
សម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា សិស្សនិទ្ទេស A បានបង្កើតឱកាស និងកសាងកិត្តិយសជូនគ្រួសារប្រកបដោយមោទនភាព ដែលធ្វើឲ្យលោកគ្រូអ្នកគ្រូ អាណាព្យាបាលឪពុកម្ដាយសប្បាយចិត្តគ្រប់ៗគ្នា។ សម្តេចតេជោ ក៏បានអំណរគុណដល់អាណាព្យាបាល អាជ្ញាធរ លោកគ្រូ អ្នកគ្រូ ដែលបានរួមគ្នាជ្រោមជ្រែងការសិក្សារបស់សិស្សនាពេលកន្លងមក។ សម្តេចតេជោ ហ៊ុន សែន បានណែនាំឱ្យសិស្សនិទ្ទេស A ទាំងអស់ត្រូវបន្តប្រឹងប្រែងរៀនសូត្របន្ថែមទៀត ពីព្រោះចំណេះដឹងរៀនមិនចេះចប់នោះទេ។
សម្តេចតេជោបានមានប្រសាសន៍រំលឹកទៀថា កត្តាសន្តិភាពមិនអាចមើលរំលងបាននោះទេ មានសន្តិភាពទើបមានឱកាសសម្រាប់ការអប់រំដូចពេលបច្ចុប្បន្ន ដូច្នេះទោះជាតម្លៃណាក៏ដោយត្រូវតែចូលរួមរក្សាសន្តិភាពទាំងអស់គ្នា។
សម្តេចបានប្រគល់រង្វាន់លើកទឹកចិត្តសម្រាប់សិស្សនិទ្ទេសAទាំងអស់ក្នុងម្នាក់ៗទទួលបានដូចជា៖ ថវិកា ២លានរៀល, iPad (ជាការឧបត្ថម្ភរបស់ក្រុមហ៊ុនជីពម៉ុង), សៀវភៅអប់រំទូន្មាន ២ក្បាល (សៀវភៅ ភិរម្យ អ៊ូ (ក្រម ង៉ុយ) និងបណ្ឌិត អ៊ូ ចុង) ព្រមទាំងប្រាក់កាក់ស្លឹងខ្មែរ (បោះពុម្ពឆ្នាំ ១៥១៤ ដែលបានស្រាវជ្រាវយក ពីប្រទេសហូឡង់មកវិញ) ចំនួន១។ ចំណែកលោកគ្រូ អ្នកគ្រូដែលអញ្ជើញមកចូលរួមជាង២០០នាក់ ក្នុងម្នាក់ៗទទួលបានថវិកា១លាន សៀវភៅអប់រំ២ក្បាល និងផ្ដល់ជូនសាលារៀនដែលសិស្សបាននិទ្ទេសAទាំងអស់ជាង៣០០សាលា ក្នុង១សាលាទទួលបានថវិកា៣លានរៀល៕