
លោកជំទាវ ស៊ើង សរសុចិត្តា រដ្ឋលេខាធិការក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានមានប្រសាសន៏ថា រាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកការលុបបំបាត់ពលកម្មកុមារ ជាការងារអាទិភាព ក្នុងនោះ តាំងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាល សម្រាប់នីតិកាលនេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានដាក់ចេញនូវផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈដោយផ្តោតលើអាទិភាពចំនួន ៥ រួមមាន៖
១. ការអភិវឌ្ឍលក្ខខណ្ឌការងារ និងសុខដុមនីយកម្មនៃទំនាក់ទំនងវិជ្ជាជីវៈ។
២. ការអភិវឌ្ឍន៍ការអប់រំបណ្តុះបណ្តាលវិជ្ជាជីវៈ។
៣. ការអភិវឌ្ឍន៍មុខរបរ និងការងារ។
៤.ការអភិវឌ្ឍន៍របបសន្តិសុខសង្គមសម្រាប់ជនទាំងឡាយណាដែលស្ថិតនៅក្រោមបទបញ្ញត្តិនៃច្បាប់ស្តីពីការងារ។
៥. ការពង្រឹងអភិបាលកិច្ចល្អ ដោយសំដៅធ្វើឱ្យប្រសើរឡើងនូវការធានាលក្ខខណ្ឌការងារ បង្កើនឱកាសការងារ បង្កើតបរិយាកាសការងារ ពង្រឹងភាពសុខដុមរមនានៃទំនាក់ទំនងវិជ្ជាជីវៈ និង ពង្រឹងការអប់រំ បណ្តុះបណ្តាលវិជ្ជាជីវៈ ឱ្យសមស្របទៅតាមតម្រូវការទីផ្សារការងារ រួមទាំងការទទួល បាននូវអត្ថប្រយោជន៍ពី កិច្ចគាំពារសង្គមប្រកបដោយសមភាព និងដោយគ្មានការរើសអើង ដើម្បីចូលរួមចំណែកដល់ការកាត់បន្ថយ ភាពក្រីក្រ លើកស្ទួយជីវភាពប្រជាពលរដ្ឋ និងអភិវឌ្ឍន៍សេដ្ឋកិច្ច ជាតិប្រកបដោយចីរភាព។
លោកជំទាវ បានបន្តថា ចំពោះយុទ្ធនាការផ្សព្វផ្សាយទប់ស្កាត់ការប្រើប្រាស់ពលកម្មកុមារក្នុងវិស័យសិប្បកម្មផលិតឥដ្ឋ និង វិស័យកសិឧស្សាហកម្ម ដែលត្រូវបានរៀបចំឡើងនៅពេលនេះ មានគោលបំណងចំនួន ៣ គឺ៖
១. ផ្តល់ការណែនាំដល់មន្ត្រីអធិការកិច្ចការងារ និងសមត្ថកិច្ចពាក់ព័ន្ធដែលទទួលសិទ្ធជា នគរបាលយុត្តិធម៌ ធ្វើអន្តរាគមន៍ក្នុងការដកហូត ទប់ស្កាត់ សមាហរណកម្មកុមាររងគ្រោះ និងកុមារ ងាយរងគ្រោះនៅ ក្នុងវិស័យសិប្បកម្មផលិតឥដ្ឋ និងវិស័យកសិឧស្សាហកម្ម។
២. បង្កើនការយល់ដឹង និងលើកកម្ពស់យុទ្ធនាការប្រឆាំងពលកម្មកុមារ ការលាតត្រដាងអំពីមូលហេតុ និងផលប៉ះពាល់នៃពលកម្មកុមារ គោលនយោបាយ និងបទដ្ឋានគតិយុត្ត និងវិធានការ នានា ដើម្បីប្រឆាំងពលកម្មកុមារនៅក្នុងវិស័យសិប្បកម្មផលិតឥដ្ឋ និងវិស័យកសិឧស្សាហកម្ម។
៣. ផ្តល់ប្រតិភូកម្មដល់ផ្នែកអធិការកិច្ចការងារ យន្តការទប់ស្កាត់ បង្រ្កាបបទល្មើស និងប្រព័ន្ធត្រួតពិនិត្យ តាមដានពលកម្មកុមារនៅកន្លែងរបស់កុមារ (សិប្បកម្មផលិតឥដ្ឋ) នៅសាលារៀន និង នៅតាមសហគមន៍ដែលកុមារ និងក្រុមគ្រួសាររបស់ពួកគេរស់នៅ ជូនស្ថាប័នថ្នាក់ក្រោមជាតិបន្តអនុវត្ត។
ជាមួយគ្នានេះ លោកជំទាវរដ្ឋលេខាធិការ បានសង្កត់ធ្ងន់ផងដែរថា ដើម្បីចូលរួមទប់ស្កាត់ការប្រើប្រាស់ទម្រង់ធ្ងន់ធ្ងរបំផុតនៃពលកម្មកុមារ និងការងារដោយបង្ខំក្រសួងបានកំណត់នូវចង្កោម សកម្មភាព អាទិភាពដូចជា ការកសាងសមត្ថភាពមន្ត្រីអធិការកិច្ចការងារ ស្តីពីការប្រើប្រាស់ទម្រង់ធ្ងន់ធ្ងរបំផុតនៃ ពលកម្មកុមារ និងការងារដោយបង្ខំ និងការពង្រឹងយន្តការប្រឆាំងពលកម្មកុមារ និងការងារដោយបង្ខំ ជាពិសេសលើវិស័យមុខរបរ នៅផ្នែកសិប្បកម្មផលិតឥដ្ឋ សំណង់ និងកសិឧស្សាហកម្ម និងភូមិសាស្ត្រដែលមានហានិភ័យខ្ពស់ យើងត្រូវពង្រឹងកិច្ចអន្តរាគមន៍ស្នូលដើម្បីសង្គ្រោះពលកម្មកុមារ និងការហាមឃាត់ការងារដោយបង្ខំ លើផ្នែកសិប្បកម្មផលិតឥដ្ឋ សំណង់ និងកសិឧស្សាហកម្ម ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការជាមួយក្រសួង ស្ថាប័ន និងដៃគូពាក់ព័ន្ធក្នុងការទប់ស្កាត់ការប្រើប្រាស់ ទម្រង់ធ្ងន់ធ្ងរបំផុតនសពលកម្មកុមារ និងការងារបង្ខំ និងពង្រីកការផ្សព្វផ្សាយ និងធ្វើយុទ្ធនាការប្រឆាំងការប្រើប្រាស់គ្រប់ទម្រង់ធ្ងន់ធ្ងរបំផុតនៃពលកម្មកុមារ និងការងារដោយបង្ខំ៕