
ការរៀបចំប្រកួតពានរង្វាន់បាល់ទាត់ ២៩ ធ្នូ ក្រុងសៀមរាប ឆ្នាំ២០២២នេះឡើង ដេីម្បីរំលឹកដល់គុណនៃទិវានយោបាយឈ្នះ ឈ្នះ ថ្ងៃទី២៩ ធ្នូ ក្រោមពាក្យស្លោក អរគុណសន្តិភាព ! អរគុណនយោបាយឈ្នះ ឈ្នះ ! ដឹងគុណស្ថាបនិកមគ្គុទ្ទេសក៍ឯក និងប្រតិបត្តិករនយោបាយឈ្នះ ឈ្នះ ដែលនាំមកនូវសន្តិភាព និង ការឯកភាពជាតិពេញលេញ និង ចលនាយុវជនឲ្យគិតគូរអំពីសុខភាព មិត្តភាព ការផ្សារភ្ជាប់ទំនាក់ទំនងល្អយុវជននៅក្នុងសង្កាត់ នៃក្រុងសៀមរាប និងជំរុញយុវជនឱ្យចូលរួមលេងកីឡា ជៀសផុតពីអំពើអបាយមុខ សំខាន់ គឺបំផុសសកម្មភាពបាល់ទាត់នៅក្នុងខេត្តសៀមរាប ដែលជាផ្នែកមួយនៃការអភិវឌ្ឍន៍វិស័យកីឡាបាល់ទាត់នៅកម្ពុជា ដែលជាចលនាមួយទាក់ទាញដល់ភ្ញៀវទេសចរណ៍ទៀតផង។ ឆ្លងតាមលទ្ធផលនៃការប្រកួតនេះ យើបានរកឃើញក្រុមទទួលបានជ័យលាភីលេខ១ បានទៅលើក្រុមបាល់ទាត់សង្កាត់ស្វាយដង្គំជ័យលាភីលេខ២ បានទៅក្រុមសង្កាត់ស្រង៉ែ និង ជ័យលាភីលេខ៣ បានទៅក្រុម សង្កាត់ក្របីរៀល និង ជ័យលាភីលេខ៤ បានទៅក្រុមសង្កាត់នគរធំ។
ឯកឧត្តម ទៀសីហា បានគូសបញ្ជាក់ថាវិស័យកីឡា គឺជាចលករមួយដ៏សំខាន់ក្នុងវិស័យទេសចរណ៍ ក៏ជាសម្ព័ន្ធភាពមួយដ៏សំខាន់ ក្នុងការទំនាក់ទំនងប្រាស្រ័យទាក់ទងគ្នា និង ធ្វើឱ្យកាយសម្បទាយើងមានភាពរឹងមាំ សុខភាពមាំមួនទៀតផង។ ឯកឧត្តមបានបន្តថា នេះជាលើកទី១ហើយ ដែលក្រុមសហភាពសហព័ន្ធយុវជនក្រុងសៀមរាប បានរៀបចំការប្រកួតពានរង្វាន់បាល់ទាត់ ២៩ ធ្នូ ក្នុងការរំលឹកដល់គុណនៃទិវានយោបាយឈ្នះ ឈ្នះ ថ្ងៃទី២៩ ធ្នូ ក្រោមពាក្យស្លោក អរគុណសន្តិភាព ! អរគុណនយោបាយឈ្នះ ឈ្នះ ! ដឹងគុណស្ថាបនិកមគ្គុទ្ទេសក៍ឯក និងប្រតិបត្តិករនយោបាយឈ្នះ ឈ្នះ ដែលនាំមកនូវសន្តិភាព និងការឯកភាពជាតិពេញលេញ។
