកំហែង គ្មានអំពើហិង្សា និងដោយគ្មានការភ័យខ្លាចនោះឡើយ ហើយត្រូវបានមតិជាតិ និងអន្តរជាតិភាគច្រើនបានវាយតម្លៃថា បានប្រព្រឹត្តិទៅក្នុងបរិយាកាសសន្តិសុខ និងមានសណ្តាប់ធ្នាប់របៀបរៀបរយល្អ មានតម្លាភាព សេរី ត្រឹមត្រូវយុត្តិធម៌ស្របតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ហើយបើប្រៀបធៀបទៅនឹងការបោះឆ្នោតមុនៗ ការបោះឆ្នោតលើកនេះមានភាពល្អប្រសើរច្រើនឡើងៗ ទាំងលើទិដ្ឋភាពច្បាប់ និងទិដ្ឋភាពបច្ចេកទេស។ លោកបានបន្តថា ការរៀបចំបោះឆ្នោតនេះទទួលបានជោគជ័យទៅបានអាស្រ័យដោយកត្តាសំខាន់ៗមានដូចជា អំពីក្របខ័ណ្ឌច្បាប់ បទបញ្ជា និងនិតិវិធី រចនាសម្ព័ន្ឋគ្រប់គ្រង ការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត ការអប់រំអ្នកបោះឆ្នោតនិងសាធារណជន ការប្រើប្រាស់វិទ្យុ និងទូរទស្សន៍របស់រដ្ឋ អំពីតម្លាភាពក្នុងការទទួលនិងបញ្ជូនទិន្នន័យ និង ការដាក់ ការទទួល និងដោះស្រាយពាក្យបណ្តឹង ។
ថ្លែងក្នុងឱកាសនោះ ឯកឧត្តម គុជ លីណា បានសម្តែងនូវការកោតសរសើរចំពោះគណបក្សនយោបាយ អ្នកសង្កេតការណ៍ជាតិ អន្តរជាតិ ភាគីពាក់ព័ន្ធព្រមទាំបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលបានចូលរួមអនុវត្ត និងគោរពច្បាប់បោះឆ្នោត បទបញ្ជា និតិវិធី និងក្រមសីលធម៌សម្រាប់ការបោះឆ្នោតប្រកបដោយស្មារតីទទួលខុសត្រូវ និង ភាពថ្លៃថ្នូរដែលធ្វើឲ្យការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់សម្រាប់អាណត្តិទី៥នេះ ទទួលបានលទ្ឋផលល្អប្រសើរទាំងលើទិដ្ឋភាពច្បាប់ និង ទិដ្ឋភាពបច្ចេកទេសក្រោមបរិយាកាសសន្តិភាព ស្ថិរភាព សន្តិសុខសណ្តាប់ធ្នាប់របៀបរៀបរយគ្មានការគំរាមកំហែងនិងគ្មានអំពើហិង្សានោះឡើយ។ ឯកឧត្តមលើកឡើងថា នៅពេលខាងមុខនេះ ប្រទេសយើងនឹងរៀបចំការពិនិត្យបញ្ជីឈ្មោះ ការចុះឈ្មោះបោះឆ្នោត និងការរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនិតិកាលទី៧ ឆ្នាំ២០២៣ ហើយខេត្តសៀមរាប មានការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការធានាឲ្យដំណើរការនៃយន្តការទាំងនេះ ឲ្យប្រព្រឹត្តិទៅដោយសេរី ត្រឹមត្រូវ យុត្តិធម៌ និងមានសុវត្ថិភាព ហេតុនេះសូមអំពាវនាវដល់អ្នកពាក់ព័ន្ធទាំងអស់ បន្តចូលរួមនៅក្នុងកិច្ចដំណើរការនៃការបោះឆ្នោតនាពេលខាងមុខប្រកបដោយភាពស្មោះត្រង់ និងការទទួលខុសត្រូវខ្ពស់សំដៅលើកកម្ពស់ដំណើរការនៃលទ្ធិប្រជាធិបតេយ្យ និងការបោះឆ្នោតនៅកម្ពុជា រក្សាបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ ការរក្សាបាននូវកំណើនសេដ្ឋកិច្ចខ្ពស់ដោយឈរលើស្មារតីតម្កល់ផលប្រយោជន៍ជាតិនិងប្រជាជនជាធំ ៕