
ឯកឧត្តម សាយ សំអាល់ បានមានប្រសាសន៍ថា ឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម “ភ្នំគូលែន” មិនត្រឹមតែជាតំបន់ដែលមានជីវៈចម្រុះគ្រប់ប្រភេទនោះទេ ថែមទាំងជាទឹកដីពោរពេញដោយសម្បត្តិវប្បធម៌ អរិយធម៌ពីបុរាណផងដែរ។ ដូចនេះ យើងនឹងធ្វើឱ្យឧទ្យានជាតិមួយនេះឱ្យក្លាយជាតំបន់ទេសចរណ៍ផ្សារភ្ជាប់នឹងទឹកដី ដោយធ្វើយ៉ាងណាបង្កើននូវចំណូលជូនប្រជាសហគមន៍ តាមរយៈអេកូទេសចរណ៍ ការចិញ្ចឹមសត្វ ដាំដំណាំកសិកម្ម និងការកសាងសេដ្ឋកិច្ចមូលដ្ឋាន គឺពិតជាមានសារៈសំខាន់ណាស់ ក្នុងកិច្ចការពារអភិរក្សធនធានធម្មជាតិ ពីព្រោះថា កាលណាជីវភាពក្នុងសហគមន៍រីកចម្រើន ពួកគាត់មានការងារធ្វើ មានប្រាក់ចំណូល នោះពួកគាត់ក៏លែងចូលព្រៃកាប់ឈើ ទន្ទ្រានដី ឬបរបាញ់សត្វទៀតដែរ។ ជាក់ស្តែងនៅក្នុងឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម “ភ្នំគូលែន” យើងបានបង្កើតស្ថានីយបន្សុទ្ធពូជជ្រូកកណ្តុរ សម្រាប់ចែកជូនដល់សហគមន៍ផ្សេងៗ ក្រៅពីទទួលប្រាក់ចំណូលពីអនុផលព្រៃឈើ និងបានជំរុញឱ្យពួកគាត់ចិញ្ចឹមសត្វ ដាំដំណាំបន្លែបង្ការផ្សេងៗរួមផ្សំ ដើម្បីបង្កើនប្រាក់ចំណូល និងធានាបាននូវសន្តិសុខស្បៀងសម្រាប់សហគមន៍ ក៏ដូចជាតំបន់ការពារធម្មជាតិដែលពួកគាត់រស់នៅ។
លេីសពីនេះឯកឧត្ដម បានបន្ថែមថា ការដើរកម្សាន្តរបស់ភ្ញៀវទេសចរគ្រប់ទីកន្លែងក្នុងប្រទេស ក៏ដូចជា ការអភិវឌ្ឍសព្វបែបយ៉ាងដូចពេលបច្ចុប្បន្ននេះ គឺបានមកពីកត្តាសុខសន្តិភាព ស្ថេរភាពនយោបាយ ដែលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី រកបានមកដោយកម្រ ហេតុនេះក្នុងនាមយើងជាមន្ត្រីរាជការស៊ីវិល និងអ្នកជំនាន់ក្រោយទាំងអស់ ត្រូវតែថែរក្សាសុខសន្តិភាពដែលយើងកំពុងមាននេះ បន្តទៅមុខទៀត ដើម្បីបន្តការអភិវឌ្ឍរីកចម្រើននៃប្រទេសជាតិយើង។
នាឱកាសនេះដែរក៏មានបទអន្តរាគមន៍របស់ថ្នាក់ដឹកនាំក្រសួង និងមន្ទីរបរិស្ថានខេត្តបង្ហាញជូនដល់សាស្រ្តាចារ្យ និងកម្មសិក្សាការីនៃសាលាភូមិន្ទ រដ្ឋបាល ដើម្បីធ្វើការសិក្សាស្វែងយល់ ទាក់ទងនឹង ៖
១-ការគ្រប់គ្រងឧទ្យានជាតិ និងតំបន់ការពារធម្មជាតិ
២-ការគ្រប់គ្រងសហគមន៍តំបន់ការពារធម្មជាតិ និងការលើកកម្ពស់ជីវភាពសហគមន៍
៣-វឌ្ឍនភាពនៃការរៀបចំមជ្ឈមណ្ឌលសិក្សាស្រាវជ្រាវ និងអភិរក្សកេសរកូល សុខ អាន ភ្នំគូលែន
៤-ការចិញ្ចឹមសត្វនៅឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម ភ្នំគូលែន
៥-ការគ្រប់គ្រងឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម ភ្នំគូលែន។
សូមបញ្ជាក់ថា កម្មវិធីនេះក្រសួងបរិស្ថាន និងសាលាភូមិន្ទរដ្ឋបាល បានរៀបចំពិធីដាំដើមគូលែន និងដើមសិរមាន់ ចំនួន ៨០០ដើម តាមសងខាងផ្លូវចូលទៅកាន់ឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម “ភ្នំគូលែន” ។
ការដាំដេីមឈេី(ដេីមគូលែន និងដេីមសិរមាន់)នាពេលនេះ គឺ៖
-ការពារ និងអភិរក្សប្រភេទពូជឈេីក្នុងស្រុក ជាពិសេស រុក្ខជាតិគូលែន សិរមាន់ និងឈេីហូបផ្លែ
-ទាក់ទាញភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ បង្កើនសោភណ្ឌភាព និងទស្សនីយភាពតាមដងផ្លូវ។
-ជំរុញការអប់រំផ្សព្វផ្សាយ និងបង្កេីនចំណេះដឹងជាសាធារណៈអំពីប្រភេទរុក្ខជាតិក្នុងស្រុក ភាពសប្បូរបែប និងតម្លែធនធានជីវៈចម្រុះ សំដៅជំរុញដល់ការលេីកកម្ពស់ជីវភាពសហគមន៍មូលដ្ឋាន ។
-ជំរុញឱ្យមានការចូលរួមពីសាធារណជនក្នុងការអភិរក្ស និងចូលរួមដាំដេីមឈេី
-លេីកកម្ពស់ការគ្រប់គ្រង និងការអភិរក្សជីវៈចម្រុះនៅកម្ពុជាឱ្យកាន់តែមានប្រសិទ្ធភាព
-ផ្សព្វផ្សាយដល់សាធារណជនឱ្យកាន់តែយល់ដឹងពីតម្លៃនៃធនធានជីវៈចម្រុះ និងសេវាកម្មប្រព័ន្ធអេកូឡូស៊ី តាមខ្លឹមសារប្រធានបទដែលបានកំណត់៕