
បន្ទាប់ពីស្តាប់បទបញ្ជាផ្ទៃក្នុងវេទិកា បទបង្ហាញស្តីពីទិដ្ឋភាពរួម នៃការអភិវឌ្ឍក្នុងដែនសមត្ថកិច្ចរបស់ក្រុមប្រឹក្សាខេត្ត (ផែនការអភិវឌ្ឍន៍ របស់ខេត្តសៀមរាប ២០២០-២០២៥) និងរបាយការណ៍សង្ខេបបូកសរុបលទ្ធផលការងាររយៈពេល ១០ខែ ឆ្នាំ២០២២ របស់រដ្ឋបាលខេត្តសៀមរាប និងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានរួចមក អង្គវេទិកាបានអនុញ្ញាតឱ្យសមាជិក សមាជិកាលើកឡើងជាសំណួរ សំណូមពរ និងក្តីកង្វល់ផ្ទាល់ចំនួន ១២ និងលាយលក្ខអក្សរចំនួន ១៤សំណួរ សំណូមពរ។
ជាមួយនឹងការលើកឡើងនូវសំណួរ សំណូមពរផ្ទាល់មាត់ទាំង១២ ដែលពាក់ព័ន្ធនឹងហេដ្ឋារចនាសម្ព័ន្ធ អគ្គិសនី អត្រានុគោលដ្ឋាន សន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការសាងសង់មណ្ឌសុខភាពត្រូវបានវាគ្មិនមកពីបណ្តាមន្ទីរ អង្គភាពឆ្លើយបំភ្លឺនៅនឹងកន្លែងផ្ទាល់។ ដោយឡែកសំណួរ សំណូមពរ ១៤ រដ្ឋបាលខេត្តនឹងឆ្លើយតបជាលាយលក្ខអក្សរនៅពេលក្រោយ។
ឯកឧត្តម អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្តបានវាយតម្លៃខ្ពស់ចំពោះសមាជិក សមាជិកាដែលបានចូលរួមលើកជាសំណួរ សំណូមពរ ក្តីកង្វល់កើតឡើងនៅមូលដ្ឋានរបស់ខ្លួន។ ម្យ៉ាងទៀត ឯកឧត្តម ក៏បានធ្វើការកោតសរសើរដល់វាគ្មិនទាំងអស់ដែលបានធ្វើការឆ្លើយបំភ្លឺជូនម្ចាស់សំណួរ សំណូមពរ ដោយបញ្ជាក់ពីស្ថានភាពនិងមូលហេតុបានយ៉ាងក្បោះក្បាយជូនម្ចាស់សំណួរ សំណូមពរ៕