
ឯកឧត្តម គុជ លីណា សមាជិកក្រុមប្រឹក្សាខេត្ដសៀមរាប មានប្រសាសន៍ថា ដងផ្លូវដែលត្រូវសម្អាតនេះ មានចំនួន ៧គោលដៅ ដែលស្ថិតនៅក្នុងគម្រោង ៣៨ខ្សែផង និងតាមដងផ្លូវសំខាន់ៗជាច្រើនទៀត នៅក្នុងក្រុងសៀមរាប រួមមានផ្លូវតាមដងស្ទឹងសៀមរាប ឆ្ពោះទៅផ្សារចាស់ តាមបណ្ដោយផ្លូវហ្សាឌឺហ្គោល ដល់សួនរុក្ខជាតិអង្គរ និង ទៅតាមបណ្ដោយផ្លូវជាតិលេខ៦ ចេញពីព្រះអង្គចេក ព្រះអង្គចម តំបន់ជុំវិញផ្សារចាស់ ផ្លូវផប់ស្ទ្រីត ផ្លូវស៊ីវុត្ថា ផ្លូវចេញពីព្រះរាជដំណាក់ ដល់ចំណុចផ្លូវ ៦០ម៉ែត្រ និងតាមដងផ្លូវមួយចំនួនទៀត ដែលសរុបកម្លាំងគ្រប់គោលដៅ ៦៦៣នាក់ ដែលក្នុងនោះមកពីអង្គភាពសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត, យុវជនបក្ស ,យុវជន១៥៧ ,យុវជនតាមសាកលវិទ្យាល័យផងដែរ។ ឯកឧត្តមបានបន្ដថា ការសម្អាតបរិស្ថានតាមដងផ្លូវនេះ ត្រូវបានធ្វើឱ្យមានគុណភាព សោភណ្ឌភាពស្រស់ស្អាតនៃក្រុងសៀមរាប ហើយមិនមែនធ្វើឱ្យតែល្អមើលពីសកម្មភាពក្រុមការងារនោះទេ។ ក្នុងយុទ្ធនាការសម្អាតអនាម័យ និងបរិស្ថាននាពេលនេះ ពិតជាមានសារៈសំខាន់ណាស់ដែលធ្វើឱ្យក្រុងសៀមរាបរបស់យើង ក្លាយជាទីក្រុងគ្របដណ្តប់ដោយបរិស្ថានស្អាត មានបរិយាកាសល្អ រុក្ខជាតិខៀវខ្ចី ផ្កាចម្រុះពណ៌ និងបង្កើនការយល់ដឹង អំពីអនាម័យបរិស្ថានដល់សាធារណជន ក្នុងគោលបំណងបង្កើនបរិស្ថានស្អាតក្នុងការរស់នៅរបស់ប្រជាពលរដ្ឋប្រកប ដោយអនាម័យល្អដែលនាំមកនូវសុខភាពល្អ។ ឯកឧត្តមបានបន្ថែមទៀតថា ដើម្បីចូលរួមចំណែកក្នុងយុទ្ធនាការសម្អាតអនាម័យបរិស្ថានឱ្យកាន់តែមានប្រសិទ្ធភាព និងប្រសិទ្ធផល ក្នុងការគ្រប់គ្រងសំរាម និងអនាម័យទីប្រជុំជន យើងត្រូវធ្វើការផ្សព្វផ្សាយ ទៅគ្រប់ភាគីស្ថាប័នពាក់ព័ន្ធដៃគូរអភិវឌ្ឍ និងវិស័យឯកជនទាំងអស់ ដើម្បីចូលរួមអនុវត្តឱ្យបានផុសផុល សំដៅឆ្ពោះទៅកាន់ទីក្រុងដែលមានអនាម័យបរិស្ថានស្អាត និងភូមិដ្ឋានគ្មានសំរាម។
ជាមួយគ្នានេះ ការផ្លាស់ប្តូរឥរិយាបទ និងអាកប្បកិរិយាមនុស្ស ក្នុងការប្រើប្រាស់ផលិតផលធ្វើពីប្លាស្ទិក គឺជារឿងចាំបាច់បំផុត ព្រោះការបំពុលដោយប្លាស្ទិកនឹងធ្វើឱ្យប៉ះពាល់ដល់អាយុជីវិតមនុស្ស សត្វ ជាពិសេសសំណល់ប្លាស្ទិកទាំងនេះកំពុងគម្រាម គំហែងយ៉ាងធ្ងន់ធ្ងរដល់ភពផែនដីរបស់យើង។ ដូចនេះការរៀបចំយុទ្ធនាការនាពេលនេះ គឺជាកម្លាំងចលករមួយដ៏សំខាន់ ដើម្បីជំរុញចលនាកម្លាំងគ្រប់ស្រទាប់វណ្ណៈឱ្យចូលរួមធ្វើអនាម័យ ក៏ដូចជាបំផុសចលនាចូលរួមសម្អាតអនាម័យបរិស្ថានតាមទីលំនៅដ្ឋានរៀងៗខ្លួន និងទីសាធារណៈដោយទុកដាក់សំរាមក្នុងធុងសម្រាមឱ្យបានត្រឹមត្រូវ ប្រកបដោយផាសុខភាព ។ ដូចនេះយើងរួមគ្នារួមចំណែកការពារបរិស្ថាន និងរួមគ្នាចោលសម្រាមឱ្យបានត្រឹមត្រូវ ដោយរៀបចំទុកដាក់សម្រាម និងចោលសំរាមឱ្យត្រឹមត្រូវ ទៅតាមការណែនាំរបស់អាជ្ញាធរមានសមត្ថកិច្ចដែលរៀបចំជូន។ សូមបញ្ជាក់ថា យុទ្ធនាការសៀមរាបផ្ទះខ្ញុំ គឺជាការសម្អាតក្រុងសៀមរាប ដែលធ្វើឡើងជាបន្តបន្ទាប់ ដើម្បីលើកកម្ពស់សោភណ្ឌភាព ទេសភាពវប្បធម៌ក្រុងអង្គរ ដើម្បីទាក់ទាញអ្នកទេសចរចូលមកទស្សនាក្រុងមួយនេះ កាន់តែច្រើន បន្ទាប់ពីវិបត្ដិកូវីដ១៩ បានធូរស្រាលឡើងវិញ។
រួមជាមួយគ្នានេះដែរ ឯកឧត្តម ក៏បានសំណូមពរដល់ប្រជាពលរដ្ឋ ជួយសម្អាតបរិស្ថាននៅតាមមុខផ្ទះរៀងៗខ្លួន ដេីម្បីឱ្យមានសោភណ្ឌភាពស្អាត និងជៀសវាងការស្ទះដល់ប្រព័ន្ធលូ និងការហូរទឹកភ្លៀងមិនទាន់ផងដែរ៕