
តាមរបាយការណ៍លទ្ធផលបច្ចេកទេស បានបញ្ជាក់ឲ្យដឹងថា ឆ្លងតាមរយៈនៃការប្រកួត យ៉ាងស្វិតស្វាញនៅលើ ទីលានប្រកួត ទាំង ៦ក្រុម ក្រុមកីឡាករ កីឡារិនី បានអនុវត្តបានល្អក្នុងការប្រកួត ដោយឈរលើស្មារតី គោរពវិន័យ បទបញ្ជាបច្ចេកទេស និង ចេះស្រឡាញ់យោគយល់ អធ្យាស្រ័យគ្នា ដោយផ្សាភ្ជាប់យ៉ាងជិតស្និតនូវចំណងមិត្តភាព ភាពរភាព ។ ក្នុងការប្រកួតផ្តាច់ព្រ័ត្រ ចំណាត់ថ្នាក់លេខ៣ ក្រុមកីឡាករឡាវ យកឈ្នះក្រុម១ កីឡាករថៃ ២ ទល់នឹង សូន្យ និង ការប្រកួតផ្តាច់ព្រ័ត្រ ចំណាត់ថ្នាក់លេខ១ ក្រុមកីឡាករកម្ពុជា យកឈ្នះក្រុម៣ កីឡាករថៃ ២ទល់នឹងសូន្យ ។ ជាលទ្ធផលជ័យជំនះ លេខ១ បានទៅក្រុមកីឡាករកម្ពុជា ,លេខ២ បានទៅក្រុម៣របស់ថៃ ,លេខ៣ បានទៅក្រុមកីឡាករ ឡាវ (លួងព្រះបាង) ,លេខ៤ បានទៅក្រុម១ របស់ថៃ , លេខ៥ បានទៅក្រុម២ របស់ថៃ និង លេខ ៦បានទៅក្រុមកីឡាករវៀតណាម ។
មានប្រសាសន៍បិទការប្រកួតនោះដែរ ឯកឧត្តម អ៉ឹង គឹមលាង អភិបាលរងនៃគណៈអភិបាលខេត្តសៀមរាប និង ឯកឧត្តម តុប សុភ័ក្រ្ត រដ្ឋលេខាធិការក្រសួងទេសចរណ៏ ក៏បានធ្វើការវាយតម្លៃខ្ពស់ ចំពោះទេពកោសល្យបច្ចេកទេស របស់ក្រុមកីឡាករទាំង៤ប្រទេស ដែលជាប្រទេសជាប់ទៅដោយដីសណ្តរទន្លេមេគង្គ ប្រៀបបានជាប្រទេសសរសៃឈាមតែមួយ ដោយទទួលផលប្រយោជន៍រួមគ្នាពីអាងទឹកទន្លេមេគង្គ ដែលមានប្រភពធ្លាក់មកពីទីបេ ។ ឯកឧត្តមទាំង ពីរក៏បានបញ្ជាក់ថា ការប្រកួតកីឡាជាមិត្តភាពនេះ បានបញ្ជាក់ឲ្យកាន់តែស៊ីជម្រៅពីចំណងមិត្តភាពនៃប្រទេសនៅដងទន្លេមេគង្គ កាន់តែមានភាពរឹងមាំឡើងថែមទៀត។ ម៉្យាងទៀតការរៀបចំព្រឹត្តិការណ៍នេះឡើង ក្នុងគោលបំណងពង្រីកនូវសក្តានុពលទេសចរណ៍ដ៏សម្បូរបែប តាមរយៈព្រឹត្តិការណ៍កីឡាទេសចរណ៍បាល់ទាត់វ័យចំណាស់ និង បង្កើនកិច្ចសហប្រតិបត្តិការអន្តរជាតិ ជាមួយប្រទេសដែលស្ថិតនៅតាមដងទន្លេមេគង្គ ក្នុងការផ្សព្វផ្សាយសក្តានុពលទេសចរណ៍តំបន់សៀមរាប-អង្គរ ជម្រុញកំណើនភ្ញៀវទេសចរ អភិវឌ្ឍន៍ធនធានមនុស្ស តាមរយៈវិស័យកីឡាទេសចរណ៍ និង ទាក់ទាញចំណាប់អារម្មណ៍ ពីសំណាក់អ្នកស្នេហាវិស័យកីឡាជាតិ និងអន្តរជាតិ ជាពិសេសចូលរួមលើកស្ទួយវិស័យកីឡាទេសចរណ៍ នៅព្រះរាជាណាចក្រកម្ពុជា ដើម្បីអបអរសាទរ ដំណើរ ឆ្ពោះទៅការប្រកួតកីឡា SEA GAME - ASEAN PARA GAME 2023 ដែលកម្ពុជាយើង ធ្វើជាម្ចាស់ផ្ទះផងដែរ៕