
កិច្ចប្រជុំនេះបានពិនិត្យ ពិភាក្សា និងអនុម័ត នូវរបៀបវារៈសំខាន់ៗចំនួន ០៣ និងបានដោះស្រាយនូវបញ្ហាផ្សេងៗ
រួមមាន៖
១-អនុម័តលើសេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី៣៧ របស់ក្រុមប្រឹក្សាខេត្តសៀមរាប កាលពីថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២២។
២-អនុម័តលើសេចក្តីព្រាងរបាយការណ៍ប្រចាំឆមាសទី១ ស្តីពីការអនុវត្តការងាររបស់រដ្ឋបាលខេត្តសៀមរាប។
៣ -អនុម័តលើការកែសម្រួលសមាសសភាពក្នុងសេចក្តីសម្រេចស្តីពីការបង្កើតក្រុមការងារកសាងផែនការអភិវឌ្ឍរយៈពេលប្រាំឆ្នាំ និងកម្មវិធីវិនិយោគបីឆ្នាំរំកិល របស់រដ្ឋបាលខេត្តសៀមរាប។
បន្ទាប់ពីអនុម័តនូវរបៀបវារៈទាំងបី អង្គប្រជុំបានពិភាក្សាអំពីបញ្ហាផ្សេងៗ ក្នុងនោះកិច្ចប្រជុំ ឯកឧត្តម ទេស ច័ន្ទគីរី សមាជិកក្រុមប្រឹក្សាខេត្តសៀមរាប បានលើកឡើងថា កិច្ចការធ្វើអត្តសញ្ញាណប័ណ្ណជូនប្រជាពលរដ្ឋនេះសំខាន់ណាស់ ជាពិសេសពលរដ្ឋដែលត្រូវគ្រប់អាយុបោះឆ្នោត។ ឯកឧត្តមបន្តថា កន្លងមក ការធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរមានសភាពយឺតយូរ ដែលបញ្ហានេះឯកឧត្តមបានទទូចសុំឱ្យយមានការសម្របសម្រួលយ៉ាងណាឱ្យបានលឿនជាងនេះ។ ជាមួយគ្នានេះដែរ ឯកឧត្តម ទេស ច័ន្ទគីរី ក៏បានស្នើសុំទៅរដ្ឋបាលខេត្តពិនិត្យអំពីលទ្ធភាពក្នុងការធ្វើអត្តសញ្ញាណប័ណ្ណជូនសិស្សានុសិស្សតាមវិទ្យាល័យនានាដែលគ្រប់អាយុសម្រាប់ការបោះឆ្នោះជាតិនៅឆ្នាំ២០២៣ខាងមុខនេះផងដែរ។
ចំពោះបញ្ហាអត្តសញ្ញាណប័ណ្ណនេះ ស្នងការនគរបាលខេត្តសៀមរាប លោកឧត្តមសេនីយ៍ត្រី តេង ច័ន្ទណាត បានលើកឡើងថា លោកនឹងនាំយកករណីនេះ ដាក់ជូនថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ជាពិសេសអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ។
លោក អ៉ឹង គឹមលាង អភិបាលរងខេត្តសៀមរាប ក៏បានលើកឡើងដែរថា អាជ្ញាធរខេត្ត នឹងពិភាក្សាជាមួយមន្ទីរអប់រំយុវជន និងកីឡា អំពីករណីជំរុញការធ្វើអត្តសញ្ញាណប័ណ្ណជូនសិស្សានុសិស្សតាមគ្រប់វិទ្យាល័យដែលគ្រប់អាយុបោះឆ្នោតនាឆ្នាំ២០២២ខាងមុខនេះ។
ថ្លែងក្នុងបិទកិច្ចប្រជុំ ឯកឧត្តម អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្តបានថ្លែងអំណរគុណចំពោះវត្តមានឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលបានចូលរួមក្នុងកិច្ចប្រជុំនាពេលនេះ។ ជាមួយគ្នានេះ ឯកឧត្តម ប្រធានបានជំរុញឱ្យថ្នាក់ដឹកនាំនិងស្ថាប័នពាក់ព័ន្ធចូលរួមដោះស្រាយរាល់បញ្ហារបស់បងប្អូនប្រជាពលរដ្ឋដែលបានលើកឡើងនៅនឹងមូលដ្ឋាន៕