
តាមការបញ្ជាក់របស់លោកឧត្តមសេនីយ៍ត្រី នៅ អេងវណ្ណនី បានឲ្យដឹងថា នៅក្នុងឆ្នាំ២០២២នេះ ប្រជាពលរដ្ឋ ដែលទើបគ្រប់អាយុ និង មានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរដែលបានហួសសុពលភាព ចំនួន១២១ពាន់២៩៩នាក់ ដែលត្រូវមកបំពេញបែបបទធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរថ្មី នៅតាមបណ្តាក្រុង ស្រុក ឃុំសង្កាត់ ដែលខ្លួនរស់នៅសព្វថ្ងៃ ។ លោកក៏បានឲ្យដឹងទៀតថា រាល់ការមកបំពេញបែបបទធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរថ្មីនេះ គឺមិនបានគិតពីកម្រៃសេវាអ្វីនោះឡើយ ហើយក្រុមការងារជំនាញ ក៏សំណូមពរបងប្អូន ត្រូវយកឯកសារដែលពាក់ព័ន្ធភ្ជាប់មកជាមួយ ដូចជា សៀវភៅស្នាក់នៅ (ក២) ឬ សៀវភៅគ្រួសារ (ក៤) ច្បាប់ដើម ចំពោះករណីមានការផ្លាស់ប្តូរអាស័យដ្ឋានអចិ្ចន្ត្រៃយ៍ និង អ្នកទើបគ្រប់អាយុ១៥ឆ្នាំឡើង ត្រូវភ្ជាប់មកជាមួយនូវ សេចក្តីចម្លងសំបុត្រកំណើត ឬ សេចក្តីចម្លង សំបុត្របញ្ជាក់កំណើត។
លោកក៏បានឲ្យដឹងផងដែរ អំពីផែនការរបស់ក្រសួងមហាផ្ទៃ ក្នុងយុទ្ធនាការផ្តល់អត្តសញ្ញាណ ប័ណ្ណសញ្ជាតិខ្មែរ ទុតិយតា ដែលធ្វើចាប់ពីថ្ងៃទី១៥ ខែ វិច្ឆិកា ឆ្នាំ២០២២ ដល់ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៣ ។ លោក បានបន្តទៀតថា ក្នុងរយៈពេលចុះមក ធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរថ្មី ជូនដល់មន្ត្រីរាជការ និងក្រុមគ្រួសារ ក្នុង សាលាខេត្ត និងតាមមន្ទីរ អង្គភាពនានាក្នុងខេត្តសៀមរាប ចាប់ពីថ្ងៃទី០៥ ធ្នូ ដល់ថ្ងៃទី ០៦ ធ្នូ ២០២២នេះ មានចំនួន សរុប ៧២នាក់ ក្នុងនោះអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរដែលបានហួសសុពលភាព ចំនួន ៤៥នាក់ និង គ្រប់អាយុ១៥ ឆ្នាំឡើង ២៧នាក់។
ជាមួយគ្នានេះដែរ រដ្ឋបាលខេត្តសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលគ្រប់អាយុ និងមានអត្តសញ្ញាណប័ណ្ណដែលជិតផុតកំណត់សូមរួចរាន់ទៅធ្វើឡើងវិញនៅតាមឃុំ សង្កាត់ដែលបងប្អូនរស់នៅ៕