
លោក នាក់ ណេរ៉ុន បានគូសបញ្ជាក់ថាចាប់តាំងពីការអនុវត្តនូវកម្មវិធីកំណែទម្រង់វិមជ្ឈការ និង វិសហមជ្ឈការមក រាជរដ្ឋាភិបាលបានដាក់ចេញជាបន្តបន្ទាប់នូវការងារកំណែទម្រង់ធំៗជាច្រើនដល់រដ្ឋបាលថ្នាក់ក្រោមជាតិ តួយ៉ាងតាមរយៈការបន្តពង្រឹង និងអភិវឌ្ឍន៍ធនធានមនុស្ស ការផ្ទេរមុខងារ ធនធានថវិកា និងទ្រព្យសម្បត្តិ សំដៅធានាឲ្យរដ្ឋបាលគ្រប់ថ្នាក់នៅថ្នាក់ក្រោមជាតិបំពេញការងារប្រកបដោយគណនេយ្យភាព តម្លាភាព និងការឆ្លើយតប ក្នុងការផ្តល់សេវាសាធារណៈសម្រាប់ការអភិវឌ្ឍមូលដ្ឋាន ដើម្បីរួមចំណែកអភិវឌ្ឍន៍ សង្គមសេដ្ឋកិច្ចជាតិប្រកបដោយចីរភាព។ សមិទ្ធផលនៃកំណែទម្រង់ខាងលើនេះ បានលើកកម្ពស់នូវគុណភាពសេវា និងបានលើកទឹកចិត្ត ឲ្យមន្រ្តីរាជការនៅរដ្ឋបាលថ្នាក់ក្រោមជាតិ បន្តកិច្ចខិតខំប្រឹងប្រែងបោះជំហានកាន់តែស៊ីជម្រៅថែមទៀត ក្នុងការផ្តល់សេវាជូនប្រជាពលរដ្ឋឱ្យកាន់តែមានប្រសិទ្ធភាព និងប្រសិទ្ធផល ឆ្លើយតបទៅនឹងគោលការណ៍អភិបាលកិច្ចល្អ។
នាឱកាសនេះដែរឯកឧត្តម ប្រាក់ សំអឿន ក៏បានលើកពីគោលបំណងនៃកិច្ចប្រជុំ គឺដើមី្បពង្រឹងប្រសិទ្ធភាពនៃការអនុវត្តតួនាទី ភារកិច្ចរបស់ការិយាល័យប្រជាពលរដ្ឋរាជធានី ខេត្ត និង ធ្វើកិច្ចពិភាក្សាស៊ីជម្រៅទៅលើបញ្ហា ប្រឈមនានា ដែលបានជួបប្រទះ និង លើកពីដំណោះស្រាយក្នុងការបំពេញការងារ របស់ការិយាល័យប្រជាពលរដ្ឋ ព្រមទាំងធ្វើការផ្សព្វផ្សាយគោលការណ៍ណែនាំ ស្តីពីដំណើរការវាយតម្លៃ លើការបំពេញការងាររបស់ការិយាល័យប្រជា ពលរដ្ឋ រាជធានី ខេត្ត ។ ឯកឧត្តមក៏បានបញ្ជាក់ផងដែរថា ការបង្កើតការិយាល័យប្រជាពលរដ្ឋនៅនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងគោលបំណងលើកកម្ពស់អភិបាលកិច្ចល្អ ក្នុងការផ្តល់សេវា និង ការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន តាមរយៈការពង្រឹងតួនាទី ភារកិច្ចរដ្ឋបាលថ្នាក់ក្រោមជាតិ លើការទទួល សម្រុះសម្រួលដោះស្រាយពាក្យបណ្តឹងនៅក្រៅប្រព័ន្ធតុលា ការ ដែលពាក់ព័ន្ធនឹងការផ្តល់សេវាសាធារណៈ និង ការគ្រប់គ្រងរដ្ឋបាលនៅថ្នាក់ក្រោមជាតិ ប្រកបដោយតម្លាភាព គណនេយ្យភាព និង ប្រសិទ្ធភាព សំដៅបង្កើនជំនឿទុកចិត្តរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន ។
ឯកឧត្តម អគ្គនាយកបាន បញ្ជាក់ថា កិច្ចប្រជុំឆ្លុះបញ្ចាំង ស្តីពីលទ្ធផលការអនុវត្តការងារប្រចាំឆមាសទី១ ឆ្នាំ២០២២ របស់ការិយាល័យប្រជាពល រដ្ឋរាជធានី ខេត្ត គឺជាសកម្មភាពមួយដែលឆ្លើយតបទៅនឹងការអនុវត្តផែនការ សកម្មភាពប្រចាំឆ្នាំ២០២២ របស់នាយក ដ្ឋានមុខងារ និង ធនធាន ក្រោមកិច្ចប្រតិបត្តិការជាមួយអង្គការតម្លាភាពកម្ពុជា ។ ក្នុងនោះដែរឯកឧត្តមក៏បានលើកសំណួរចំនួន៤ មកធ្វើកិច្ចពិភាក្សា ព្រមទាំងសូមឲ្យសមាជិកកិច្ចប្រជុំទាំងមូល ចូលរួមមតិ លើកជាយោបល់លើការងារអនុវត្តនៅតាមមូលដ្ឋានរបស់ខ្លួន ព្រមទាំងបានលើកនូវសូចនាករសំខាន់ៗមួយចំនួន ដែលពាក់ព័ន្ធទៅនិងការបំពេញ តួនាទី ភារកិច្ចរបស់ការិយាល័យប្រជាពលរដ្ឋរាជធានី ខេត្ត ។
ក្នុងកិច្ចពិភាក្សានោះដែរ កិច្ចប្រជុំបានទទួលនូវចំណុចល្អៗ និង បញ្ហាប្រឈមមួយចំនួន ដែលធាតុរួមបញ្ចូលមួយសម្រាប់ការិយាល័យប្រជាពលរដ្ឋរាជធានី ខេត្ត យកទៅអនុវត្តនៅឆមាសទី២បន្ត ឲ្យទទួលបានលទ្ធផលល្អ ក្នុងការប្រឡងប្រណាំងយកជ័យលាភីប្រចាំឆ្នាំទៀតផង ៕