
ឯកឧត្តម អ៊ាន ឃុន វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នាពេលនេះ គឺធ្វើឡើងក្នុងគោលបំណងដើម្បីផ្ដល់ព័ត៌មានជូនប្រជាពលរដ្ឋអំពីសមិទ្ធផលនានា ដែលក្រុមប្រឹក្សាសម្រេចបានកន្លងមក និងបញ្ហាប្រឈមដែលត្រូវដោះស្រាយបន្ត នឹងទទួលសំណួរ សំណូមពររបស់ប្រជាពលរដ្ឋដែលមានបញ្ហា និងក្ដីកង្វល់ ដើម្បីធ្វើការឆ្លើយតប និងដោះស្រាយជូនម្ចាស់សំណួរ សំណូមពរ ក្នុងការបង្កើនភាពជិតស្និតរវាងប្រជាពលរដ្ឋ និងអាជ្ញាធរ ដែលជាការផ្ដល់សេវាសាធារណៈនានាជូនពលរដ្ឋក្នុងមូលដ្ឋានកាន់តែមានភាពល្អប្រសើរឡើង។ ឯកឧត្តមបានបន្ត ថានេះជាការលើកទឹកចិត្តដល់បងប្អូនប្រជាពលរដ្ឋអាចលើកឡើងនូវទុក្ខកង្វល់ បញ្ហាប្រឈម និងសំណូមពរនានា ក្នុងវេទិកានេះឲ្យបានច្រើន តាមរយៈការលើកឡើងផ្ទាល់មាត់ និងការសរសេរ ដើម្បីឲ្យក្រុមការងារប្រមូលនូវរាល់មតិយោបល់ បញ្ហាប្រឈម និងសំណូមពរទាំងនោះ មកធ្វើការស្រាយបំភ្លឺ ប្រកបដោយតម្លាភាព នឹងឈានទៅរកការដោះស្រាយជូនបានចំគោលដៅ មានប្រសិទ្ធិភាព និងទាន់ពេលវេលា។
បន្ទាប់ពីការបង្ហាញស្តីពីទិដ្ឋភាពរួមនៃការអភិវឌ្ឍនៅក្នុងដែនសមត្ថកិច្ច ឆ្នាំ២០២០.២០២៤ នៃផែនការ៣ឆ្នាំរំកិល និង ការបញ្ជាក់របស់លោក លី សំរិទ្ធ បានលើកឡើងពីសមិទ្ធផលនានាដែលរដ្ឋបាលខេត្តអនុវត្តបានក្នុងឆ្នាំ២០២២ ព្រមទាំងសមិទ្ធផលរបស់រដ្ឋបាលស្រុកអង្គរធំ និង ស្រុកបន្ទាយស្រីផងដែរ ។
វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នាពេលនេះ ក្រុមការងារបានទទួលនូវសំណួរ-សំណូមពរផ្ទាល់មាត់ចំនួន ១១ ដោយផ្តោតទៅលើបញ្ហាបរិស្ថាន , ព្រៃសហគមន៍ , គម្រកព្រៃឈើ , ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ , តម្លៃកសិផល (លើសត្វជ្រូក មាន់ទាក្នុងស្រុក) តម្លៃប្រើប្រាស់អគ្គិសនី , អគារសិក្សា , កង្វះ គ្រូបង្រៀន និង ករណីអាជីវកម្មបូមខ្សាច់ ម្យ៉ាងទៀតក្រុមការងារទទួលបានសំណួរ សំណូមពរជាលាយល័ក្ខអក្សរ មាន៣៣សំណួរ សំណូមពរដែលនឹងជូនដំណឹងនៅពេលក្រោយ។
ឯកឧត្តម អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្ត បានគូសបញ្ជាក់ថា វេទិកាសាធារណៈនេះ ពិតជាមានសារៈសំខាន់ណាស់ ក្នុងការជួយជំរុញដល់ដល់ការអនុវត្តមុខងាររបស់អ្នកពាក់ព័ន្ធ រួមនឹងអាជ្ញាធរមូលដ្ឋានឲ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត ស្របតាមច្បាប់លិខិតបទដ្ឋានគតិយុត្តនៅថ្នាក់មូលដ្ឋាន។ ក្នុងនោះការពិនិត្យ និងដោះស្រាយបញ្ហា សំណូរ-សំណូមពរបស់ប្រជាពលរដ្ឋ នឹងជួយជំរុញដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម សំដៅលើកកម្ពស់គុណភាពជីវិត កាត់បន្ថយភាពក្រីក្ររបស់បងប្អូនប្រជាពលរដ្ឋនៅតាមបណ្ដាក្រុង-ស្រុក នៃខេត្តសៀមរាបទាំងមូល។
ជាមួយគ្នានេះ អង្គវេទិកាក៏បានធ្វេីការផ្សព្វផ្សាយដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ដែលប្រកបមុខរបបកសិកម្មដូចជាចិញ្ចឹមមាន់ ចិញ្ចឹមសត្វផ្សេងៗត្រូវអនុញ្ញាតឲ្យប្រើប្រាស់នៅពេលយប់ (ចាប់ពីម៉ោង២១ដល់ម៉ោង៦ព្រឹក មានតម្លៃ៤៨០រៀល ក្នុង១គីឡូវ៉ាត់ម៉ោង )៕