
រដ្ឋបាលខេត្តសៀមរាប សហការជាមួយគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត អាជ្ញាធរក្រុងស្រុក ឃុំសង្កាត់ បានចុះពិនិត្យមើលស្ថានភាព ទឹកជំនន់ និងផលប៉ះពាល់ផលដំណាំរួមផ្សំផ្សេងៗរបស់បងប្អូនប្រជាពលរដ្ឋ ព្រមទាំងបានធ្វើការណែនាំដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវបង្កើនការប្រុងប្រយ័ត្ន មើលថែកូនចៅឲ្យបានល្អចៀសវាងគ្រោះថ្នាក់ដោយការលង់ទឹក ការថែទាំសុខភាព ការបង្កាជំងឺរាករូស កាពារពីការយាយីពីសត្វមានអាសិរពិស ក្នុងករណីទឹកជំនន់នៅតែបន្តកើនឡើងខ្លាំងទៀត ។
ក្នុងអំឡុងពេលនេះ ឯកឧត្តមអភិបាល នៃគណៈអភិបាលខេត្ត បាននឹងកំពុងដឹកនាំពិនិត្យស្ថានភាពនិងបានជំរុញដល់អាជ្ញាធរស្រុកទាំង៨ ខាងលើ ព្រមទាំងកងកម្លាំងប្រដាប់អាវុធទាំងបី សហការ ដេីម្បីរៀបចំផែនការអន្តរាគមន៍ និងតាមដានបង្កើនការយកចិត្តទុកដាក់ប្រុងប្រយ័ត្នឱ្យបានខ្ពស់ ដោយត្រៀមកម្លាំង ក្នុងការទប់ស្កាត់ និងត្រៀមទីទួលសុវត្ថិភាពឱ្យបានច្បាស់លាស់ ដើម្បីធ្វើការដឹកជញ្ជូនប្រជាពលរដ្ឋ ដែលកំពុងប្រឈមការលិចលង់ផ្ទះសម្បែងមកកាន់ទីទួលសុវត្ថិភាព ដោយធ្វើការណែនាំឱ្យប្រជាពលរដ្ឋត្រូវយកចិត្តទុកដាក់លើអនាម័យ និងបង្ការការពារឆ្លងជំងឺនានា ក៏ដូចជាជំងឺកូវីដ-១៩ និងត្រៀមបង្ការឆ្លើយតបចំពោះគ្រោះមហន្តរាយនានាដែលនឹងអាចកើតឡើងជាយថាហេតុ។ ទន្ទឹមនឹងនេះ គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តបាននឹងកំពុងតាមដាននិងចាត់វិធានការបង្ការជួយសង្គ្រោះឱ្យបានទាន់ពេលវេលាផងដែរ៕