
ឯកឧត្តម ទៀ សីហា បានពាំនាំនូវការផ្ដាំផ្ញើសុខទុក្ខនិងការយកចិត្តទុកដាក់ពីសំណាក់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា សម្ដេចទាំងទ្វេតែងគិតគូរខ្ពស់បំផុត និងមុនគេបង្អស់ចំពោះសុខទុក្ខប្រជាលពេលរដ្ឋគ្រប់រូប ដោយមិនប្រកាន់វណ្ណៈ ពូជសាសន៍ ពណ៌សម្បុរ ជំនឿសាសនា ឬ និន្នាការនយោបាយណាមួយឡើយ។ ឯកឧត្តមបានបន្តថា អំណោយមនុស្សធម៌ដែលនាំមកជូននាពេលនេះគឺអាចជួយសម្រាលទុក្ខលំបាករបស់លោកយាយលោកតា ពុកម៉ែ បងប្អូន បានមួយរយៈខ្លីក៏ពិតមែន តែនេះជាការបង្ហាញពីការយកចិត្តទុក្ខដាក់របស់រាជរដ្ឋាភិបាល និង កាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលកាកបាទក្រហមតែងតែនៅជាមួយបងប្អូនប្រជាពលរដ្ឋយើងជានិច្ច ទោះបីស្ថិតក្នុងកាលៈទេសៈណាក៏ដោយ ។ ឯកឧត្តមមានប្រសាសន៍ដោយសង្កត់ធ្ងន់ថា អ្វីដែលយើងទាំងអស់គ្នាមិនអាចបំភ្លេចបាន និងចងចាំជានិច្ចនោះ គឺ ទីណាមានការលំបាក ទីនោះតែងតែមាន កាកបាទក្រហមកម្ពុជា ឬ ទុក្ខលំបាករបស់បងប្អូន គឺជាទុក្ខលំបាករបស់សម្តេចតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ឋបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ។
ឯកឧត្តម ក៏បានអំពាវនាវដល់លោកយាយ លោកតា បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមទៅទទួលយកនូវការចាក់វាក់សាំងការពារជំងឺកូវីដ-១៩បន្តទៀតទៅតាមកាលកំណត់ នៅតាមទីតាំងមណ្ឌុលសុខភាពក្បែរមូលដ្ឋានខ្លួន ដើម្បីបង្ការខ្លួនពីការឆ្លងជំងឺកូវីដ-១៩ ចៀសវាងការឆ្លងចូលសហគមន៍ជាថ្មី ព្រោះមេរោគនេះមិនទាន់ទៅណាឆ្ងាយពីយើងទាំងអស់គ្នានោះឡើយ ហើយយើងនៅតែជាក្តីព្រួយបារម្ភអំពីការរាតត្បាតនៃជំងឺដ៍សាហាវនេះ។ ឯកឧត្តម ទៀ សីហា បានសំណូមពរនិងផ្តាំផ្ញើ ឲ្យបងប្អូនប្រជាពលរដ្ឋ ប្រុងប្រយ័ត្នចំពោះចរន្តអគ្គិសនីឲ្យបានខ្ពស់ ប្រុងប្រយ័ត្នចំពោះសត្វអសិរពិស និង កុំមានការធ្វេប្រហែសចំពោះកូនចៅតូចៗ ព្រោះនេះជារដូវវស្សា ដែលកំពុងជួបជំនន់ទឹកភ្លៀង កុំឲ្យមានហេតុការអាក្រក់ណាមួយកើតឡើងក្នុងក្រុមគ្រួសារ និង ប្រុងប្រយ័ត្នចំពោះជម្ងឺឆ្លងផ្សេងៗ ។
តាមការបញ្ជាក់របស់លោក សុខ ណារ៉េត អភិបាលស្តីទីស្រុកក្រឡាញ់ បានឲ្យដឹងថា ដោយមានភ្លៀងធ្លាក់ជាហូរហែ និង ជំនន់ទឹកភ្លៀង ដែលហូរស្រុងធ្លាក់មកពីស្រុកស្រីស្នំនិងស្រុកវ៉ារិន ហូរធ្លាក់មកក្នុងភូមិសាស្រ្តស្រុកយ៉ាងខ្លាំងក្នុង រយៈប៉ុន្មានថ្ងៃមកនេះ បានបណ្តោយឲ្យទឹកស្ទឹងពោពេញប្រៀបហូរចេញមកក្រៅ បណ្តាលលិចដំណាំស្រូវ ដំណាំរួមផ្សំ លិចក្រោមផ្ទះ លិចបរិវេណទីធ្លាផ្សេងៗ លិចផ្លូវ លិចសាលារៀន មន្ទីរពេទ្យ ,អគារដ្ឋបាលសាធារណៈ តាមបណ្តាភូមិ-ឃុំ ក្នុងស្រុកក្រឡាញ់ បានធ្វើឲ្យប៉ះពាល់ឃុំចំនួន១០ឃុំ ស្មើនិង ៥៨ភូមិ ប្រជាពលរដ្ឋរងគ្រោះមានចំនួន១ពាន់,៨៩៧គ្រួសារ(ក្នុងនោះគ្រួសាររងគ្រោះខ្លំាង៧៦១គ្រួសារ(និងកម្រិតស្រាលចំនួន១ពាន់៨០៧ ខ្នងផ្ទះ សាលារៀនចំនួន១៨កន្លែង លិចបរិវេណវត្តចំនួន ០៤វត្ត អាគាររដ្ឋបាលស្រុក-ឃុំ)ចំនួន ០៦កន្លែង និង មន្ទីរពេទ្យបង្អែកស្រុក ចំនួន ០១កន្លែង ប្រឡាយ ០៤ខែ្ស និង ដំណាំស្រូវចំនួន ៦ពាន់៥៥៥ហិកតា ដំណាំរួមផ្សំ ២៥០ហិកតា ,ផ្លូវជាតិ៦៨ប្រវែង ១ពាន់៥០០ម៉ែត្រ ផ្លូវលំក្នុងភូមិប្រវែង ២៩ពាន់៩២៦ ម៉ែត្រ។ មកដល់ពេលនេះកម្រិតទឹកតាមបណ្ដាឃុំ បានស្រកចុះបណ្ដើរៗហើយផងដែរ ៕