
តាមសេចក្តីរាយការណ៍របស់លោក ស៊ិន ចាន់ថុល ប្រធានអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកពួក បានឲ្យដឹងថា នៅ រសៀលថ្ងៃទី៣១ កក្កដា ឆ្នាំ២០២២ មានករណីភ្លៀងផ្គរ ដែលលាយឡំនឹងខ្យល់កន្ត្រាក់ បានធ្វើឲ្យប៉ះពាល់ភូមិចំនួន៣ក្នុងភូមិសាស្ត្រឃុំព្រៃជ្រូក បានធ្វើឲ្យផ្ទះសម្បែងរបស់ប្រជាពលរដ្ឋ បាក់រលំ និង របើកដំបូលធ្ងន់ធ្ងរ ចំនួន០៩គ្រួសារ។ ក្នុងនោះភូមិ ផ្លាំង រលំផ្ទះ១ខ្នង របើងដំបូល ៣ខ្នង ,ភូមិដូនតុក របើកដំបូល ២ខ្នង និងភូមិ កិត្តិយស រលំ១ខ្នង របើកដំបូល ២ខ្នង តែមិនបានធ្វើឲ្យប្រជាពលរដ្ឋណាម្នាក់រងគ្រោះថ្នាក់ឡើយ ។
មានប្រសាសន៍សំណេះសំណាលនាឱកាសនោះ ឯកឧត្តម គុជ លីណា បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក៏ដូចជាឯកឧត្តម ទៀ សីហា ប្រធានគណៈកម្មាធិការសាខា ដែលតែងតែយកចិត្តទុកដាក់គិតគូរខ្ពស់ចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប មិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ។ ឯកឧត្តមបានសំដែងនូវការសោកស្ដាយជាពន់ពេកចំពោះការខូចខាតផ្ទះសំបែង ទ្រព្យសម្បត្តិដែលនេះជាគ្រោះមហន្តរាយដោយធម្មជាតិ គ្មាននរណាម្នាក់ចង់ជួបប្រទះឡើយ ហើយបានបន្តថា ថ្វីត្បិតតែអំណោយមនុស្សធម៌ដែលបាននាំយកមកចែកជូនបងប្អូននាពេលនេះ មានចំនួនមិនសមល្មមនឹងការខាតបង់របស់បងប្អូនពិតមែន តែក៏អាចជួយសម្រាលទុក្ខលំបាករបស់បងប្អូនបានមួយកម្រិត ហើយក៏ជាការបង្ហាញនូវការយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋគ្រប់រូបពីសំណាក់ថ្នាក់ដឹកនាំ ពិសេសគឺកាកបាទក្រហមកម្ពុជា ដែលមានសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ដូចដែលបានលើកឡើងថា “កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែង សម្រាប់ គ្រប់ៗគ្នា-មិនទុកនរណាម្នាក់ចោល” និង “ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា”។ ឯកឧត្តម ក៏បានសំណូមពរដល់ប្រជាពលរដ្ឋទាំងអស់ ដែលជាជនរងគ្រោះនៅទីនេះ ពេលរៀបចំសាងសង់លំនៅដ្ឋាន សូមគិតដល់គុណភាព ឬធ្វើគ្រឹះឲ្យបានរឹងមាំ ចៀសវាងយកតែទំហំធំ តែមិនមាំទាំអាចបណ្ដាលឲ្យមានបញ្ហាទៅថ្ងៃមុខទៀត។
អំណោយមនុស្សធម៌ដែលបានផ្ដល់ជូនមាន៖
- គ្រួសាររលំផ្ទះ៖ អង្ករ៣០គីឡូក្រាម មី១កេស ត្រីខ១យួរ ទឹកត្រី១យួរ មុង១ ភួយ១ សារុង១ ក្រមា១ កន្ទេល១ ស័ង្កសី១៦សន្លឹក និងថវិកា ២សែនរៀល
- គ្រួសារ របើកដំបូលផ្ទះ៖ អង្ករ៣០គីឡូក្រាម មី១កេស ត្រីខ១យួរ ទឹកត្រី១យួរ មុង១ ភួយ១ សារុង១ ក្រមា១ កន្ទេល១ ស័ង្កសី១០សន្លឹក និងថវិកា១សែនរៀល ៕