
ឯកឧត្តម លី ធុជ បានលើកឡើងថា ក្នុងនាមជាប្រជាពលរដ្ឋម្នាក់ លោកកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះស្មារតីអង់អាចក្លាហានរបស់ក្រុមការងារអ្នកដោះមីន ក្នុងការចូលរួមបំពេញបេសកកម្មជូនរាជរដ្ឋាភិបាល ដែលបានធ្វើការលះបង់ខ្ពស់ និងប្រថុយប្រថានជីវិតបំផុតក្នុងការងារដ៏គ្រោះថ្នាក់នេះ ។ ក្នុងឱកាសនោះដែរឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានលើកឡើងអំពី ការសុំរៀនសូត្ររបស់ប្រទេសអ៊ុយក្រែន អំពីបច្ចេកទេសដោះមីនរបស់កម្ពុជា ដើមី្បធ្វើការបោសសម្អាតមីននៅក្នុងប្រទេសរបស់ខ្លួនដែលកំពុងមានសង្គ្រាមជាមួយប្រទេសរុស្ស៊ី ។ ជាមួយគ្នានោះឯកឧត្តមបានគូសបញ្ជាក់ថា ខេត្តសៀមរាប ផ្ទៃដីដែលមាន មីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម មានទំហំ ៥០គីឡូម៉ែត្រក្រឡា ក្នុងស្រុកចំនួន១០ នៃខេត្តសៀមរាប ដែលត្រូវស្វែងរកម្ចាស់ជំនួយ ដើមី្បក្រុមប្រតិបត្តិករយើង ធ្វើការបោសសម្អាត ។ ឯកឧត្តមទេសរដ្ឋមន្ត្រី លី ធុជ ក៏មានសុទិដ្ឋិនិយមថា ឆ្ពោះទៅមុខជាមួយការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល ក្នុងការលុបបំបាត់មីនឲ្យអស់ពីព្រះរាជាណាចក្រកម្ពុជានៅឆ្នាំ២០២៥ គឺទាមទារឲ្យមានការចូលរួមចំណែកទាំងអស់គ្នាទាំងធនធាន សម្ភារៈ និងស្មារតីដល់អាជ្ញាធរមីន ដើម្បីអាចសម្រេចបានគោលដៅដ៏មានសារៈសំខាន់មួយនេះ ។ ឯកឧត្តម បានបញ្ជាក់ថា កម្ពុជា នៅសេសសល់ទូទាំងប្រទេសកន្លែងដែលសង្ស័យមានគ្រាប់មីនទំហំប្រមាណ៦០០គីឡូម៉ែត្រ ក្រឡា ហើយនៅក្នុងឆ្នាំ២០២៣នេះ គ្រោងបោសសម្អាតផ្ទៃដីចម្ការមីនឲ្យបានជាង២០០ គីឡូម៉ែត្រក្រឡា ដែលនឹងធ្វើឲ្យខេត្តចំនួន១២ នឹងក្លាយជាខេត្តអស់គ្រាប់មីន និង រហូតដល់ឆ្នាំ ២០២៥ នឹងក្លាយជាប្រទេសអស់គ្រាប់មីនតាមផែនការដាក់ចេញដោយប្រមុខរាជរដ្ឋាភិបាលកម្ពុជា។
ឯកឧត្តមបានថ្លែងទៀតថា នេះជាជំហានមួយបន្ថែមទៀត ចំពោះការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីរំដោះផ្ទៃដីចម្ការមីនឲ្យ មានសុវត្ថិភាព និង ផ្ដល់ជូនបងប្អូនប្រជាពលរដ្ឋបានប្រើប្រាស់អាស្រ័យផល និង មិនឲ្យមានការព្រួយបារម្ភ នៃការបង្កគ្រោះថ្នាក់ពីកាកសំណល់ពីសម័យសង្គ្រាមទាំងនោះទៀតឡើយ។ ឯកឧត្តមក៏បានគូសបញ្ជាក់ថា ក្នុងខេត្តសៀមរាបផ្ទៃដីដែល ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានធ្វើការប្រកាស ទទួលស្គាល់ ក្រុងសៀមរាប និង ស្រុកក្រឡាញ់ នៃខេត្តសៀមរាប ជាក្រុង ស្រុកអស់មីន ចាប់ពីថ្ងៃនេះតទៅ ។
ឯកឧត្តម ទៀ សីហា ក៏បានលើកឡើងថា ដោយមានការជួយជ្រោមជ្រែងពីបណ្តារ ប្រទេសជាមិត្ត ព្រមទាំងអង្គការដៃគូរជាច្រើន មកដល់ពេលនេះ ឃើញថា គ្រាប់មីន គ្រាប់បែកចង្កោម និង សំណល់ជាតិផ្ទុះផ្សេងៗ ត្រូវបានបោសសម្អាតស្ទើទូទាំងប្រទេស ។ ដោយឡែកសម្រាប់ខេត្តសៀមរាប ក្រោមការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ចាប់ពីឆ្នាំ១៩៩២រហូតដល់ពេលបច្ចុប្បន្ន ការងារបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម របស់អង្គភាពប្រតិបត្តិករ ដែលបាន និងកំពុងធ្វើប្រតិបត្តិការក្នុងខេត្តមាន CMAC , Halo Trust និង អង្គការដោះមីនកម្ពុជា បានធ្វើការបោសសម្អាតចម្កាមីនលើផ្ទៃដីសរុប ៨៨លាន១៣០ពាន់៩៥៥ម៉ែត្រក្រឡា ស្មើនឹង៨ពាន់៨១៣ហិកតា និង រកឃើញមីនថ្មើជើង ចំនួន ២១ពាន់៤៣៩គ្រាប់ ,មីនតោន ចំនួន ៧២៧គ្រាប់ សំណល់ជាតិផ្ទុះសល់ពីសង្រ្គាមគ្រប់ប្រភេទមាន ចំនួនៈ១១៤ពាន់៤៥៨ គ្រាប់ ។ ក្នុងនោះអ្នកទទួលផលដោយផ្ទាល់ និងដោយប្រយោល សរុបចំនួន ៥៣៩ពាន់១៤៨ នាក់ ។ ក្នុងនោះយើងបានធ្វើការបោសសម្អាតបញ្ចប់ទាំងស្រុង ក្នុងក្រុងសៀមរាប និង ស្រុកក្រទ្បាញ់ ដែលនឹងត្រូវប្រកាសបញ្ចប់ពេលនេះ ។ ដោយទ្បែកសម្រាប់ផែនការឆ្នាំ២០២៣ រដ្ឋបាលខេត្ត គ្រោងនឹងស្នើសុំអនុម័តផែនការបោសសម្អាតមីន ចំនួន ១២២ទីតាំង លើផ្ទៃដី សរុបចំនួន ៩លាន៦៤ពាន់៨៤៧ ម៉ែត្រក្រឡាផងដែរ ៕