
ជាការពិតណាស់ ក្នុងពេលដែលវិស័យសេដ្ឋកិច្ច និងទេសចរណ៍មានការរីកចម្រើនយ៉ាងគំហុក ការគ្រប់គ្រងសំរាម និងសំណល់រឹងនៅតាមទីប្រជុំ ជន និងទីជនបទ គឺជាបញ្ហាប្រឈមដ៏សំខាន់មួយដល់បរិស្ថាន។ ជាមួយនោះនៅមានបញ្ហាប្រឈមសំខាន់ៗដ៏ទៃទៀត ដូចជាបញ្ហាអនាម័យ បញ្ហាគុណភាពទឹក និងខ្យល់បរិយាកាស។ ក្នុងក្របខណ្ឌនៃការអនុវត្តគោលនយោបាយ របស់រាជរដ្ឋាភិបាល ការគ្រប់គ្រងសំរាម និងសំណល់រឹង គឺជាកិច្ចការចាំបាច់មួយក្នុងចំណោមការងារផ្សេងទៀត ដែលតម្រូវឱ្យមានការពិនិត្យកែលម្អឡើងវិញអំពីតួនាទី និងការទទួលខុសត្រូវរបស់រដ្ឋបាលនីមួយៗ ពាក់ព័ន្ធនឹងការគ្រប់គ្រងសំរាម និងសំណល់រឹង។ ការងារគ្រប់គ្រងសំរាម និងសំណល់រឹង បានក្លាយជាកិច្ចការអាទិភាពសម្រាប់រដ្ឋបាលថ្នាក់ក្រោម ជាតិ ដែលត្រូវយកចិត្តទុកដាក់ខ្ពស់បំផុត ក្នុងការលើកកម្ពស់សោភ័ណភាព សណ្តាប់ធ្នាប់សាធារណៈ សុខុមាលភាពសង្គម និងគុណភាព បរិស្ថាននៅតាមបណ្តាទីប្រជុំជន និងទីជនបទ។
អង្គសិក្ខាសាលាក៏បានលើកឡើងផងដែរពីផែនការគម្រោង ដែលទទួលបានកិច្ចសហប្រតិបត្តិការល្អពីក្រសួងបរិស្ថាន និងភ្នាក់ងារប្រតិបត្តការអាល្លឺម៉ង (GIZ) ដែលគម្រោងនេះអនុវត្តនៅក្នុងប្រទេសគោលដៅចំនួន៤នៅបណ្តាប្រទេសអាស៊ានរួមមាន កម្ពុជា ឡាវ វៀតណាម ថៃ ក្នុងរយៈពេល៤ឆ្នាំ ក្រោមថវិការគម្រោង 6,000,000.00 EUR ដែលក្នុងនោះមានគម្រោងចម្បងរួមមាន
- សម្រាលសម្ពាធលើប្រព័ន្ធសាធារណៈដែលមានស្រាប់
- កាត់បន្ថយផលប៉ះពាល់/បន្ទុកទៅលើបរិស្ថាន
- ដាក់បញ្ចូលការគ្រប់គ្រងសំណល់នៅក្នុងច្បាប់ និងយុទ្ធសាស្រ្តជាតិ
- ធានាបាននូវភាពទាក់ទាញនៃវិស័យទេសចរណ៍ដែលមានសាៈសំខាន់ខាងសេដ្ឋកិច្ច
ក្នុងនាមរដ្ឋបាលខេត្តសៀមរាប យើងបានធ្វើការគិតគូរ និងយកចិត្តទុកដាក់ខ្ពស់ផងដែរ ដើម្បីសោភ័ណភាព អនាម័យ ឱ្យសក្តិសមជាទីក្រុងទេសចរណ៍ដ៏ល្បីល្បាញរបស់ពិភពលោក។ ដោយខេមានវិធានការ និងគោលការណ៍នានាជាច្រើន ដូចជា ពង្រឹងការផ្សព្វផ្សាយច្បាប់ពាក់ព័ន្ធទៅនឹងបរិស្ថាន សំណល់រឹង រាវ ឧស្ម័នដល់គ្រប់អ្នកពាក់ព័ន្ធ អាជីវកម្មដ្ឋាន សេវាកម្មដ្ឋាន ប្រជាពលរដ្ឋ និស្សិត សិស្សានុសិស្ស ព្រមទាំងជម្រុញឱ្យមានយុទ្ធនាការប្រមូលសំរាម សម្អាតអនាម័យ តាមទីសាធារណៈនានាក្នុងខេត្ត ក្រៅពីពង្រឹងយន្តការប្រមូលសំរាមរបស់ក្រុមហ៊ុនក្នុងខេត្តដែលមានស្រាប់។ ម្យ៉ាងវិញទៀតយើងខិតខំរៀបចំ កែលម្អសោភ័ណភាពក្រុង តាមរយៈការដាំកូនឈើ រៀបការ៉ូឡា ដាំស្មៅ ដាំផ្កា ភ្លើងបំភ្លឺសាធារណៈក្នុងក្រុង ប្រព័ន្ធចំរោះ ទឹកកខ្វក់។ល។ ទន្ទឹមនឹងនោះផងដែរ រដ្ឋបាលខេត្តក៏បានចាត់វិធានការយ៉ាងម៉ឺងម៉ាត់ ចំពោះអ្នករំលោភបំពានតំបន់ការពារធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្ត រួមមាន៖ ដែនជម្រកសត្វព្រៃបឹងពែរ ដែនជម្រកសត្ងព្រៃ «ភ្នំត្នោត-ភ្នំពក» ដែនជម្រកសត្វព្រៃគូលែន ព្រហ្មទេពឧទ្យានជាតិព្រះជ័យវរ្ម័ននរោត្តម «ភ្នំគូលែន» តំបន់ការពារទេសភាពអង្គរ តំបន់ការពារ ទេសភាពទំនាបខាងជើងបឹងទន្លេសាប និងតំបន់ប្រើប្រាស់ច្រើនយ៉ាងបឹងទន្លេសាប ដើម្បីធ្វើការការពារ និងការអភិរក្សធនធានធម្មជាតិ។
ជាចុងក្រោយ ក្នុងមានរដ្ឋបាលខេត្ត មន្ទីរបរិស្ថាន មន្ទីរទេសចរ និងអង្គការដៃគូអភិវឌ្ឍន៍ ប្រកាសយ៉ាងមុតមាំថានឹងគាំទ្រពេញទំហឹងធ្វើយ៉ាងណាអោយគម្រោងនេះអនុវត្តដោយមានប្រសិទ្ធិភាពខ្ពស់ ដើម្បីបរិស្ថានស្អាតលើកកំពស់ភ្ញៀវទេសចរ និងបង្កើនសេដ្ឋក្នុងខេត្តសៀមរាប។