
ឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តឧត្តរមានជ័យបានឱ្យដឹងថាផ្លូវមួយខ្សែប្រវែង ៦៨គីឡូម៉ែត្រ ដែលឆ្លងកាត់ភូមិសាស្ត្រខេត្តសៀមរាប និង ខេត្តឧត្តរមានជ័យ ដែលមានគម្រោងស្ថាបនាផ្លូវ DBST ឆ្លងកាត់ភូមិអង្កាញ់ ឃុំស្វាយលើ ទៅភូមិអភិវឌ្ឍន៍ ឃុំកន្ទួត ស្រុកស្វាយលើខេត្តសៀមរាប មានប្រវែង ៤១គីឡូម៉ែត្រ និងភូមិទំនប់ថ្មី ទៅភូមិត្រពាំងប្រាសាទ ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ មានប្រវែង ២៧គីឡូម៉ែត្រ ដែលស្ថាបនាដោយក្រុមហ៊ុន លី ឈួន ត្រូវបានរាជរដ្ឋាភិបាលបានឱ្យផ្អាកមួយរយៈ និងមានការមានការរិះគន់ពីប្រព័ន្ធបណ្តាញសង្គមទៀតផង។ ផ្លូវមួយខ្សែនេះផ្តល់ អត្ថប្រយោជន៍ដល់ខេត្តទាំងពីរ ក្នុងការដឹកជញ្ជូនកសិផលរបស់ប្រជាកសិករទៅកាន់ទីផ្សារ និង ប្រើពេលវេលាខ្លីឆ្ពោះទៅកាន់ច្រកព្រំដែនទៀតផង ។ ម៉្យាងទៀតផ្លូវនេះដែរ គឺជាផ្លូវយុទ្ធសាស្ត្ររបស់កងទ័ព និង ជួយសម្រួលនូវភាពងាយស្រួលរបស់ប្រជាពលរដ្ឋក្នុងភូមិសាស្ត្រនៃខេត្តទាំងពីរ។
ឆ្លងតាមកិច្ចពិភាក្សា នៃអង្គប្រជុំក៏បានផ្តោតសំខាន់ទៅលើបច្ចេកទេសក្នុងការស្ថាបនាផ្លូវ និងថវិកា ក្នុងនោះ តំណាំងក្រុមហ៊ុន លី ឈួន ក៏បានលើកផងដែរថា ក្រោយពីការទូទាត់នូវថ្លៃសំណងដល់ក្រុមហ៊ុនរួចរាល់ បើក្រសួងឱ្យក្រុមហ៊ុនបន្តធ្វើ ក្រុមហ៊ុននឹងធ្វើបន្តផងដែរ។ ទន្ទឹមនឹងនេះដែរតំណាងក្រសួងសាធារណការ ក៏បានបញ្ជាក់ថា គម្រោងផ្លូវមួយខ្សែនេះ គឺត្រូវបានប្រគល់ឱ្យកងវិស្វកម្មកងទ័ព ស្ថាបនាបន្ត នៅក្នុងភូមិសាស្ត្រខេត្តសៀមរាប ប្រវែង៤១ គីឡូម៉ែត្រ និង ប្រវែង ២៧គីឡូម៉ែត្រ ក្នុងភូមិសាស្ត្រខេត្តឧត្តរមានជ័យ ត្រូវបានប្រគល់ឱ្យមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តឧត្តរមានជ័យជាអ្នកស្ថាបនា ក្នុងគម្រោងផែនការ ៣ឆ្នាំរំកិលរបស់ក្រសួង ដែលនឹងធើ្វឱ្យរួចរាល់នៅឆ្នាំ២០២៤ ហើយគម្រោងផ្លូវនេះមិនបានប្រគល់ឲ្យក្រុមហ៊ុន លី ឈួន ធ្វើបន្តទៀតឡើយ ។ តាមការបញ្ជាក់របស់តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានឱ្យដឹងថា ក្រសួងបានផ្តល់ថវិកាចំនួន ២លានដុល្លា សម្រាប់ធ្វើការសម្រួលផ្លូវឡើងវិញក្នុងភូមិសាស្ត្រខេត្តទាំងពីរ និង ធ្វើសំណង់សិល្បៈការ្យ ក្នុងភូមិសាស្ត្រខេត្តសៀមរាប និង ធ្វើស្ពាន ៣០កន្លែងក្នុងភូមិសាស្ត្រស្រុកត្រពាំងប្រាសាទ ។
