
កិច្ចប្រជុំធ្វើឡើងក្នុងគោលបំណង ដើម្បីជជែកពិភាក្សា ស្វែងរកកិច្ចសហប្រតិបត្តិការ សាមគ្គីគ្នាក្នុងការអនុវត្តការងារ ពាក់ព័ន្ឋនឹងការទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ រវាងអាជ្ញាធរមានសមត្ថកិច្ច អាជ្ញាធរក្រុងស្រុក ជាមួយ អង្គការថែរក្សាការពារធនធានធម្មជាតិ និងអង្គការការពារបរិស្ថាននិងសិទ្ឋិពលរដ្ឋកម្ពុជា ។ អង្គប្រជុំបានលើកជាមតិយោបល់នូវបញ្ហាប្រឈម និងសំណូមពរមួយចំនួន ដើម្បីរួមគ្នាដោះស្រាយ និងមានវិធានការចំពោះបុគ្គលឬអង្គភាព អាជ្ញាធរសមត្ថកិច្ច ស្ថាប័នណាដែលប្រព្រឹត្តិផ្ទុយពីតួនាទី ភារកិច្ច និងវិជ្ជាជីវៈជំនាញរបស់ខ្លួន ។ ក្នុងនោះ អាជ្ញាធរក្រុង ស្រុក និង មន្ត្រីជំនាញពាក់ព័ន្ឋ បានស្នើឲ្យអង្គប្រជុំយកចិត្តទុកដាក់ទៅលើការប្រើប្រាស់ នូវឯកសណ្ឋាន សិទ្ឋិ និងតួនាទីរបស់វិស័យសារព័ត៌មាន និងអង្គការសង្គម សមាគមនានា គឺ ពួកគាត់ពុំមាននិតិសម្បទាជាមន្ត្រីនគរបាលយុត្តិធម៌ ដោយមិនអាចឃាត់ចាប់ឬសួរនាំអ្នកប្រព្រឹត្តិបទល្មើសឡើយ។ ប៉ុន្តែពួកគាត់មានសិទ្ឋិសរសេរព័ត៌មាន និងសុំការទំនាក់ទំនងសហការ និង រាយការណ៍ជូនទៅអាជ្ញាធរមូលដ្ឋាន ឬកម្លាំងមានសមត្ថកិច្ចឈរជើងនៅគោលដៅដែលកៀកបំផុត ដើម្បីបង្ក្រាបបទល្មើសនោះ ។ កន្លងមកក៏មានសមាគម អង្គការសង្គមស៊ីវិលខ្លះនិងស្ថាប័នអ្នកសារព័ត៌មានមួយចំនួន ពេលជួបបទល្មើសពួកគាត់មិនបានសុំការសហការពីអាជ្ញាធរដែនដីឬកម្លាំងសមត្ថកិច្ចនោះទេ ដែលជាហេតុនាំឲ្យរំខានដល់ការប្រកបមុខរបរតូចតាចពីអនុផលព្រៃឈើរបស់បងប្អូនប្រជាពលរដ្ឋ ដែលបណ្តាលឲ្យគាត់មានការថ្នាំងថ្នាក់ជាបន្តបន្ទាប់ ។
ក្នុងនោះដែរលោក លីវ សុខុន ប្រធានមន្ទីរព័ត៌មានខេត្តមានប្រសាសន៍ថា ពាក់ព័ន្ឋទៅនឹងវិស័យព័ត៌មានថ្វីត្បិតតែមន្ទីរមិនមានសិទ្ឋិក្នុងការត្រួតពិនិត្យ គ្រប់គ្រង និងតាមដានសកម្មភាពរបស់ស្ថាប័នព័ត៌មានឯកជនក្តី តែមន្ទីរតែងតែសហការ និងណែនាំដល់គ្រប់អង្គភាពព័ត៌មានដែលអាជ្ញាប័ណ្ណមានសុពលភាព ដើម្បីយកមកចុះបញ្ជី ព្រមទាំងតែងតែសហការសម្របសម្រួលនិងដោះស្រាយភាពប្រទាំងប្រទើសជាច្រើន រវាងអាជ្ញាធរដែនដីនិងសមត្ថកិច្ចជាមួយអ្នកសារព័ត៌មានពុំដែលធ្វេសឡើយ ។ លោកនៅតែបន្តពង្រឹងសហការគ្រប់ជ្រុងជ្រោយជាមួយអាជ្ញាធរក្រុងស្រុក ក៏ដូចជាមន្ត្រីមានសមត្ថកិច្ច ដើម្បីទប់ស្កាត់ជនបន្លំជាអ្នកសារព័ត៌មាន ឬ អ្នកព័ត៌មានណាដែលពុំមានលិខិតឧទ្ទេសនាម និង ប័ណ្ណសម្គាល់ខ្លួន និង ប្រើប្រាស់តួនាទីប្រាសចាកពីក្រមសីលធម៌និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ។
មានមតិបូកសរុបអង្គប្រជុំ លោក អ៉ឹង គឹមលាង ក៏បានជម្រុញ និងណែនាំឲ្យមន្ទីរព័ត៌មានខេត្ត បន្តគ្រប់គ្រង និងស្រង់ទិន្នន័យ និង ចុះបញ្ជីនូវស្ថាប័នព័ត៌មានដែលមានសុពលភាពក្នុងខេត្តទាំងអស់ ហើយអាជ្ញាធរខេត្ត នឹង ជ្រើសរើសនូវពេលវេលាសមស្របណាមួយ រៀបចំជួបប្រជុំជាមួយបណ្តាញសារព័ត៌មានក្នុងខេត្ត ។ លោកអភិបាលរងខេត្តបានផ្តល់ចំណុចគន្លឺះសំខាន់ៗមួយចំនួន ដើម្បីឲ្យកិច្ចការពាក់ព័ន្ឋនឹងកិច្ចសហការលើការងារទប់ស្កាត់និងបង្ក្រាបបទល្មើស រវាងអាជ្ញាធរសមត្ថកិច្ច ជាមួយអង្គការ សមាគម និងអ្នកសារព័ត៌មាន ប្រព្រឹត្តិទៅដោយត្រឹមត្រូវ ស្របតាមបទ ដ្ឋាន ច្បាប់គតិយុត្តិនានា និងនិតិវិធី តាមជំនាញនិងវិជ្ជាជីវៈរៀងៗខ្លួន ។ លោកបានបន្តទៀតថា ចំពោះអង្គការ និងសមាគម ត្រូវគោរពតាមលក្ខន្តិកៈរបស់ខ្លួននិងបានចុះបញ្ជីត្រឹមត្រូវតាមច្បាប់ ហើយមានតួនាទីពេញលេញទៅលើតែការសហការចូលរួម ផ្តល់ព័ត៌មាន អង្គេត និងតាមដាន ពុំមានតួនាទី ក្នុងការស្រាវជ្រាវលើករណីបទល្មើសណាមួយឡើយ លើកលែងតែមានការសុំដីកាពីព្រះរាជអាជ្ញានិងសុំគោលការណ៍ និងចំណាឯកភាពពីអាជ្ញាធរខេត្ត ជាពិសេសចូលរួមគោរពច្បាប់និងបទដ្ឋានគតិយុត្តិនានាដែលមានជាធរមាន ចៀសវាងការរំលោភសិទ្ឋិគ្នា៕