
ពិធីបើកកិច្ចប្រជុំប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងជាប្រធានសមាគមជាតិក្រុមប្រឹក្សារាជធានី ខេត្ត, និងឯកឧត្តម យឹម សុខុម អនុប្រធានអចិន្រ្តៃយ៍សមាគមជាតិ, ឯកឧត្តម ម៉ៅ ភិរុណ អនុប្រធានសមាគមជាតិ, ឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្តមណ្ឌលគិរី និង ឯកឧត្តម ថង សាវុន អភិបាលខេត្តមណ្ឌលគីរី។
នៅក្នុងសុន្ទរកថាបើកកិច្ចប្រជុំ ឯកឧត្តម ម៉ប់ សារិន បានគូសបញ្ជាក់ថា គិតត្រឹមឆ្នាំ២០២៣ នេះ សមាគមជាតិក្រុមប្រឹក្សារាជធានី ខេត្ត មានអាយុកាលជិត ១០ឆ្នាំហើយ សមាគមនឹងបន្តចូលរួមចំណែកក្នុងដំណើរការកែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនៅកម្ពុជា តាមរយៈកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិដំណាក់កាលទី២ (២០២១-២០៣០) ជាពិសេសផែនការអនុវត្តប្រាំឆ្នាំដំណាក់កាលទី១ (២០២១-២០២៥)។
ក្រៅពីពិនិត្យសមិទ្ធផលការងារឆ្នាំ២០២២ និងអនុម័តផែនការសកម្មភាព និងថវិកាឆ្នាំ២០២៣, ក្រុមប្រឹក្សាជាតិនៃសមាគមជាតិក្រុមប្រឹក្សារាជធានី ខេត្ត បានបំពេញបន្ថែមសមាសភាពនៅក្នុងរចនាសម្ព័ន្ធសមាគម ក្នុងនោះបានជ្រើសរើសតាំង ឯកឧត្តម អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប ជាអនុប្រធានសមាគម និងជាប្រធានគម្រងទី៤ (ខេត្តសៀមរាប កំពង់ធំ ស្ទឹងត្រែង ព្រះវិហារ និងឧត្តរមានជ័យ)ជំនួស ឯកឧត្តម ឡុង សុវណ្ណ ដែលត្រូវបានតែងតាំងភារកិច្ចថ្មី។
ពិធីបិទកិច្ចប្រជុំប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ងី ច័ន្រ្ទផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងការអនុវត្តផែនការយុទ្ធសាស្រ្តគណនេយ្យភាពសង្គមនៅថ្នាក់ជាតិ។ ឯកឧត្តម ងី ច័ន្រ្ទផល បានថ្លែងថា ក្រសួងមហាផ្ទៃ សូមអបអរសាទរចំពោះសមិទ្ធផលការងារដែលសមាគមជាតិសម្រេចបានក្នុងឆ្នាំ២០២២ និងគាំទ្រផែនការសកម្មភាពត្រូវអនុវត្តបន្តក្នុងឆ្នាំ២០២៣ ក្នុងការអភិវឌ្ឍសមត្ថភាពក្រុមប្រឹក្សារាជធានី ខេត្ត ដែលជាតំណាងផលប្រយោជន៍សាធារណៈក្នុងដែនសមត្ថកិច្ចនីមួយៗ។
សមាគមជាតិក្រុមប្រឹក្សារាជធានី ខេត្ត ត្រូវបានបង្កើតឡើងនៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៣ ក្នុងគោលបំណងលើកកម្ពស់ឋានៈ និងអភិវឌ្ឍសមត្ថភាពដល់ក្រុមប្រឹក្សារាជធានី ខេត្ត, ការពារផលប្រយោជន៍ និងគុណប្រយោជន៍ស្របច្បាប់របស់សមាជិក,សមាជិកា និងកសាងភាពជាដៃគូជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ ដើម្បីអភិវឌ្ឍមូលដ្ឋាន ពង្រឹងនីតិរដ្ឋ និងជំរុញលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។ កិច្ចប្រជុំនេះត្រូវបានរៀបចំនៅសណ្ឋាគារមណ្ឌលគីរី ខេត្តមណ្ឌលគីរី។
+6