
ថ្លែងក្នុងឱកាសនេះដែរ ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា បានមានប្រសាសន៍ថា ព្រឹត្តិការណ៍នេះ រៀបចំឡើង ក្រោមកិច្ចសហការ រវាងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងក្រុមហ៊ុន Phoenix Voyage ដោយចាប់ផ្ដើមកម្មវិធីរត់ នៅម៉ោង ៤ ភ្លឺ ក្នុងថ្ងៃទី ០៤ ខែកុម្ភៈ ឆ្នាំ២០២៣ខាងមុខនេះ ដោយក្នុងនោះមានកីឡាករ កីឡាការនីចូលរួម ចំនួនប្រមាណជាង៩០០នាក់មកពី ៣៩ប្រទេសលើពភពលោក ដែលបែងចែកចេញជា ៦វិញ្ញាសារ ដោយក្នុងនោះមានវិញ្ញាសារត់ចម្ងាយចំនួន ១០០គីឡូម៉ែត្រ ចម្ងាយ ៦៤គីឡូម៉ែត្រ ៤២គីឡូម៉ែត្រ ៣២គីឡូម៉ែត្រ ១៦គីឡូម៉ែត្រ និង៨គីឡូម៉ែត្រ ដែលត្រូវចេញដំណើរ ជាបន្ដបន្ទាប់ ហើយកីឡាករ កីឡាការិនីម្នាក់ៗ អាចចំណាយពេលវេលា ដើម្បីរត់កាត់វាលស្រែ ផ្លូវលំ ផ្លូវព្រៃជុំវិញតំបន់អង្គរ ដោយគ្មានការឈប់សម្រាកឡើយ។ ឯកឧត្តម វ៉ាត់ ចំរើន បានបន្ថែមថាការរៀបចំព្រឹត្តិការណ៍ រត់ចម្ងាយឆ្ងាយ លើកទី៦លើទឹកដីអង្គរនេះ គឺជាកីឡាបែបទេសចរណ៍ ដោយផ្ដោតលើគោលបំណងសំខាន់ គឺផ្សព្វផ្សាយឲ្យ បណ្ដាប្រទេស លើពិភពលោក ពិសេសភ្ញៀវទេសចរ ជិត ៤០ប្រទេស ដែលបានមកចូលរួម និងបានដឹងពីស្ថេរភាព សន្ដិភាព និងការអភិវឌ្ឍលើគ្រប់វិស័យ ក្នុងប្រទេសកម្ពុជា ក៏ដូចជាផ្សព្វផ្សាយ និងចូលរួមថែរក្សា គោលដៅទេសចរណ៍ ប្រវត្ដិសាស្ដ្ររបស់កម្ពុជា គឺតំបន់អង្គរ ខេត្តសៀមរាប។ហើយក៍ជាចូលរួមចំណែក ក្នុងការស្វែងរកមូលនិធិ សម្រាប់ជួយដល់ការងារមនុស្សធម៌តាមអង្គការ និងមន្ទីរពេទ្យមួយចំនួន ព្រមទាំងមានការទាក់ទាញភ្ញៀវទេសចរ ឱ្យកាន់តែច្រើនផងដែរ។
ក្នុងនាមអាជ្ញាធរខេត្តសៀមរាប លោក យុន លីណេ អភិបាលរងខេត្តសៀមរាប បានមានប្រសាសន៍ថា នែនាំ ដល់រដ្ឋបាលក្រុង-ស្រុកដែលមានភូមិសាស្រ្តជាប់ពាក់ព័ន្ធ រួមទាំងកងកម្លាំងទាំង៣ប្រភេទ និងមន្ទីរអង្គភាព ត្រូវរួមសហការចាត់ចែងរៀបចំផែនការការពារសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈ តាមគោលដៅដែលគីឡាករ កីឡាការនីទាំងអស់ ដែលបានចូលរួមក្នុងព្រឹត្តិការណ៍នោះផងដែរ។ ម៉្យាងទៀតសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ ត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការរៀបចំ ដើម្បីរក្សាបាននូវសណ្តាប់ធ្នាប់ របៀបរៀបរយ និងសុវត្ថិភាព សេចក្តីថ្លៃថ្នូរ ចៀសវាងនូវបញ្ហាកើតឡើងជាយថាហេតុ ។ ត្រូវជំរុញឱ្យប្រជាពលរដ្ឋនិងអ្នកចូលរួមព្រឹត្តិការណ៍ទាំងអស់ត្រូវរក្សាអនាម័យ បរិស្ថាន និងសូមនែនាំដល់ ប្រជាពលរដ្ឋខ្មែរ នៅតំបន់អង្គរនិងតំបន់ដែលកីឡាករ កីឡាការនី ឆ្លងកាត់ ត្រូវចូលរួមអបអរសាទរ ការរត់របស់កីឡាករ កីឡាការិនីជាតិ និងអន្ដរជាតិ ដើម្បីជំរុញព្រឹត្តិការណ៍មួយនេះ ឲ្យកាន់តែទទួលបាន ជោគជ័យទៀតផងដែរ ៕