
ឯកឧត្តម ស សុខា រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា បានបានកោតសរសើរដល់ថ្នាក់ដឹកនាំ សាកលវិទ្យាល័យសៅស៍អ៉ីសថ៍អេយសៀ ដែលបានប្រឹងប្រែងជម្នះការលំបាកជាមួយនឹងជំងឺកូវីដ-១៩ ដើម្បីធានាបានការសិក្សាអប់រំប្រកបដោយភាពជោគជ័យ។ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានថ្លែងអំណរគុណដល់គ្រឹះស្ថានអប់រំទាំងអស់ ដែលបានចូលរួមជាមួយរាជរដ្ឋាភិបាល ប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីដ-១៩ ។ ឯកឧត្តមក៏បានមានប្រសាសន៍ពីការវិវឌ្ឍន៍ដ៏ល្អក្នុងវិស័យអប់រំ ដោយបានគូសបញ្ជាក់ថា ការវិវឌ្ឍន៍ដ៏ល្អនេះ ដោយសារតែកម្ពុជាមានសុខសន្តិភាព បើគ្មានសន្តិភាព កុំនិយាយដល់ការអភិវឌ្ឍន៍ ហើយបើគ្មានធធាននុស្ស ក៏គ្មានការអភិវឌ្ឍន៍ដែរ ។ ឯកឧត្តម ស សុខា ក៏បានបញ្ជាក់ថា ដោយសារប្រទេស កម្ពុជា មានការអភិវឌ្ឍរីកចម្រើន លើវិស័យអប់រំ ជាពិសេសការធ្វើកំណែទម្រង់នៅប៉ុន្មានឆ្នាំចុងក្រោយនេះ បានធ្វើឲ្យអន្តរជាតិមានការទទួលស្គាល់ពីគុណភាពនៃការអប់រំនៅកម្ពុជា ។ ឯកឧត្តម ស សុខា បានបន្តថា ការចូលរួមរបស់វិស័យឯកជន ក្នុងបណ្តុះបណ្តាលធនធានមនុស្សជាមួយរដ្ឋាភិបាល គឺជាកត្តាមួយដែលមិនអាចខ្វះបាន ដើម្បីធ្វើឲ្យវិស័យអប់រំមានការរីកចម្រើន ហើយនៅប្រទេសណាក៏គេធ្វើបែបនេះដែរ ។ ការបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្ររង បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ ប្រកបដោយជោគជ័យរបស់និស្សិតជ័យលាភីនៃសាកលវិទ្យាល័យសៅស៍អ៊ីសថ៍អេយសៀខេត្តសៀមរាបនៅពេលនេះ បានសបញ្ជាក់យ៉ាងច្បាស់ថា សាកលវិទ្យាល័យ សម្រេចបាននូវស្នាដៃដ៏ធំធេង ក្នុងការចូលរួមកសាងធនធានមនុស្សប្រកបដោយគុណភាព ដែលមានសមត្ថភាពពេញលេញ ដើម្បីបំពេញឲ្យតម្រូវការចាំបាច់របស់ទីផ្សារការងារ និងប្រទេសជាតិ សំដៅរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន ស្របតាមផែនការយុទ្ធសាស្ត្ររបស់ក្រសួងអប់រំ យុវជន និងកីឡា និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤របស់រាជរដ្ឋាភិបាលកម្ពុជា ។
លោក សៀន សុវណ្ណា សាកលវិទ្យាធិការនៃសាកលវិទ្យាល័យសៅស៍អ៉ីសថ៍អេយសៀ បានលើកឡើងថា ដោយមានការលើកទឹកចិត្តពីរាជរដ្ឋាភិបាលកម្ពុជា បានអនុញ្ញាតឲ្យវិស័យអប់រំឯកជនចូលរួមអភិវឌ្ឍន៍ធនធានមនុស្ស ចាប់ពីកម្រិតមតេយ្យសិក្សាដល់ ឧត្តមសិក្សា ដើម្បីរួមចំណែកអភិវឌ្ឍន៍ប្រទេសជាតិ ក៏ដូចជាដើម្បីធានាគុណ ឆ្លើយតបទៅនឹង ផែនការយុទ្ធសាស្រ្តរបស់ក្រសួងអប់រំយុវជន និងកីឡាយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤របស់រាជរដ្ឋាភិបាលកម្ពុជា ព្រមធ្វើសមាហរណកម្មសេដ្ឋកិច្ចអាស៊ានផងនោះ សាកលវិទ្យាល័យ សៅស៍អ៉ីសថ៍អេយសៀ បានកំណត់នូវចក្ខុវិស័យ និងបេសកកម្មយ៉ាងច្បាស់លាស់ ព្រមទាំងបានបង្កើតផែនការយុទ្ធសាស្ត្រឆ្នាំ២០១៥-២០១៩ និង ផែនការយុទ្ធសាស្ត្រឆ្នាំ២០២០-២០២៥ ដើម្បីអភិវឌ្ឍន៍ធនធានមនុស្សប្រកបដោយសមត្ថភាព និងមានឥរិយាបថល្អឆ្លើយតបទៅនឹងទីផ្សារការងារជាតិនិងអន្តរជាតិ ដើម្បីឲ្យពួកគេ អាចធ្វើការងារ ព្រមទាំងរស់នៅក្នុងយុគសម័យសាកលភាវូបនីយកម្មនិងសង្គមពុទ្ធិ ។ លោកបន្តថា ការអនុវត្តផែនការយុទ្ធសាស្រ្តរបស់សាកលវិទ្យាល័យ បាននាំឲ្យសាកលវិទ្យាល័យសៅស៍អ៉ីសថ៍អេយសៀ ប្រែក្លាយទៅជាសាកលវិទ្យាល័យដែលមាន កេរ្តិ៍ឈ្មោះល្បីល្បាញនៅក្នុងព្រះរាជាណាចក្រកម្ពុជា និងមានការទទួលស្គាល់ និងគាំទ្រពីអ្នកសិក្សា និងស្ថាប័នពាក់ព័ន្ធជាតិ និងអន្តរជាតិ ព្រមទាំងទទួលបានធនធានមនុស្ស ប្រកបដោយគុណភាពផងដែរ ៕
+30