
ភរិយារបស់ លោក ងិន គឹមឡេង បានសម្តែងនូវក្តីត្រេកអរលាយឡំជាមួយភាពទុក្ខព្រួយ ដោយសារស្វាមីបានធ្លាក់ខ្លួនឈឺជម្ងឺលើសសំពាធឈាម និយាយមិនចេញ នឹងដើរមិនរួច អស់រយៈពេលជិត៥ខែមកហើយៗ គ្រួសារគ្មានអ្វីទីពឹងនោះទេ។ ព្រះគ្រូវិចិត្រវង្សា ហែម គឹមសាន បាននាំយកការផ្តាំផ្ញើសួរសុខទុក្ខពីសប្បុរសជនជិតឆ្ងាយ និងបានផ្តល់ឱវាទឱ្យខិតខំមើលថែអ្នជំងឺទៅតាមលទ្ឋភាព និងកុំបីមានក្តីអស់សង្ឃឹមអ្វីឡើយ។ ព្រះអង្គមានសង្ឃដិកាថា៖ សម្ភារៈអំណោយនិងថវិកាបន្តិចបន្តួចនេះ បើត្បិតតែមិនអាចយកទៅប្រើប្រាស់លើកិច្ចការធំៗបានក្តី តែជាចំណែកតូចមួយជួយរំឡែកការលំបាកបានមួយគ្រាៗដែរ នេះជាការចូលរួមចំណែកចែករំលែកទៅតាមលទ្ឋភាពដែលអាចធ្វើបាន ក្នុងសកម្ម ភាពការងារមនុស្សធម៌របស់ព្រះសង្ឃ និងសប្បុរសជនជិតឆ្ងាយដើម្បីចូលរួមចំណែកជួយសង្គ្រោះការលំបាក និងភាពខ្វះខាតរបស់គ្រួសារ ពោលគឺយើងជួយគ្នាក្នុងគ្រាលំបាក។ ព្រះអង្គបានសម្តែងនូវក្តីសោកស្តាយជាមួយក្រុមគ្រួសារ និងលើកទឹកចិត្តដល់ភរិយានិងក្រុមគ្រួសារ ជួយមើលថែអ្នកជំងឺឱ្យឆាប់ជាសះស្បើយដោយការ ប្រឹងប្រែងអត់ធ្មត់ ស៊ូទ្រាំជាមួយការលំបាក សព្វសារពើ បើមានភាពខ្វះខាតផ្នែកអង្ករឬគ្រឿងទេសព្រះអង្គនឹងបន្តជួយឧបត្ថម្ភតាមរយៈការអំពាវនាវពីសប្បុរសជិតឆ្ងាយថែមទៀត។
សម្ភារ:អំណោយរួមមាន៖ ថវិកាចំនួន១ ៥៨០ ០០០រៀល ក្នុងនោះ៤៥០០០០រៀលរួមជាមួយ អង្ករ៥០គីឡូ ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ១យួរ ត្រីខ១យួរ ជាអំណោយផ្ទាល់របស់ព្រះគ្រូចៅអធិការវត្តប្រាសាទគោកចក៕