ឯកឧត្តមអភិបាលខេត្ត បានអរគុណសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានផ្តល់វ៉ាក់សាំងចាក់ស្រោចជូនដល់ប្រជាពលរដ្ឋកម្ពុជាទើបធ្វើឱ្យយើងបង្កើតព្រឹត្តិការណ៍ នៃការប្រកួតកីឡាបានដំណើរការទៅដោយសុវត្ថិភាព ទោះបីស្ថិតនៅក្នុងវិបត្តិកូវីដ-១៩ យ៉ាងណាដ៏ដោយ។ ម៉្យាងទៀតការប្រកួតកីឡានេះ គឺធ្វើឱ្យយុវជន សិស្សានុសិស្ស និង មហាជនយើងបង្កើនសាមគ្គីភាព នឹងមានទំនាក់ទំនងល្អរវាងសង្កាត់និងសង្កាត់ ឃុំ និងឃុំ ស្រុកនិងស្រុក ខេត្តនិងខេត្ត ដើម្បីពង្រឹងការយកចិត្តទុកដាក់លើវិស័យអប់រំកាយនិងកីឡា នៅតាមសាលារៀនទូទាំងខេត្ត ក៏ជាការចូលរួមលុបបំបាត់ការប្រើប្រាស់គ្រឿងញៀន នៅក្នុងសាលារៀន សហគមន៏ និងនៅទីសាធារណៈជាដើម។ ឯកឧត្តម បានបន្តទៀតថា អ្វីជាសំខាន់ជាងនេះទៅទៀតនោះ គឺភូមិឃុំមានសុវត្ថិភាពចង់ឱ្យប្អូនៗទាំងអស់ឆ្លើយថាទេចំពោះគ្រឿងញៀន មិនមែនយើងលេងកីឡាតែមួយមុខប៉ុណ្ណោះទេ គឺយុវជនយើងដែលជាមូលដ្ឋានគ្រឹះនៃធនធានមនុស្ស ក្នុងកិច្ចអភិវឌ្ឍន៍មូលដ្ឋានខ្លួន។ ដោយឡែកក្រុមកីឡាករទាំងអស់និងត្រូវជម្រើសបានកីឡាករល្អៗជាបន្តបន្ទាប់ ហើយចាប់ពីឆ្នាំនេះទៅ ក្រុមកីឡាករក៏ត្រូវត្រៀមលក្ខណៈ ក្នុងការចូលរួមសាទរកីឡាស៊ីហ្គេមនៅពេលខាងមុខ ដែលកម្ពុជាយើងធ្វើជាម្ចាស់ផ្ទះ នឹងអាចអភិវឌ្ឍសមត្ថភាពរបស់ខ្លួន បង្កើតជាក្តីសុបិនសម្រាប់អនាគត ដោយព្រឹត្តិការណ៍ឆ្នាំនេះ ក្លឹបបាល់ទាត់ទាំង១២សង្កាត់នឹងស្រង់យកជើងខ្លាំងប្រចាំក្រុងសៀមរាបធ្វើការបណ្តុះបណ្តាលជាកីឡាករអាជីព។
ឯកឧត្តមក៏បានបញ្ជាក់ថា កាប្រកួតពានរង្វាន់នេះ យើងនឹងបន្តធ្វើជារៀងរាល់ឆ្នាំទៅតាមរូបភាព នៃពានរង្វាន់ ដោយមានការចូលរួមប្រកួតពីគ្រប់វិទ្យាល័យ អនុវិទ្យាល័យ ក្រុង ស្រុក និងមហាជន ឃុំ សង្កាត់ ក្នុងការជំរុញឱ្យវិស័យកីឡានៅខេត្តសៀមរាប មានការអភិវឌ្ឍន៍ ពីព្រោះថា កីឡាធ្វើឲ្យរាងកាយ សុខភាពរឹងមាំ។ ឯកឧត្តមក៏បានធ្វើការផ្តាំផ្ញើដល់ក្រុមកីឡាកទាំងអ្នកទទួលជ័យលាភី និងមិនទទួល បានជ័យលាភី ត្រូវបង្កើនការហ្វឹកហាត់បន្តទៀត ហើយការប្រកួតពេលនេះ ក៏ជាការដកស្រងបទពិសោធន៍បច្ចេកទេសពីគ្នាទៅវិញទៅមក និងកុំមោទនភាពចំពោះជ័យជន្នះរបស់ខ្លួន គឺត្រូវបង្កើនការហ្វឹកហាត់បន្តទៀត ដើមី្បរក្សាឱ្យបាននូវភាពជោគជ័យរបស់នៅពេលក្រោយៗទៀត៕