នាឱកាសនេះដែរ ឯកឧត្តម ទៀ សីហា ក៏បានលើកឡើងថា សក្តានុពលរបស់ខេត្ត មានវិស័យកសិកម្ម វិស័យទេសចរណ៍ ដែលជាវិស័យសេដ្ឋកិច្ចមួយមិនចេះរីងស្ងួនរបស់កម្ពុជា ដោយកត្តានេះហើយ ទោះបីប្រទេសកម្ពុជាបានជួបនូវវិបត្តិជំងឺកូវីដ-១៩ ប្រមុខរាជរដ្ឋាភិបាលបានផ្តល់ថវិកា ក្នុងការស្ថាបនាផ្លូវ៣៨ខ្សែ ក្នុងក្រុងសៀមរាប និងកែលម្អរដងស្ទឹងប្រវត្តិសាស្ត្រសៀមរាប ក្នុងគោលដៅលើកម្ពស់វិស័យទេសចរណ៍ឱ្យកាន់តែមានភាពប្រសើរឡើងវិញ។ ទាំងនេះក៏សរបញ្ជាក់ថា ប្រមុខរាជរដ្ឋាភិបាលបានវិនិយោគក្នុងស្ថាបនាផ្លូវថ្នល់នេះ គឺដើមី្បសេដ្ឋកិច្ចប្រទេសជាតិ និងប្រជាពលរដ្ឋ។
ក្នុងនោះឯកឧត្តម ទៀ សីហា និង ឯកឧត្តម ប៉ែន កុសល្យ បានធ្វើការថ្លែងអំណរគុណដល់ក្រសួងដែលតែងគាំទ្ររាល់ការចំណាយ លើកិច្ចអភិវឌ្ឍន៍លើហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត នៅទូទាំងប្រទេស។ ក្នុងនោះឯកឧត្តមទាំងពីរ ក៏បានជំរុញឱ្យក្រុមហ៊ុន លី ឈួន ធ្វើការពន្លឿន ការរៀបចំធ្វើឯកសារ ដើមី្បធ្វើការទូទាត់រាល់សំណង ក្នុងរយៈពេលស្ថាបនាផ្លូវមួយខ្សែនេះ ព្រមទាំងបានបញ្ជាក់ផងដែរថា ផ្លូវមួយខ្សែនេះ ជាគម្រោងផែនការ ៣ឆ្នាំរំកិលរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ព្រមទាំងបានធ្វើការប្រគល់ឱ្យកងវិស្វកម្មកងទ័ព និង មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តឧត្តរមានជ័យ ធ្វើការស្ថាបនា ហើយផ្លូវមួយនេះជាផ្លូវយុទ្ធសាស្ត្ររបស់កងទ័ពទៀតផង ។ ម៉្យាងទៀត ក្រសួងជំនាញក៏ត្រូវរៀបចំបង្កើតក្រុមការងារ ក្នុងការត្រួតពិនិត្យ លើការងារនេះ ព្រមទាំងត្រូវអនុវត្តទៅតាមលិខិតរបស់ក្រសួងេសដ្ឋកិច្ច និងហិរញ្ញវត្ថុ និង ក្រសួងសាធារណការ និង ដឹកជញ្ជូនឱ្យទទួលបានលទ្ធផលល្អទៀតផង ៕